ល្បែងឳបត្រឡាច ឬ បេះឪឡឹក
ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេងតែក្នុងពេលយប់ខែភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេលបុណ្យចូលឆ្នាំជាដើម ល្បែងខ្លះគេលេងមិនកំណត់ពេល ។
ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មានបុណ្យទានអ្វីនោះ មានល្បែងឳបត្រឡាច ឬបេះឪឡឹកជាដើម ។ ល្បែងនេះជាល្បែងកំសាន្តសប្បាយ របស់ពួកកុមារា កុមារី នៅគ្រប់និគមជនបទនៃប្រទេសកម្ពុជា ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
របៀបលេង មុនដំបូង ពួកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយគេចាត់ម្នាក់ឲ្យធ្វើត្រឡាច ឬឪឡឹក ម្នាក់ទៀតឲ្យធ្វើអ្នកទិញ សល់ប៉ុន្មានគេឲ្យធ្វើត្រឡាច ឬឪឡឹកទាំងអស់ ហើយអ្នកលេងទាំងនោះគេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ដោយហោចទៅសសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាលបានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាអ្នកទី១ ក្នុងបណ្ដាក្មេងដែលគេឲ្យធ្វើត្រឡាច ឬឪឡឹកនោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតជាអ្នកទី២ អង្គុយឱបចង្កេះយកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃ និងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱបក្មេងទី១ ដែរ ឯក្មេងដទៃទៀតក៏បន្តគ្នារហូតទាល់តែអស់ពួកក្មេងដែល ត្រូវធ្វើត្រឡាច ឬឪឡឹក ។ ឯក្មេងម្នាក់ដែលគេធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗក្បែរក្មេងជាត្រឡាច ឬឪឡឹកទាំងនោះ ហើយក្មេងម្នាក់ទៀត ដែលគេឲ្យធ្វើជាអ្នកទិញមកសួរតថ្លៃអ្នកលក់ បីដូចជាគេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយក៏ឲ្យអ្នកទិញបេះតាមចិត្ត ។ អ្នកទិញក៏ដើរយកដៃគោះខ្នងក្មេងដែលអង្គុយឱបគ្នានោះ ។ គោះបណ្ដើរសួរបណ្ដើរថា ខ្ចី ឬទុំ ? ។ អ្នកបន្តៗពីដើមទៅ ចេះតែឆ្លើយថា ខ្ចីៗ លុះដល់ចុងផ្លែបំផុតទើបឆ្លើយថា ទុំ រួចអ្នកទិញក៏បេះយកអ្នកនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយឱបគ្នាគេខំប្រឹងឱបចំកោងខ្នងតែរៀងខ្លួនតាំងពី អ្នកខាងចុងរហូតអ្នកខាងគល់ រេចុះរេឡើង ដោយអ្នកបេះប្រឹងទាញខ្លាំងពេក ។ អ្នកបេះក៏បេះប្រឡេះបានមួយម្ដងដរាបដល់អស់មនុស្សជួនកាលក៏បេះ បានប៉ុន្មានយកមកដាក់មួយដុំ បើអ្នកទិញបេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្ដងទៀត ។ ឯអ្នកលក់ អ្នកទិញទ្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្ដូរទៅធ្វើជាអ្នកលក់អ្នកទិញវិញ ។ គេធ្វើតែរបៀបនេះរហូតដល់ពេលឈប់លេង ។
ល្បែងនេះជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើងឲ្យមានកំលាំងពលំមាំមួន ឲ្យមានសាច់ដុំល្អ មានសុខភាពស្រួលបួល ៕
http://www.cen.com.kh
Post a Comment