Header Ads


 

ភិរម្យ​ភាសា​អ៊ូ ហៅ ក្រម ង៉ុ​យ


ភិរម្យ​ភាសា​អ៊ូ ហៅ ក្រម ង៉ុ​យ មិនទាន់មាន​អ្នក​ជំនួស​
ក្រម ង៉ុ​យ ឬ ព្រះ​ភិរម្យ​ភាសា អ៊ូ ហៅ ង៉ុ​យ ឬ តា​ង៉ុ​យ ជា​ខេមរៈ​កវី​ប្រិ​យ​ជា​ពុទ្ធសាសនិក ត្រូវបាន​ប្រជាជាតិ​ខ្មែរ​ស្គាល់​និង​ចងចាំ​អស់​រយៈកាល​ជិត​មួយ​សតវត្សរ៍ មកហើយ ក៏​នៅតែ​រក្សាបាន​ប្រជាប្រិយ​និង​ឥទ្ធិពល​នៅក្នុង​ស្មារតី​ខ្មែរ​តាមរយៈ កម្រង​ពាក្យ​ប្រៀនប្រដៅ​របស់គាត់​ដែលមាន​ដើមកំណើត​ជា​កំណាព្យ​ចំរៀង​សាដៀវ ហើយ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​កវី​ណា​ម្នាក់​អាច​ជំនួស​លោក​បាន​នៅឡើយ ។​

កុមារ ង៉ុ​យ កើត​នៅ​ឆ្នាំ​១៨៦៥ នៅ​ឃុំ​កំបូល ស្រុក​ភ្នំពេញ (​សព្វថ្ងៃ​ស្រុក​អង្គស្នួល​) ខេត្តកណ្តាល ។ ក្រម​ង៉ុ​យ មាន​នាម​ដើម​ថា អ៊ុក អ៊ូ ប៉ុន្តែ​មាតា បិតា ហៅ​លោ​កថា ង៉ុ​យៗ ទើបបាន​ជាប់​នាម​នេះ​រៀង​រហូតមក ។​

បិតា ​លោក​នាម អ៊ុក ជា​មេឃុំ នៃ ឃុំ​កំបូល មាន​គោ​រម្យ​ងារ​ជា “ ចៅពញ្ញា​ធម្ម​ធា​រា “ ។ រីឯ​មាតា​លោក​ជា​បុត្រ​របស់ “ ចៅពញ្ញា ម៉ុក “ ជា​មេឃុំ​ស្ពានថ្ម​ដែលមាន​ស្រុក និង ខេត្ត​ជាមួយគ្នា ។ គួរ​កត់សម្គាល់ថា មាតា និង បិតា របស់លោក​ត្រូ​ជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ។​

កាល​នៅ ​កុមារភាព កុមា​រអ៊ូ បាន​ទៅ​ស្នាក់​សិក្សា​នឹង​លោក​ចៅអធិការ​វត្ត​អង្គ​បឹង​ចក នា​ស្រុកកំណើត​របស់លោក ។ កុមារ​អ៊ុក អ៊ូ ហៅ ង៉ុ​យ ជា​ក្មេង​ឧស្សាហ៍​រៀនសូត្រ ហើយ​បាន​បួស​ជា​សាមណេរ និង បាន​សិក្សា​ធម៌អាថ៌​បាន​ជ្រៅជ្រះ ។ លុះ​ពេញវ័យ​២១​ឆ្នាំ សាមណេរ​រូបនេះ​បាន​បំពេញ​ឧប្បសម្បទា​ជា​ភិក្ខុ ។ ភិក្ខុ​អង្គ​នេះ​បាន​ស្វះស្វែង​សិក្សា​ធម៌អាថ៌​ផ្នែក​បរិយត្តិ​ធម៌ ហើយ​បាន​រៀន​បកប្រែ​ព្រះ​ត្រៃបិដក​ដំបូង​ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​ទិ ត្យ គង់នៅ​វត្ត​អង្គ​បឹង​ចក ភូមិ​បែក​ស្គរ ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ​ខេត្តកណ្តាល ។ បន្ទាប់ពី​ប្រែ​ព្រះ​ត្រៃបិដក ភិក្ខុ ង៉ុ​យ ស្វែង​រៀន​វិបស្សនា​កម្មដ្ឋាន​ក្នុង​សំណាក់​ព្រះ​អាចារ្យ​ជាច្រើន​កន្លែង ទៀត ។​
