ល្បែងលោតអន្ទាក់
ល្បែងលោតអន្ទាក់ ជាល្បែងសំរាប់កុមារា កុមារី ជំទង់ៗលេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬនៅពេលទំនេរខ្លះ តាមដែលគេស្ម័គ្រ ។ បានជាគេហៅថា �ល្បែងលោតអន្ទាក់� ព្រោះល្បែងនេះមានមនុស្សមួយពួកអង្គុយច្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្ទាក់ដៃ ចាំស្ទាក់អ្នកលោតកុំឲ្យលោតចូលបាន,មួយពួកទៀត ឈរជុំវិញចាំលោតរំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ ។ របៀបលេងល្បែងនេះ គេចែកពួកអ្នកលេងជា ២ ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ នាក់ម្ខាងឡើងទៅ ។
សកម្មភាពអ្នកលេងដូចរូបភាពនេះ៖
ពួកទី ១ អង្គុយច្រហោងដំកង់គ្នាជាវង់ ឃ្លាតពីគ្នាល្មមលាត ឬកាងដៃទាំងពីរខាងបាន ហើយចាប់ចុងដៃគ្នានឹងគ្នា មើលទៅឃើញភាពដូចជាអន្ទាក់ ។
ពួកទី ២ ឈរជុំវិញ ចាំលបឆ្មក់ លោតចូលក្នុងបន្ទាក់ដៃរបស់ពួកទី ១ ។
ពេលលេងពួកទាំង ២ នេះ សុទ្ធតែប្រុងប្រយ័ត្នរៀងខ្លួន គឺមុននឹងលោតចូល ពួកអ្នកឈរគេធ្វើវ៉ៃរ៉ៗជុំវិញពួកអ្នកអង្គុយ ឲ្យពួកអ្នកអង្គុយភ្លេចខ្លួន ឬពួកអ្នកលោត គេចាត់ឲ្យពួកគេខ្លះទៅពួននៅទីឆ្ងាយ ហើយឲ្យរួចរត់ពីចង្ងាយមកលោតចូលតែម្ដងក៏មាន ។ ចំណែកខាងពួកអ្នកអង្គុយ ធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នកលោត លោតប្លោះចូលមកក្នុងរង្វង់បាន ។ ឯពួកអ្នកអង្គុយគេលើកដៃឡើង ដោយប្រញាប់ជាបន្ទាន់ដើម្បីកុំឲ្យគេលោតចូលបាន ឬដើម្បីលើកដៃគះឲ្យប៉ះជើងអ្នកលោត ។ បើអ្នកអង្គុយគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នកលោតជាចាញ់ អ្នកធ្វើអន្ទាក់ជាឈ្នះ ហើយអ្នកខ្លះក្រោកឈរឡើងចាំលោត ឲ្យអ្នកចាញ់ទៅអង្គុយធ្វើអន្ទាក់វិញ ។ ឯពួកអ្នកលោតនោះ បើមានអ្នកណាម្នាក់លោតចូលបានដោយស្រួលគេឲ្យគ្នាគេទាំងអស់គ្នាចូលតាមទៅក្នុងរង្វង់អន្ទាក់នោះ ហើយពួកអ្នកលោតចូលបាននោះ គេនាំគ្នាលោតចេញវិញ គឺអ្នកលោតចូលបាននោះ គេឈរគ្រប់គ្នាគាបជើងលើអន្ទាក់ដៃអ្នកអង្គុយគ្រប់គ្នា ទុកជើងម្ខាងនៅក្នុង ជើងម្ខាងនៅក្រៅអន្ទាក់ដៃនោះ ។ បើក្នុងបណ្ដាពួកអ្នកលោតនេះ មានអ្នកណាម្នាក់ លោតចេញដោយស្រួលបាន មិនប៉ះដៃអ្នកអង្គុយ គេនាំគ្នាចេញតាមទាំងអស់ ។ តែការចេញនិងចូលបាននោះត្រូវចេញឬចូលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រកនោះទេទុកជាចាញ់ ។ ហើយការលោតចូល ឬលោតចេញនោះត្រូវតែលោតម្ដងម្នាក់ បើជួនជាស្របពីរនាក់ស្មើគ្នា ក៏គេចាត់ទុកជាចាញ់ដែរ ។ គេចេះតែផ្លាស់ប្ដូរគ្នាលេងតាមរបៀបនេះរៀងទៅដរាបដល់ពេលឈប់ ។
ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់កាយឲ្យមានសុខភាព មានកម្លាំងកាយរឹងប៉ឹង ហាត់ភ្នែកឲ្យវៃ ហាត់ស្មារតីឲ្យប្រុងប្រយ័ត្ន ចេះប្រើគំនិតឲ្យវាងវៃកុំឲ្យអ្នកដទៃបំភ័ន្តបាន ៕
http://www.cen.com.kh
Post a Comment