ល្បែងលាក់កន្សែង
ល្បែងលាក់កន្សែង ជាល្បែងមួយយ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសំរាប់ជាទី កំសាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្ដងៗ ។
មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅ ឲ្យអង្គុយច្រហោងដំកង់ជាវង់មូល ដាក់ដៃទាំងពីរទៅមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះ រាបស្មើល្អ ។ ហើយគេយកកន្សែង ឬក្រមាតូចមួយមករុំមូលឆ្មូលរឹតឲ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់ យួរបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយ បញ្ឆោតអ្នកអង្គុយមិនឲ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពខាងមុខនេះ ៖
តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែងចំក្រោយខ្នងខ្លួន ហើយចាប់យកកន្សែងបានមុនអ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាឈ្នះ ត្រូវមានអំំណាចក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់នោះវិញ តែបើអ្នកនោះគេរត់ទៅដល់កន្លែងចន្លោះអង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ក្រឡឹងអ្នកអង្គុយដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែងបានក្នុងវង់ ដដែល ។
គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។ ជួនកាលអ្នកខ្លះមិនដែលបានឡើងលេងលាក់កន្សែងនឹងគេម្ដងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួន ខ្លួនមិនដឹង រវល់តែគេគក់ខ្នងបានរាល់ពេល ។
ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង រហ័សរហួន ឲ្យមានប្រាជ្ញាវាងវៃ ហាត់ទម្លាប់ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច ៕
http://www.cen.com.kh
Post a Comment