    ក្រោយពី​បាន​ចាក​សិក្ខាបទ​មកជា​គ្រហស្ថ បណ្ឌិត អ៊ុក អ៊ូ ហៅ ង៉ុ​យ បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឃុំ​បែក​ចាន ស្រុក​ភ្នំពេញ ហើយ​ប្រកបរ​បរជាកសិករ​សា​ម​ញ្ញ​ម្នាក់​ក្នុង​ឃុំ​នេះ ។ លោក​មាន​បុត្រ​៦​នាក់ ដែល​ក្នុងនោះ​មាន​ម្នា​ក់មាន​កិត្តិនាម​ល្បីល្បាញ​ខាង​សំនួនវោហា​ដែល​ខ្មែរ គ្រប់រូប​បាន​ស្គាល់​នាម​ថា អាចារ្យ ចុង ឬ បណ្ឌិត អ៊ូ ចុង ។ គួរ​កត់សម្គាល់ថា អាចារ្យ ចុង បាន​អនិច្ចកម្ម​ក្នុង​គុក​នយោបាយ​នា​ឆ្នាំ​១៩៥៥ ពេល​បោះឆ្នោត​ប្រកួតប្រជែង​រវាង​គណៈបក្ស​ប្រជាធិបតេយ្យ និង គណៈបក្ស​សង្គមរាស្ត្រនិយម ។​
    ជីវ​ភាពជា​កសិករ បណ្ឌិត ង៉ុ​យ មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​ខាង​វោហា​កោសល្យ និង ល្បិចល្បើក​លើកដាក់​តាក់​តែង​ចែង​ចង​កង​កំណាព្យ​កាព​ឃ្លោង​បាន​ភ្លាមៗ ( មាន​ទំនង​ប្រហាក់ប្រហែល សន្ធរវោហា ម៉ុក ) សម្រាប់​ច្រៀង​នឹង​សំនៀង​សាដៀវ​យ៉ាង​ពីរោះ​ក្រ​អែម​ក្រ​អូន ហើយ​ថែមទាំង​មានចំណេះដឹង​ខាង​ធម៌អាថ៌​យ៉ាង​ខ្ពង់ខ្ពស់​ដែល​បណ្តាលឱ្យ​កសិករ ឯទៀតៗ​ស្រលាញ់​រាប់អាន​ចាត់ទុក​លោក​ជា​អ្នកប្រាជ្ញ​ក្នុងស្រុក​ភូមិ ទើប​ពួកគេ​បាន​ហៅ​លោក​ថា “ ភិរម្យ ង៉ុ​យ “ ។
    ដោយសារ​ប្រជាប្រិយភាព និង ទទួលបាន​នូវ​ការគោរព​រាប់អាន លើកសរសើរ​នេះ ទើប​រដ្ឋអំណាច​បានតែ​ង​តាំង​លោក​ជា “ ក្រម “ គឺជា​ជន​ដែលមាន​ភារៈ​ក្នុង​ការធ្វើទំនាក់ទំនង​រវាង​រដ្ឋបាល និង ប្រជារាស្ត្រ​ក្នុង​ឃុំ មាន​ទំនង​ដូចជា​ជំទប់​នាពេល​បច្ចុប្បន្ន​នេះដែរ ។ ដោយហេតុ​នេះឯង​ទើប​លោក​ត្រូវបាន​គេ​ហៅ​លោក​ថា “ ក្រម ង៉ុ​យ “ រហូតដល់​សព្វថ្ងៃ ។​
