កំណើតនៃរចនាប័ទ្មភ្នំដា
អត្ថបទដ៏ខ្លីនេះ គឺការខិតខំបង្ហាញ បញ្ជាក់ពីការលេចធ្លោឡើងនៃរចនាប័ទ្មសិល្បៈខ្មែរដំបូងបង្អស់ ដែលយើងហៅថា រចនាប័ទ្មភ្នំដា។
សិល្បៈខ្មែរយើង ក្នុងដំណាក់កាលដំបូងមិនទាន់មានលក្ខណៈបុគ្គលរបស់ខ្លួននៅឡើយ។ នៅទីនេះ យើងចង់និយាយដល់ឥទ្ធិពលដ៏ខ្លាំងក្លារបស់សាលាវិចិត្រសិល្បៈឥណ្ឌា មួយចំនួន ទៅលើសិល្បៈខ្មែរ ក្នុងរយៈពេលដើមសតវត្សទី១នៃគ.ស ដល់ស.វទី ៤-៥ នៃគ.ស ដូចជាសាលាវិចិត្រសិល្បៈគន្ធារៈសានាថ, មថូរ៉ា, អជន្តៈ, អមរាវតីជាដើម។
ក៏ប៉ុន្តែ បន្ទាប់មកបន្តិចម្តងៗ សិល្បៈបុរេអង្គរនាសម័យវប្បធម៌នេះ ក៏បានឃ្លាតចេញពីក្រិត្យក្រម ឬមជ្ឈដ្ឋានឥណ្ឌាដ៏តឹងរ៉ឺង ជាពិសេស នៅចុងស.វទី៦ និងដើមស.វទី ៧ ហើយទទួលនូវភាពឯករាជ ម្ចាស់ការរបស់ខ្លួនក្នុងការផលិតព្រះបដិមាតូចធំទាំងឡាយ ដើម្បីមូលហេតុសាសនារបស់អ្នកស្រុកអាយ។
រូបដីដុត
បុព្វការីជន និង នរសឹង្ហ អង្គរបុរី មុនស.វទី ៥
តម្កល់នៅសារមន្ទីរជាតិភ្នំពេញ និង សារមន្ទីរជាតិពិន្ធុវិទ្យាទួលគោក (ម.ត
១៩៩៦)
មានន័យថា ក្នុងដំណាក់កាលដំបូងបំផុត វិចិត្រករខ្មែរបានក្រេបជញ្ជក់ នូវឥទ្ធិពលវប្បធម៌ឥណ្ឌា ដែលមកពីមជ្ឈ មណ្ឌលវប្បធម៌ឥណ្ឌាមួយចំនួនដូចពោលខាងលើ មុននឹងបង្កើតបានសិល្បៈ ដែលមានលក្ខណៈជាតិរបស់ខ្លួនយ៉ាងប្រាកដ ចាប់តាំងពីចុងស.វទី ៦មក។ តាមពិតទៅ យន្តការនេះមិនមែនជារឿងចម្លែក ហើយវាក៏មិនមែនជាលក្ខណៈពិសេសសម្រាប់ខ្មែរតែប៉ុណ្ណោះទេ។ កម្ចីមកពីក្រៅ គឺមានលក្ខណៈជាសកល ហើយជាការពិតណាស់ ដើម្បីសិល្បៈខ្មែរដំបូងបង្អស់សម្រេចនូវគោលការណ៍នេះ មានតែកត្តាពេលវេលាទេ ដែលផ្លាស់ប្តូរទម្រង់ដើមបានជាស្ថាពរ។
ទេវរូបដីដុត
មុនស.វទី ៦ នៅអ៊ូថង (ឯកសារ បស់ សឺលីយេ), នៅដែនដីសណ្ត អូរកែវ (ឯកសារ ឡេ
ធីលាង), ព្រះកេសទេវរូបថ្ម (អង្គរបុរី សារមន្ទីរជាតិពិន្ធុវិទ្យាទួលគោក, ម.ត
១៩៩៨) និង ព្រះកេសវិស្ណុ សុរ៉ាតថានី ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ
គួរជម្រាបផងដែរថា គោលដៅនៃសិល្បៈបុរាណមានតែមួយ គឺការបញ្ចេញនូវឧប្បនិស្ស័យ និងភក្តីភាពរបស់មនុស្សចំពោះព្រះអាទិទេពជាទីគោរពសក្ការៈ។ ព្រោះថា គោលដៅ ឬការប៉ងប្រាថ្នារបស់សិល្បៈករ ឬជាងចម្លាក់ គឺការគោរពបូជាព្រះអាទិទេពតូច-ធំទាំងឡាយ ដែលមានក្នុងទេវកថាវិទ្យានៃព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
