សំណង់សម្ភារៈប្រើប្រាស់ក្នុងសង្គមខ្មែរនាសម័យបុរាណ តាមសិលាចារឹកខ្មែរ
ជាប្រភពនៃប្រវត្តិសាស្ត្រ សិលាចារឹកខ្មែរ ដែលមានពាសពេញដេរដាសទូទាំងចក្រភពខ្មែរ បានផ្តល់ចំពោះយើងនូវព័ត៌មានជាច្រើនពាក់ព័ន្ធទៅនឹងរជ្ជកាលរបស់ ព្រះមហាក្សត្រខ្មែរបុរាណ ដែលបានសោយរាជ្យសម្បត្តិក្នុងមាតុភូមិខ្មែរ ព្រមទាំងព័ត៌មានទាក់ទិនទៅនិងសង្គមវប្បធម៌ខ្មែរនាជំនាន់នោះ។
តាំងពីសម័យបុរេអង្គរ បើយោងតាមខ្លឹមសារនៃអត្ថបទនៃសិលាចារឹកខ្មែរ គេឃើញមានការអធិប្បាយអំពីអំណោយបុណ្យ ដែលពួកអភិជនខ្មែរ ឬក៏ព្រះមហាក្សត្រថ្វាយចំពោះបូជនីយដ្ឋាន ដែលមានគ្រឿងឧបភោគ បរិភោគ ចាំបាច់សម្រាប់ផ្គត់ផ្គង់ដំណើរការនៃទេវស្ថានទាំងនោះ ឬក៏មនុស្សដែលរស់នៅក្នុងទីតាំងទាំងនោះ ដែលមានជាអាថ៌ អ្នកបួស និង អ្នកបម្រើព្រះអាទិទេព។ អំណោយទាំងនេះ គឺជាសក្ខីភាពរបស់ប្រជាជនខ្មែរ ដែលមានចំពោះព្រះអាទិទេព ឬក៏បុព្វការីជន ដែលឋានៈត្រូវបានគេលើកស្មើនឹងព្រះអាទិទេពអង្គរ ក៏ប៉ុន្តែឋិតក្រោមរូបភាពនៃរូបចម្លាក់ធ្វើអំពីថ្ម ឬលោហធាតុ។
បំណែក
ចារឹកក្រាំងព្រះពុទ្ធ Ka 580 ក្បែររាជធានីភ្នំពេញ មានបញ្ជីខ្ញុំបំរើ
ជាអំណោយ និង ចារឹក Ka 77 មានចារពាក្យពិដាន និងគំនូរ (ម.ត ២០០៨)
ភាគច្រើនសិលាចារឹកខ្មែរដែលចាប់ផ្តើមឡើងដោយមានការនមស្សការ ចំពោះព្រះអាទិទេពឥណ្ឌាជាអម្ចាស់ដ៏មានមហិទ្ធិឫទ្ធិឆ្លុះបញ្ចាំងនូវ អត្ថិភាពរបស់ព្រហ្មញ្ញសាសនា ដូចជាព្រះឥសូរ និងព្រះនារាយណ៍ជាដើម ដែលមានរហ័សនាមផ្សេងពីគ្នា ហើយលើសពីនេះទៀតឆន្ទៈដ៏មោះមុតរបស់ម្ចាស់អំណោយ គឺការស្វែងរកនូវបុណ្យកុសលសម្រាប់ជាតិនេះ ឬអនាគតជាតិ ឬបរលោក។
ជួនកាលនៅខាងចុងអត្ថបទ គេឃើញមានការដាក់បណ្តាសាចំពោះជនណាដែលបំផ្លិចបំផ្លាញមូលនិធិសាសនា ទាំងនោះ រួមបញ្ចូលនូវរាល់ភស្តុភាបណ្តាការឲ្យធ្លាក់នរក៧ជាន់ ឬ៣២ជាន់ ឬក៏វត្ថុបំណងដ៏ពិសិដ្ឋរបស់ម្ចាស់អំណោយ ដែលប្រាថ្នាចង់កើតនៅស្ថានសួគ៌ា ឬស្ថានទេវតា ដូចស្ថានព្រះសិវជាដើម។
ក្រៅពីនេះ ការសិក្សាសិលាចារឹកខ្មែរក៏អាចជាកញ្ចក់ឆ្លុះបញ្ចាំងនូវលក្ខណៈ វប្បធម៌ខ្មែរ ពិសេសវត្ថុប្រើប្រាស់ក្នុងប្រាង្គប្រាសាទ និងក្នុងវត្តអារាមដែលមានកំណត់ក្នុងបញ្ជីដង្វាយដូចជា សម្លៀកបំពាក់, អុស, កុលាលភាជន៍គ្រប់ប្រភេទធ្វើំពីដី (ចាន, ឆ្នាំង, កណ្ឌិ ចង្ក្រាន និងកុលាលភាជន៍គ្រប់ប្រភេទ) លោហធាតុផ្សេងៗ មាស, ប្រាក់, ស្ពាន់ ដូចជា ម្កុដ, កង្វារ, វែក, ពពិល, ស្ពក, ថាស, អន្លូង ឬឈើ (ស្គរ, ដំបង, ត្រីបាទ, ក្ល ស, គ្រែ) និងភ្លុកដំរី៘