    បានឮ​តៗ​មក​ថា ក្នុងឋានៈ​ជា ក្រម នេះ បណ្ឌិត ង៉ុ​យ បំពេញការងារ​ពុំ​សូវ​ជាទី​គាប់ចិត្ត​រាជការ​ឡើយ ត្បិត​ជារឿយៗ​លោក​មិនបាន​ធ្វើតាម​ការតម្រូវ​របស់​រាជការ​ដែល​ត​ម្រូ​វ​ឱ្យ លោក​ទារ​ពន្ធដារ និង គំរាមកំហែង​ប្រជារាស្ត្រ​ខ្មែរ​ជាដើម​ឡើយ ត្បិត​គាត់​មានចិត្ត​អាណិតអាសូរ​ខ្មែរ​ដែល​ក្រខ្សត់ និង ឆោតល្ងង់ ។
    នៅ​រាល់​រំហើយ​រដូវ ក្រោយពី​បញ្ចប់​កិច្ចការ​ច្រូតកាត់ ក្រម ង៉ុ​យ តែងតែ​ត្រាច់ចរ​ទេសនា​ប្រៀនប្រដៅ និង ច្រៀង​កំណាព្យ​អមដោយ​ឧបករណ៍​តន្ត្រី សាដៀវ ដ៏​មានសំនៀង​ក្រលួច​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ឥត​ទំនេរ ។ ពុំមែន​ជា​សំនៀង​ច្រៀង​សំណើច​សើច​អំណរ​ត្រេកអរ​ឡើយ ប៉ុន្តែ​ចម្រៀង​ដ៏​ក្រលួច​នេះ​គឺជា​ទំនួញ​ទួញ​យំយែក​អាល័យ​អាឡោះ​ស្រណោះ អាណិត​ជាតិខ្មែរ​ដែល​កំពុង​លង់​លិច​ដោយ​ក្តី​ក្រ​ទុរគត ល្ងង់ខ្លៅ ឈ្លោះប្រកែក បែកបាក់​សាមគ្គី​គ្នាឯង​ខ្វែងគំនិត​យ៉ាង​ស្រួចស្រាវ ។ ល ។ ហើយ​ត្រូវ​រង​ដោយ​ទម្ងន់​នៃ​ពន្ធដារ​ពី​សំណាក់​រដ្ឋអំណាច​អាណានិគម​ន៍ បារាំង និង នៅ​ចំពោះមុខ​ភាពរហ័សរហួន​នៃ​ជនបរទេស​ដូចជា​ចិន និង យួន​ជាដើម​ដែល​ពូកែ​ទាំង​ខាង​កេងចំណេញ​ស្រស់ៗ និង ល្បិចកល​ផ្សេងៗ​មកលើ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី ។​
    សំនៀង​តំអូញ​តំ​អែរ​នៃ​កវី​រូបនេះ​បាន​លេចឮ​សុះសាយ​ឆ្ងាយ​ដល់​រាជធានី ហើយ​សម្តេច​ចក្រី​បាន​ហៅ​លោក​ឱ្យទៅ​ច្រៀង​ថ្វាយ​ព្រះករុណា​ស៊ីសុវត្ថិ ។ ព្រះរាជា​ខ្មែរ​អង្គ​នេះ​សព្វព្រះទ័យ​ជាខ្លាំង​និង​បាន​ប្រទាន​រង្វាន់​ជា ប្រាក់កាស ជាពិសេស​ព្រះអង្គ​បាន​ប្រទាន​គោ​រម្យ​ងារ​ដល់​ខេមរៈ​បណ្ឌិត​កវី​ពុទ្ធសាសនិក រូបនេះ​ថា “ ព្រះ​ភិរម្យ​ភាសា “ ។ ដោយហេតុ​នេះឯង ទើប​លោក​ត្រូវបាន​គេ​ហៅថា “​ភិរម្យ​ភាសា អ៊ូ “ រហូតមកដល់​សព្វថ្ងៃ ។
    ភាព​រន្ទឺ​នៃ​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ ង៉ុ​យ នេះ​បាន​បន្ត​ឮ​ដល់​លោក សឺ ដេ​ស ជា​សមាជិក​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ទើបបាន​នាំ​កវី​យើង​ទៅ​ជួប​អ្នកស្រី​ស៊ុយ​សាន កា​ប៉ឺ​ឡែ​ស នាយិកា​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ។ ស្ត្រីជាតិ​បារាំង​រូបនេះ បាន​សុំឱ្យ​លោក​ព្រះ​ភិរម្យ​ភាសា យើង​ច្រៀង​រង្វើលៗ ដើម្បីឱ្យ​អ្នកប្រាជ្ញ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​កត់ត្រា​នូវ​ពាក្យពេចន៍ កំណាព្យ​ទាំងអស់​របស់លោក ។