សរុបសេចក្តីមក ក្នុងបិរបទនេះ ថ្វីត្បិតតែសិល្បៈខ្មែរបុរាណមានលក្ខណៈមិនខុសគ្នា ពីសិល្បៈលក្ខណៈឥណ្ឌាក៏មែនពិត ព្រោះថា នាគ្រាបឋមនៃប្រវត្តិសាស្ត្រសិល្បៈខ្មែរបានត្រាប់តាមរូបមន្តឥណ្ឌា។ តែទោះជាយ៉ាងណាក៏ដោយ សិល្បៈខ្មែរក៏មិនមានលក្ខណៈសម្បត្តិដូចជាសិល្បៈឥណ្ឌាទាំងស្រុងដែរ។ ស្ថាបនិក គឺជាជាតិខ្មែរប្រកបដោយលក្ខណៈ បុគ្គល ឬអត្តចារិករបស់ខ្លួនដោយផ្ទាល់តែម្តង ទោះបីស្ថិតក្រោមឥទ្ធិពលឥណ្ឌាយ៉ាងខ្លាំងក្លាក៏ដោយ។
ចម្លាក់ភិក្ខុសង្ឃ
និង ព្រះពុទ្ធអង្គ ដីដុត មុនស.វទី ៤ អង្គរបុរី
សារមន្ទីរជាតិពិន្ធុវិទ្យាទួលគោក (ម.ត ១៩៩៨) , ចម្លាក់វិស្ណុ និង
ពុទ្ធអង្គថរវាទថ្ម ពីស.វទី ៤ ដល់ទី ៦ ខេត្តនគរស្រីធម្មរាជ
(ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)
ទាក់ទិននឹងរចនាប័ទ្មភ្នំដានៅមានហេតុផលមួយទៀត ដែលតម្រូវឲ្យយើងត្រូវយកចិត្តទុកដាក់ដែរ គឺចម្លាក់បុរាណទាំងនោះដែលសិល្បករខ្មែរនាសម័យហ្វូ-ណនបានឆ្លាក់ ឡើងនោះ គឺត្រូវបានឆ្លាក់ដោយទឹកចិត្តជ្រះថ្លា សោមនស្សរីករាយជាទីបំផុត ហើយមានសមត្ថភាពខ្ពស់។ ពីព្រោះជាងឆ្លាក់ទាំងនោះ ពិតជាធ្លាប់មានពិសោធន៍ពីមុន ជាច្រើនសតវត្សរ៍រួចមកហើយ។ ដោយសារហេតុផលនេះហើយ ទើបយើងអាចនិយាយបានថា លក្ខណៈសម្បត្តិដ៏វិសេសវិសាលរបស់វិចិត្រករខ្មែរ គឺការបកស្រាយរូបមន្តឥណ្ឌា យ៉ាងត្រឹមត្រូវជាទីបំផុត ដែលមានលក្ខណៈជាសកល នៃទ្រីស្តីដែលមានក្នុងគម្ពីរបដិមាសាស្ត្រឥណ្ឌា។ ក៏ប៉ុន្តែទន្ទឹមនេះ ក្នុងការអនុវត្ត ពួកគេថែមទាំងរក្សាបានសេរីភាពក្នុងការផលិត តុបតែង ក្បួរក្បាច់ផ្តិត ដែលដកស្រង់ចេញពីជីវិតប្រចាំថ្ងៃ ដោយទេពកោសល្យខ្ពស់។
យើងអាចបង្ហាញ នូវដំណាក់កាលវិវត្តន៍ខ្លះៗនៃរចនាប័ទ្មភ្នំដានេះតាមរយៈតារាងខាងក្រោម ៖
រចនាប័ទ្មភ្នំដាពីស.វទី១ ដល់ស.វទី៦-៧
បើនិយាយម្យ៉ាងទៀត វិចិត្រករខ្មែរនាសម័យបុរាណ ជាពិសេសនាសម័យភ្នំដាបានបញ្ចូលនូវព្រលឹងរបស់ខ្លួនក្នុងរូបមន្ត ឥណ្ឌា ដោយបង្កើតបាននូវស្នាដៃឯកថ្មីមួយបែបទៀត ដែលមានលក្ខណៈជាសកលនិងអមតៈ។
ព្រះកេសវិស្ណុ
ប្រាក់ នៅចម្ប៉ាសាក់ (ឯកសារហ្គី តូ) , ចម្លាក់ព្រះវិស្ណុ ថ្ម អង្គរបុរី
ពីស.វទី ៥ ដល់ទី ៦ (ឯកសារ Bunker & Latchford) និងព្រះកេសវិស្ណុ
ដែនដីសណ្តរ ចុងស.វទី ៦ និងដើមស.វទី ៧ អូរកែវ (ឯកសារ ម៉ាល្លឺរេ)
សូមកត់សម្គាល់ថា យោងលើកាលប្បវត្តចិនសម័យវ៉ូឌេ (៦១៨-៦២៦ គ.ស) និងហ្សេគួន (៦២៧-៦៤៩) អវសានរបស់ហ្វូ-ណន ឬនគរភ្នំ គឺស្ថិតនៅក្រោយឆ្នាំ ៦៤៩ ពោលនៅពាក់កណ្តាលនៃស.វទី ៧ នេះជាកាលបរិច្ឆេទមួយយ៉ាងសំខាន់ ដែលយើងត្រូវកត់ត្រាប្រកបដោយភាពសុក្រិត ដោយហេតុថា វាជាមូលដ្ឋាននៃការស្វែងយល់អំពីប្រវត្តិនៃសិល្បៈខ្មែរ ដែលខកខានពុំបាន៕
http://www.cen.com.kh
Post a Comment