៥ចំណុចនេះ ជួយឲ្យអ្នកទន្ទេញមេរៀនឆាប់ចាំរហ័សជាងអ្នកដទៃ ហើយចាំបានយូរទៀត!

ខាងក្រោមនេះ គឺជា គន្លឹះមួយចំនួនដែលធ្វើឲ្យអ្នកទន្ទេញមេរៀន ឆាប់ចាំ និង ងាយយល់ ជាងមនុស្សដទៃទៀត៖
១) ជ្រើសរើសទីកន្លែង
ប្រសិទ្ធភាព នៃការទន្ទេញ គឺមានលក្ខណៈខុសៗគ្នា។ មនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្ត ឬ លក្ខណៈពិសេសផ្សេងៗគ្នា ដោយផ្អែកលើបរិស្ថានជុំវិញខ្លួន ពោលគឺអ្នកខ្លះអាចមើលសៀវភៅ នៅទីសាធារណៈក៏បាន តែអ្នកខ្លះទៀតត្រូវការនៅកន្លែងស្ងប់ស្ងាត់ដោយ មិនមានការរំខានពីអ្នកដទៃ។ ដូច្នេះ ហើយដើម្បី ប្រាកដថា អ្នកនឹង ទទួលផលវិជ្ជមានខ្ពស់ ក្នុងការទន្ទេញអ្វីមួយនោះ ត្រូវប្រាកដថា ទីតាំងណាដែលអ្នកពេញចិត្ត ហើយត្រូវនឹងអារម្មណ៍របស់ខ្លួនឯង។
២) ប្រើឧបករណ៍ថតសម្លេង ដើម្បីថតអ្វីដែលអ្នកទន្ទេញ
ជាទូទៅ ក្នុងពេលទន្ទេញមេរៀនម្តងៗ មនុស្សភាគច្រើនតែងតែប្រើសៀវភៅជាគោល ដើម្បីអាន ហើយ ធ្វើការទន្ទេញឲ្យចាំ។ ក្នុងស្ថានភាពនេះ អ្នកត្រូវបើកសៀវភៅអានច្រើនដង ដែលពេលខ្លះធ្វើឲ្យធុញទ្រាន់ផងដែរ ពេលដែលមេរៀននោះ ពិបាកយល់ ឬ មិនងាយចាំ។ ជម្រើសដ៏ល្អមួយ ក្នុងពេលទន្ទេញមេរៀននោះ អ្នកគួរតែថតសម្លេងខ្លួនឯងទុក។ ការធ្វើបែបនេះ វាពិតជាមានសារៈសំខាន់ ព្រោះអ្នកមិនចាំបាច់បើកសៀវភៅម្តងហើយម្តងទៀតនោះទេ ពោលគឺគ្រាន់តែស្តាប់សម្លេងនោះសារថ្មី ហើយធ្វើការទន្ទេញឡើងវិញ។ វិធីនេះ ប្រាកដជាផ្តល់លក្ខណៈងាយស្រួល ដល់អ្នក ដោយសារវាចំណេញពេលវេលា និង ឆាប់ចាំ ព្រោះសម្លេងដែលអ្នកថតនោះ គឺរម្លឹកអ្នកគ្រប់ពេល នៅពេលដែលបើកស្តាប់។
...មូលដ្ឋានគ្រឹះទាំង៨ នៃសុភមង្គលដែលអ្នកមិនគួរមើលរំលង...
៣) សរសេរអ្វីដែលបានចាំទុកក្នុងសៀវភៅ (ចំណុចគោល)
បន្ទាប់ពីបាន ទន្ទេញលើមេរៀនអ្វីមួយហើយ អ្នកគួរតែទាញប៊ិច សរសេររាល់អ្វីដែលអ្នកបានចាំពីការទន្ទេញកន្លងមក។ ការធ្វើបែបនេះ វាពិតជាជួយឲ្យអ្នកអាចចងចាំ បានយូរ ពោលគឺមិនងាយភ្លេចដោយងាយៗនោះទេ។ ម្យ៉ាងវិញទៀត ការធ្វើបែបនេះ ក៏បង្ហាញអំពីសមត្ថភាពនៃការចងចាំរបស់អ្នក ថាតើភ្លេចចំណុចអ្វីខ្លះ ដើម្បីអាចបំពេញបន្ថែមឡើងវិញ។
...ហេតុផល ១០ ដែលក្រុមហ៊ុនត្រូវជួលបុគ្គលិកមានសមត្ថភាពមកធ្វើការ...
៤) ចាប់ផ្តើមទន្ទេញឡើងវិញ
ក្រោយពេលបានកត់ត្រាអ្វីដែលអ្នកចាំចូលក្នុងសៀវភៅ ឬ ក្រដាសរួចហើយនោះ អ្នកគួរតែចាប់ផ្តើមទន្ទេញវាឡើងវិញ ដោយមិនត្រូវការមើលសៀវភៅឡើងវិញនោះទេ។ ត្រូវធ្វើបែបនេះ ជាច្រើនលើកច្រើនសាដើម្បី ប្រាកដថា អ្នកចងចាំរាល់អ្វីដែលសំខាន់។ ការធ្វើបែបនេះ អាចជួយឲ្យអ្នក ចងចាំមេរៀនបានយូរ។
៥) ប្រាប់ ឬ បង្រៀនអ្វីដែលចាំទៅកាន់អ្នកដទៃ (បើមានពេល)
វិធីសាស្ត្រដ៏ សំខាន់បំផុត ដើម្បីធានានិរន្តរភាព នៃការចងចាំ អ្នកគួរតែឆ្លៀតពេលពន្យល់ ឬ បង្រៀន ចំណុចសំខាន់ៗ ទៅកាន់អ្នកដទៃ មានដូចជា មិត្តភក្ដិ ប្អូន ឬ អ្នកណាដែលត្រូវការចំណេះដឹងដែលអ្នកមាន។ ជាទូទៅ អ្នកអាចនឹងភ្លេចទៅវិញ ដោយងាយប្រសិនបើមិនបានរម្លឹកឡើងវិញជារឿយៗ ប៉ុន្តែ ប្រសិនបើអ្នកបង្រៀនមនុស្សជុំវិញខ្លួនវិញ នោះមេរៀន ឬ ចំណេះដឹងទាំងឡាយដែលខំទន្ទេញកន្លងមក នឹងស្ថិតក្នុងការចងចាំរបស់អ្នកដ៏យូរអង្វែង៕
http://thebnews.com/news/5828/
Post a Comment