    អ្នកស្រី​កា​ប៉ឺ​ឡែ​ស បានឱ្យ​រង្វាន់​ជា​ប្រាក់​១​រៀល​ដល់​កវី​យើង ដែល​ការណ៍​នេះ​ត្រូវបាន​ពួក​អ្នកសិក្សា​ទាំងឡាយ​យល់ថា ថ្វីត្បិតតែ​ប្រាក់​នេះ​មាន​ចំនួន​តិចតួច​ក៏ពិតមែន ប៉ុន្តែ​ស្ទើរតែ​អាច​ចាត់ជា​ព្រិ​ត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​បាន ដោយ​ពួកគេ​យល់ថា ប្រាក់​១​រៀល​នោះ​តិច​មែន ប៉ុន្តែ​វា​ជា​សក្ខីភាព​ដែលថា ពួក​បារាំង​មិនមែន​សុទ្ធតែជា​ពួក​ជន​ដែល​មក​ធ្វើ​អាណានិគម​ន៍​លើ ប្រជារាស្ត្រ​ខ្មែរ និង ជិះជាន់​ធ្វើបាប​ខ្មែរ​ទាំងអស់​ឡើយ គឺ​ក៏​គង់​មានបារាំង​ខ្លះ​មានគំនិត​គោរព​ស្រលាញ់​រាប់អាន និង ចង់​រក្សា​អ្វី​ដែលជា​វប្បធម៌​របស់​ខ្មែរ​ដែរ ។​
    ទិដ្ឋភាព​នេះ​គួរ​កត់ចំណាំ​ផងដែរ​ថា ចា​រិត​ខ្មែរ​មិនសូវ​ខ្វល់ខ្វាយ​ក្នុងការ​កត់ត្រា​ទុកជា​ឯកសារ​ឡើយ គឺ​ចូលចិត្ត​បណ្តែតបណ្តោយ​ឱ្យ​បាត់បង់​ទៅតាម​ពេលវេលា សូម្បីតែ​ព្រះករុណា ស៊ីសុវត្ថិ ដែលជា​អង្គ​មហាក្សត្រ​ក៏​ពុំបាន​ភ្នក​នឹកគិត​បញ្ជា​ឱ្យគេ​កត់ត្រា​ទុក​នូ វ​កំណាព្យ​របស់​ក្រម​ង៉ុ​យ​ដែរ ដោយ​ព្រះអង្គ​បានត្រឹមតែ​សំដែង​នូវ​ការសព្វព្រះទ័យ​តាមរយៈ​ការប្រទាន​នូវ រង្វាន់​ជា​ប្រាក់​ជាដើម​តែប៉ុណ្ណោះ ដែល​ប្រការនេះ​ហាក់​សរ​ឱ្យឃើញថា ចា​រិត​ខ្មែរ​ឱ្យ​តម្លៃ​ទៅលើ​អ្វីមួយ​តាមរយៈ​តម្លៃ​ជា​ប្រាក់កាស និង ងារ​ច្រើនជាង ។ កំណាព្យ​របស់​ក្រម ង៉ុ​យ នេះ​ប្រសិនបើ​ពុំមាន​គំនិត​របស់​អ្នកស្រី កា​ប៉ឺ​ឡែ​ស ដែលជា​ជាតិ​បារាំង​ជា​អ្នក​ឱ្យគេ​កត់ត្រា​ទុក​ទេនោះ ម្ល៉េះ​សម​ប្រជាជាតិ​ខ្មែរ​បាន​បាត់បង់​កំណាព្យ​របស់គាត់​ដែលជា​កម្រង ប្រៀនប្រដៅ​ដ៏​ប្រសើរ​និង​មាន​វិសាលភាព​ទូលំទូលាយ​នេះ​ទៅហើយ ។​