តាមរយៈសិលាចារឹក យើងក៏អាចដឹងដែរនូវអំណោយចំពោះព្រះអាទិទេព ជាគ្រឿងបរិភោគដូចជា ស្រូវ, អង្ក, បាយ, បបរ, ខ្ញី, ប្រេង, ល្ង, ជ្រក់ល្ង, កប្បាស, ទឹកដោះ, ក្រមួន។ សត្វពាហនៈដូចជា គោ, ក្របី, ពពែ ព្រមទាំងដើមឈើដូចជា ដូង, ស្លា, រំដេង, ខ្ញី, គ្រឿងឈើក្រអូប ព្រមទាំងភូមិស្រុក ចំការ ដំណាំ និងអ្នកបម្រើប្រុសស្រី។ ដោយឡែក យើងក៏ដឹងដែរថា ជួនកាលសិលាចារឹកខ្លះក៏មានលក្ខណៈជាព្រះរាជអាជ្ញា/ព្រះរាជបញ្ញាតិ ឬរាជបញ្ជារបស់ព្រះមហាក្សត្រផងដែរ ដែលធ្វើឡើងសម្រាប់ប្រកូកប្រកាសនូវបម្រាមអ្វីមួយដែលមានប្រយោជន៍ជា សាធារណៈសម្រាប់ប្រជានុរាស្ត្រ។
ដោយផ្អែកលើសិលាចារឹក យើងក៏អាចដឹងអំពីយានជំនិះនាសម័យអង្គរដែរ ដូចជាការនិយម គ្រែស្នែង, សេះ, ដំរី, គោ ផ្លូវធ្វើដំណើរដឹកជញ្ជូនធ្វើសឹកសង្គ្រាម។ ក្នុងបណ្តាសម្ភារៈប្រើប្រាស់នាសម័យមហានគរ គេអាចកត់ត្រានូវវត្ថុបីថ្មីគឺ ពពិល, ចង្ក្រាន និងអ្នកកំបោ គួរជាទីមោទនៈដែលគេពុំធ្លាប់ដឹងពីមុនមក។
ឧបករណ៍ភ្លេង ដង្វាយផ្កាឈូក ក្លស និង គ្រែស្នែង ចម្លាក់បាយ័ន (ម.ត ២០០៦)
អំពីវត្ថុប្រើប្រាស់ក្នុងពិធីសាសនា តាមអាស្រម ឬប្រាសាទ។ មកដល់ពេលនេះ ដូចយើងទើបតែបានឃើញរួចមកហើយ បញ្ជីអំណោយរបស់អ្នកស្រុកបានដឹងយ៉ាងច្បាស់នូវប្រភេទរបបម្ហូបអាហារ (ផ្លែឈើ, បាយ, បបរ, ប្រេងល្ង, ទឹកដោះពពែ)៘ សម្រាប់អ្នកបួស ឬពួកព្រាហ្មណ៍ ឬក៏សម្រាប់បូជាព្រះភ្លើង ព្រមទាំងវត្ថុប្រើប្រាស់មួយចំនួនធំដូចជា ឆ្នាំង, ស្ពក, ចង្កៀង, ខ្ទះ៘ ដែលសាសនិក ថ្វាយទៅបូជនីយដ្ឋានទូទាំងចក្រភពអង្គរ។ ប៉ុន្តែយើងពុំធ្លាប់ដឹងពីមុនឡើយថា មានការប្រើប្រាស់នូវពពិល (ដែលដងធ្វើអំពីភ្លុក), ចង្ក្រាន (ជើងក្រានសម្រាប់ដាំស្ល)។
ថ្មីៗនេះ អត្ថបទនៃសិលាចារឹក K. 1085 ដែលសរសេរជាភាសាខ្មែរចារឡើងក្នុងសតវត្សរ៍ទី១០នៃគ.ស នៅវត្តប៉ាសែង ខេត្តអ៊ូប៊ុន បានបង្ហាញយើងនូវវត្ថុទាំងពីរខាងលើនេះ ក្នុងអាស្រម។ នេះជាទិន្នន័យមួយយ៉ាងសំខាន់សម្រាប់វប្បធម៌ខ្មែរបុរាណដែលយើង ត្រូវតែកត់ត្រាទុក។ តាមប្រភពនៃសិលាចារឹកបុរាណបុរេអង្គរ និងអង្គរ យើងក៏អាចស្វែងយល់ពីវិស័យដូរតន្ត្រី ព្រមទាំងគ្រឿងបណ្ណាការសម្រាប់ថ្វាយព្រះអាទិទេព ដូចជា គ្រឿងក្រអូប និងផ្កាឈូកជាដើមផងដែរ។
