Header Ads


 

ពិធី​បង្ហោះ​ខ្លែងឯក​ក្នុងសម័យ​បុរាណ​


តាម​ប្រភព​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹងថា ពី​បុរាណកាល​មក​នៅ​ខែ​មិគសិរ ជនជាតិខ្មែរ​ទាំងចាស់​ទាំង​ក្មេង តែងតែ​បង្ហោះ​ខ្លែង​។ ទំនៀម​ទំលាប់​បង្ហោះ​ខ្លែង​នេះ ដែល​សព្វថ្ងៃ​ត្រូវបាន​រស់​ឡើងវិញ ក្រោយពី​ឆ្នាំ ១៩៩៣ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ឥទ្ធិពល​ទៅលើ​មហាជន​នៃ​សង្គម​ខ្មែរ​នា​ជំនាន់​នោះ​ទាំងមូល​។ តាមពិតទៅ ប្រពៃណី​បង្ហោះ​ខ្លែង​នេះ គេ​ជឿថា គឺជា​ពិធី​កម្ម​មួយ​ធ្វើឡើង​សម្រាប់​ថ្វាយ​ព្រះពាយ ឬ​វាយោ​។​
​    ​ប្រភព​ឯកសារ​បាន​ឲ្យ​ដឹងថា ការ​បង្ហោះ​ខ្លែង​ដ៏​បរម​បុរាណ​មួយ​នេះ មិន​គ្រាន់តែ​ជា​ល្បែង​កំសាន្ត​តែប៉ុណ្ណោះ​ទេ វា​ថែមទាំង​ជា​ព្រះ​រាជពិធី​មួយ​ដ៏​បរម​បុរាណ​ដែរ ព្រោះថា​ទាំង​ព្រះមហាក្សត្រ ទាំង​ប្រជា​នុ​រាស្រ្ត រមែងតែ​ប្រារព្ធ​ក្នុង​រយៈពេល​មួយ​ក្នុង​ខែ​មិគសិរ​ក្នុង​អតីតកាល​។​
    ​បើតាម​លោក​អៃ​ប៉ូ​នី​យេ នៅ​យប់​ពេញបូណ៌មី ព្រះ​ភិក្ខុសង្ឃ​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​អង្គឌួង​និមន្ត​ឲ្យ​មក​សូត្រមន្ត ដោយ​មានការ​ប្រគេន​ចង្ហាន់​នូវ​ព្រះសង្ឃ​ផងដែរ ហើយ​នៅពេល​យប់​ទើប​ព្រះមហាក្សត្រ​ចាប់ផ្តើម​បង្ហោះ​ខ្លែងឯក​ជាមួយ​សព្វ​ នាម៉ឺន​មន្ត្រី​ដែល​បាន​ចូលរួម​ពិធី​នេះ​យ៉ាង​មហោឡា​រឹក​។​
ខ្លែងឯក (ឯកសារ ប៉ូ​រេ មា​ស្ពេ​រ៉ូ​)
    ​បើ​គិត​ឲ្យ​បាន​ទូលំទូលាយ​ទៅ យើង​ឃើញថា ការ​បង្ហោះ​ខ្លែង​នេះ​មាន​លក្ខណៈ​បែប​ព្រាហ្មណ៍​និយម ទោះបី​មាន​វត្តមាន​ព្រះ​ភិក្ខុសង្ឃ​ចូលរួម​ក្តី ហើយ​គោលបំណង គឺជា​ដ​ង្វា​យ​ចំពោះ​ព្រះពាយ​យ៉ាង​ប្រាកដ ដើម្បី​សេចក្តីសុខ​ចំរើន សិរី​មង្គល​។​
​តាម​ធម្មតា ពិធី​កម្មនេះ ដែល​​ប្រព្រឹត្ត​មក មិនមែន​គ្រាន់តែ​ជា​ល្បែង​កំសាន្ត​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ ទង្វើ​នេះ ក្នុង​ផ្នត់គំនិត​របស់​អ្នកចាត់ចែង រៀបចំ​ពិធី​បង្ហោះ​ខ្លែង គឺ​ដើម្បី​ពត់​មនោសញ្ចេតនា​របស់​ព្រះ​វាយោ ដែលជា​ព្រះអាទិទេព​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​។ សេចក្តី​ខុសប្លែកគ្នា ដែល​កើតឡើង​នៅ​ស​.​វ​ទី ១៩ គឹ​ការ​ប្រារព្ធ​ការ​បង្ហោះ​ខ្លែង មាន​លក្ខណៈ​សំយោគ​រវាង​លទ្ធិ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​ ដូច​ពោល​ខាងលើ បើ​យើង​ពិនិត្យ​ដំណើរការ ឬ​បែបបទ​នៃ​ព្រះ​រាជពិធី​នេះ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​គោលបំណង​នៃ​ពិធី​នេះ នៅតែ​រក្សា​តម្លៃ​ដដែល​ដែរ​។​
​     និយាយ​ជារួម ព្រះមហាក្សត្រ​ខ្មែរ ក៏ដូចជា​ពួក​ព្រាហ្មណ៍​បុរោហិត ក្នុង​ព្រះបរមរាជវាំង ដែល​បានរៀបចំ​ចាត់ចែង​ព្រះរាជ​ពិធី​នេះ​ឡើង ដឹង​យ៉ាងច្បាស់​នូវ​អត្ថន័យ​ស៊ីជម្រៅ ឬ​សារសំខាន់ ទើប​ប្រារព្ធ​ឡើង ពោលគឺ​ដើម្បី​ឲ្យ​ព្រះរាជ​នគរ​ខ្មែរ​ជៀស​ចេញ​ឲ្យ​ផុតពី​ភាព​រីងស្ងួត ដោយ​អង្វរ​ព្រះ​វាយោ​នាំយក​នូវ​ទឹកភ្លៀង​ឲ្យ​ពេញ​បរិបូ​ណ៍​សម្រាប់​វិស័យ​ កសិកម​។​
​    សូម​រំលឹក​ផងដែរ​ថា គេ​បាន​រកឃើញ​នូវ​ផ្ទាំង​សិលាចារឹក​បុ​រេ​អង្គរ​មួយ​ផ្ទាំង ដែល​បាន​ពិពណ៌នា​អំពី​អំណោយ​ជា​ខ្លែង​ចំពោះ​បូជនីយដ្ឋាន ក្នុង​រាជ្យ​របស់​ព្រះបាទ​ភ​វ​វរ្ម័នទី​១ ពោលគឺ​នា​ចុង​ស​.​វ​ទី ៦ នៃ​គ​.​ស ដ​ង្វា​យ​នេះ ឆ្លុះបញ្ចាំង​ឲ្យ​យើង​ដឹងថា ពិធី​បង្ហោះ​ខ្លែង​ត្រូវបាន​ប្រារព្ធ​តាំងពី​សម័យ​បុ​រេ​អង្គរ​ម្ល៉េះ​។ ម្យ៉ាងវិញទៀត ទិន្ន័យ​ខាង​បុរាណវិទ្យា​ដ៏​កម្រ​នេះ ក៏​ជា​តឹកតាង​ជា​ប្រវត្តិសាស្ត្រ​មួយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​លក្ខណៈ​បែប​ ព្រាហ្មណ៍​និយមនៃ​ប្រពៃណី​ខាងលើនេះ​ផងដែរ​៕

http://www.cen.com.kh

No comments

Powered by Blogger.