    កាលនោះ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បានរៀបចំ និង បោះពុម្ព​កំណាព្យ​សំដី​ចំរៀង​សាដៀវ​របស់​ព្រះ​ភិរម្យ​ភ​សា អ៊ូ ជា​សៀវភៅ​តូចៗ​ចំនួន​៤​ក្បាល ។​
    ឆ្នាំ​១៩៣៩ ទឹកដី​ខ្មែរ​ពុំមាន ព្រះ​ភិរម្យ​ភ​សា អ៊ូ ហៅ ក្រម ង៉ុ​យ ឬ ង៉ុ​យ ឬ តា​ង៉ុ​យ ទៀតឡើយ ដោយ​គាត់​បានទទួល​អនិច្ចកម្ម​នៅ​ឆ្នាំ​នោះ ក្នុង​ជន្មាយុ​៧១​ឆ្នាំ ។​
     កម្រង​ពាក្យ​ប្រៀនប្រដៅ​របស់ ក្រម ង៉ុ​យ ត្រូវបាន​ខេមរៈ​ជាតិ​ទទួលស្គាល់​ជាទូទៅ​ថា មាន​សេចក្តី​ជ្រាលជ្រៅ​ទូលំទូលាយ ជា​ពាក្យ​សាមញ្ញ ងាយ​យល់​សម្រាប់​ទាំង​បុគ្គល​ដែលមាន​ការសិក្សា​ជ្រះ​ជ្រៅ និង អ្នកមាន​ការអប់រំ​តិចតួច ឬ មិនមាន​ការអប់រំ​សោះ​ក៏​អាច​ស្តាប់​យល់បាន​ដោយ​គាត់​ពុំបាន​ប្រើ​ឧបមាណវិធី ឡើយ ពោលគឺ​គាត់​និយាយ​ចំៗ​សេចក្តី​តែម្តង ដូច​ដែលមាន​សម្រង់​ខាងក្រោម​ខាងក្រោម​ជាដើម​៖
    បើ​ចង់​ស្រាល​ខ្លួន    រៀនសូត្រ​ឱ្យ​មួន    ឱ្យ​មាំ​ឱ្យ​ស្ទាត់​
    កុំ​ចេះ​ស្ទាក់ស្ទើរ      ល្ងីល្ងើ​ឥត​បទ        បើ​ចេះ​ប្រាកដ​
                           ប្រាក់​រត់តាម​ហៅ ។​
    កុំ​ថ្នមកម្លាំង             កាប់​ជីក​ចូក​ចាំង    កុំ​ថា​រងា​ក្តៅ​
    ធ្វើ​អ្វី​ឱ្យ​ឆ្អិន              កុំឱ្យ​ខ្លោច​ឆៅ         កុំ​ដេក​តែ​ខ្លៅ​
                           ក្រ​ក្រៅ​សណ្តាប់ ។​
    បើ​ល្ងង់​ឱ្យ​ចេះ         រក​រៀន​តម្រិះ         រិះរក​តម្រាប់​
    ឥន្ទ្រិយ​ឆ្វេង​ស្តាំ      កុំ​ចាំ​គេ​ប្រាប់          រៀន​ស្តី​រៀន​ស្តាប់​
                            រៀន​មើល​ឱ្យ​ស្តែង ។​
    កើត​មកជា​មនុស្ស    ទោះ​ស្រី​ទោះ​ប្រុស    មិនដែល​ចេះ​ឯង​
    បើ​ក្រ​ឱ្យមាន           វិញ្ញាណ​ចេះ​ក្រែង    គិត​គ្រប់កន្លែង​
                            កុំ​ដេក​តែ​ក្រ ។​
     ជាច្រើន​ទស្សវត្ស​មកហើយ ប្រទេស​ខ្មែរ​នៅ​ពុំទាន់​ប្រសូត្រ​បាន​អ្នកនិពន្ធ​ណា​ម្នាក់​ដែល​អាច ប្រៀបផ្ទឹម​នឹង​ព្រះ​ភិរម្យ​ភ​សា អ៊ូ ហៅ ង៉ុ​យ នៅឡើយ ។​