ទាក់ទងនិងប្រវត្តិសាស្ត្រសិលាចារឹកនេះ ក៏មានសារសំខាន់ដែរ ព្រោះយើងបានដឹងថា តំបន់នេះគឺជាទឹកដីរបស់ខ្មែរនាសម័យអង្គរ ហើយម្យ៉ាងវិញទៀត វប្បធម៌បុរេអង្គរដែលបានគ្របដណ្តប់លើទឹកដីនៃខេត្តនេះ បានបន្យល់ទុកនូវប្រាង្គប្រាសាទ និងសិល្បៈរចនាប័ថ្មថលាបរិវ័ត និងព្រៃក្មេងយ៉ាងច្រើន។
កណ្ឌិ ប្រាសាទបាយ័ន និងអង្គរ, អង្រឹង និងម្កុដ នៅប្រាសាទអង្គរវត្ត (ម.ត ១៩៩៦)
ក្រៅពីនេះ ជារួម តាមរយៈការសិក្សានៃសិលាចារឹក យើងក៏ដឹងទៀតថា ចំពោះអាស្រម ឬប្រាសាទដែលជាកន្លែងពិសិដ្ឋចំពោះអ្នកណាដែលបំផ្លិចបំផ្លាញសាសស្ថាន ទាំងនេះ បូករួមទាំងទ្រព្យសម្បត្តិ និងត្រូវទទួលទោសតាមច្បាប់ ត្រូវបង់ពិន័យ ឬក៏ត្រូវទទួលនូវបណ្តាសានានា ចំពោះអ្នកខិលខូចបង្កការខូចខាត មូលនិធិព្រះ ដូចជាការធ្លាក់នរកទាំង ៧ជាន់ ឬ៣២ជាន់ ជាដើម ពោលគឺទារុណកម្មសម្រាប់ជាតិនេះ ឬសម្រាប់បរលោក។
នៅមានបញ្ហាមួយទៀត ដែលយើងត្រូវកត់សម្គាល់ផងដែរថា គឺភាពអភ័យឯកសិទ្ធរបស់មូលនិធិទាំងនោះ ដែលក្រៅពីការរួចពន្ធដារ គឺគ្មាននរណាមួយអាចចូលមកឆែកឆេរ ឬបំពានបានឡើយ ហើយសូម្បីតែព្រះអាជ្ញាធរក៏ដូច្នោះ ក៏គ្មានសិទ្ធិចូលទៅចាប់ចងមនុស្សដែលបានមកជ្រកកោនក្នុងបរិវេណនៃបូ ជនិយដ្ឋានទាំងនោះជាដាច់ខាតផងដែរ។
សរុបសេចក្តីមក តាមអត្ថបទនៃសិលាចារឹក យើងអាចកត់ត្រាថា ទាំងអំណោយជាចលវត្ថុ និងអចលវត្ថុ ទាំងបម្រាម ឬការដាក់បណ្តាសានានានាសម័យអង្គរសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងប្រពៃណី ទំនៀមទម្លាប់ដែលធ្លាប់មានពីសម័យបុរេអង្គរម្ល៉េះ។ ចំពោះកំបោ យើងអាចរៀបរាប់នូវការរកឃើញថ្មីខាងបុរាណវិទ្យា នូវត្ថុបុរាណខ្មែរនៅប្រាសាទពិមាយ ដែលគបានយកតាំងនៅក្នុងសរមន្ទីរជាតិពិមាយបច្ចុប្បន្ននេះ។ ដូចនេះ វត្ថុបុរាណធ្វើអំពីសំរិទ្ធិទាំងនោះ ក៏ជាភស្តុតាងមួយបង្ហាញនូវប្រភពអង្គរនៃប្រដាប់ស៊ីម្លូស្លាខ្មែរ បច្ចុប្បន្នយ៉ាងប្រាកដ។
សូមរំឮកទៀតថា ឈ្មោះនៃសំណង់សម្ភារៈនាសម័យដើមរបស់ជនជាតិខ្មែរ ភាគច្រើនក៏ត្រូវបានបញ្ជាក់តាមរយៈវត្ថុបុរាណ ដែលជាគ្រឿងសម្ភារៈប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃផងដែរ៕
http://www.cen.com.kh
Post a Comment