Header Ads


 

ទស្សនៈ​វិស័យ​ពាក់ព័ន្ធ​នឹង​ព្រះ​នាង​លក្ស្មី




ចម្លាក់ព្រះនាង ជ័យរាជទេវី ក្រោមរូបភាពលក្ម្សី និង ចម្លាក់លក្ម្សី, សំរឹទ្ធិ
   ​បណ្តា​ចម្លាក់​ផ្តែរ​និង​ចម្លាក់​ទេវរូប​ជាច្រើន ដែល​បាន​សល់​ពី​សម័យ​វប្បធម៌​អង្គរ បាន​បង្ហាញ​នូវ​តួនាទី​របស់​ព្រះ​នាង​លក្ស្មី ក្នុង​សម័យ​នោះ ។ នៅ​ប្រាសាទភ្នំរុង ដែល​បាន​សាងសង់​ឡើង​នៅ សតវត្សរ៍​ទី​១១ ក្នុង​ខេត្ត​បុរីរម្យ​បច្ចុប្បន្ន គេ​ឃើញ​មាន​ចម្លាក់​ផ្តែរ​មួយ​ដ៏​ល្អ​ប្រណីត ពិពណ៌នា​អំពី​ការបង្កើត​លោក ។ នៅលើ​ចម្លាក់​នោះ គេ​ឃើញ​ព្រះ​វិស្ណុ​ផ្ទំ​លើ​នាគរាជ​អនន្ត ឬ សេសៈ ( ក្បាល​៥) រីឯ​នៅ​ផ្នែក​ខាង​ចុង​ផ្តែរ ព្រះ​នាង​លក្ស្មី​ទ្រ​ព្រះបាទ​ទាំងពីរ​របស់​ទ្រង់ ។ នៅ​ចំ​កណ្តាល​ទងផ្ចិត គេ​ឃើញ​ព្រះព្រហ្ម​ផុសចេញ​ដោយ​សន្សឹមៗ ។ ការតុបតែង​ក្បាច់ចម្លាក់​បែបនេះ ពិតជា​ត្រូវ​គេ​ធ្វើឡើង​ដើម្បី​បង្ហាញនូវ​ទស្សនៈ​សំខាន់​របស់​លទ្ធិ​ព្រហ្មញ្ញសាសនា ស្តី​ពី​ការកសាង​លោក ។​
​    ​នៅក្នុង​ប្រាសាទ​ខ្លះ​ ដូចជាប្រាសាទ​ជីក្រែង នៅ​ខេត្ត​កំពង់ធំ ក៏​មាន​ការរៀបចំ​ដាក់តាំង​ចម្លាក់ តំណាង​ព្រះ​ទេវៈ​បី​អង្គ ដើម្បី​ទុក​ជាទី​គោរព​សក្ការៈ គឺ​ព្រះ​វិស្ណុ​អមដោយ​ព្រះ​នាង​លក្ស្មី​នៅ​ខាង​ដៃស្តាំ ព្រះ​នាង​ភូ​ទេវី ​នៅ​ខាងឆ្វេង ។ ទាំង​ព្រះ​នាង​លក្ស្មី ទាំង​ព្រះ​នាង​ភូ​ទេវី នៅ​ដៃ​មាន​កាន់​ផ្កាឈូក​មួយទង​រៀងៗ​ខ្លួន ។ គួររំលឹកថា គេ​បាន​ឆ្លាក់​ព្រះ​វិស្ណុ ដោយ​មាន​ដៃ​មួយ​ដាក់​លើ​ស្មា​របស់​ព្រះ​នាង​លក្ស្មី ហើយ​ដៃ​មួយទៀត​របស់​ទ្រង់​កាន់​ដៃ​ព្រះ​នាង​ភូ​ទេវី ។ នេះ​ជា​សារ​មួយ​យ៉ាងសំខាន់ បង្ហាញ​យ៉ាង​ច្បាស់លាស់​នូវ​សេចក្តីស្នេហា​ដ៏​ជ្រាលជ្រៅ ហើយ​យ៉ាង​ប្រាកដប្រជា​របស់​ព្រះអង្គជាមួយ​មហេសី​ទាំងពីរ​អង្គ ។​
​    ​គប្បី​យើង​ផ្តោត​ការយកចិត្តទុកដាក់លើ​ចម្លាក់​ផ្សេងៗ​ទៀត ដូច​ករណី​ចម្លាក់​មួយ ដែល​គេ​ឃើញ​មាន​ព្រះអាទិទេព​បី​អង្គ ពីរ​ជា​ភេទ​ប្រុស គឺ​ព្រះ​វិស្ណុ​និង​ព្រះ​សិវៈ និង​មួយទៀត​ភេទ​ស្រី គឺ​ព្រះ​នាង​លក្ស្មី ។ សូម​ធ្វើ​សេចក្តី​សម្គាល់ថា ដូច​នៅ​ចម្លាក់​ផ្តែរ​ខាងលើ ចម្លាក់​នេះ​ក៏​ស្ថិត​ក្នុង​បរិយាកាស​មួយ ដែល​ប្រកបដោយ​ភាពទន់ភ្លន់​ ញញឹម​ស្រស់ ហើយ​ប្រកប​ដោយ​មន្ត​ស្នេហ៍ ។

ក្បាច់ផ្តែរ ប្រាសាទថ្នមប្តី, កំពង់លែង (ថត ២០០៧)

​    ​ក្នុងពេល​ជាមួយគ្នា យើង​ក៏​បាន​ជួបប្រទះ​នូវ​ចម្លាក់​តូច​ធំ​ធ្វើ​អំពី​សំរឹទ្ធិ តំណាង​ព្រះ​នាង​លក្ស្មី ។ ​ដោយសារ​រូបចម្លាក់​ទាំងនេះ យើង​ដឹង​ថា ជារួម​ប្រជាជន​ខ្មែរ​នា​សម័យអង្គរ វត្តមាន​នៃ​ព្រះ​បដិមា​បុរាណ​ទាំងឡាយ ស្ថិត​ក្នុង​បរិបទ​វប្បធម៌​ចម្រុះ ហើយ​មាន​ការយោគយល់​គ្នា ខាង​មនោគមវិជ្ជា​សាសនា ដោយ​ផ្តោត​អាទិភាព​លើ​ស្ត្រីភេទ ​តំណាង​ដោយ​ព្រះ​នាង​លក្ស្មី ។ មានន័យ​ថា គ្មាន​បដិវាទកម្ម​រវាង​ភេទ​ប្រុស​និង​ស្រី​ទេក្នុង​សម័យ​បុរាណ ៕

http://www.cen.com.kh

No comments

Powered by Blogger.