    មានការ​ពណ៌នា​អំពី​បុគ្គលភាព​របស់ ក្រម ង៉ុ​យ ថា គាត់​មាន​មាឌ​ដំបង ក្រអាញ សំលេង​ឮ​ខ្លាំង និង ធ្ងន់ មានដំណើរ​ស្វាហាប់ សក់​ជ្រង​ផ្កាថ្កូវ មុខរា ថ្ងាសទូលាយ ថ្គាម​រីក សម្បុរ​សណ្តែកបាយ ហើយ​ដុះពោះ​ទៀតផង ដែល​ប្រការនេះ​ជា​កត្តា​អំណោយផល​សម្រាប់​ការ​ច្រៀង​សាដៀវ​របស់គាត់ ។ ត្រូវបាន​គេ​ដឹង​តៗ​គ្នា​មក​ដែរ​ថា គាត់​ក៏​ជា​អ្នក​ភ្លេងអារក្ស​ផងដែរ ។​
     កម្រង​កំណាព្យ​ប្រៀនប្រដៅ​របស់​ក្រម ង៉ុ​យ ត្រូវបាន​គេ​បោះពុម្ព និង ថតចម្លង​ជា​សៀវភៅ​ធ្វើ​អាជីវកម្ម​យ៉ាង​មាន​ប្រជាប្រិយ​ជាច្រើនលើក​ច្រើនសា សឹង​មិនអាច​គណនា​ចំនួន​បាន ។ សោតឯ​ខេមរៈជន គ្រប់រូប​សឹងតែ​ចេះ​ចាំ​ចំណុច​ខ្លះ​នៃ​កំណាព្យ​របស់គាត់ ។ នាម​របស់គាត់​ក៏ត្រូវ​បាន​គេ​ប្រើ​ជា​ឈ្មោះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល វិជ្ជាជីវៈ​ផងដែរ ។
    សព្វថ្ងៃនេះ​សាលា​រាជធានី​ភ្នំពេញ​បាន​កសាង​រូបសំណាក​របស់ បណ្ឌិត ព្រះ​ភិរម្យ​ភ​សា​អ៊ូ ហៅ ង៉ុ​យ ពី​ថ្ម អង្គុយលេង​សាដៀវ តាំងនៅ​ក្នុង​សួនច្បារ​សាធ​រណៈ​មួយកន្លែង​នៅ​សង្កាត់​ចតុមុខ ដោយមាន​ចារិក​នូវ​ពាក្យ​ប្រៀនប្រដៅ​ខ្លះ​របស់គាត់​នៅ​នឹង​សិលា​ទីនោះ​ផងដែរ ។​
    ការ​ប្រៀនប្រដៅ​របស់​បណ្ឌិត​រូបនេះ​សម្រាប់​ទាំង​ប្រជារាស្ត្រ​សា​ស្រុក ស្រែចំការ និង អ្នកទីក្រុង ទាំង​មន្ត្រីរាជការ រហូតដល់​ព្រះសង្ឃ ឱ្យ​មានការ​ភ្ញាក់រលឹក កុំឱ្យ​ប្រកាន់​ខុស ឱ្យមាន​គំនិត​គិត​មានកំណើត​កើត​បញ្ញា មានការ​សាមគ្គី​គ្នា កុំឱ្យ​ឈ្លោះប្រកែក កុំឱ្យ​ខ្ជិលច្រអូស កុំឱ្យ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ មាន​ស្រា ស្រី និង ល្បែងភ្នាល់​នានា​ជាដើម អំពី​ការគោរព​ប្រតិបត្តិ​មាតា បិតា និង ការ​រើស​គូ​ប្រចាំជីវិត ក៏ដូចជា​កុំឱ្យ​កាន់​ភាព​ក្រអឺតក្រទម​អួតអាង​មាសប្រាក់​ឋានៈ បុណ្យ​ស័​ក្ត ឱ្យខិត​សិក្សា​រៀនសូត្រ​ជាដើម ។​

No comments

Powered by Blogger.