ល្បែងប្រជល់មាន់
ល្បែងប្រជល់មាន់ ជាល្បែងមួយយ៉ាងរបស់ពួកកុមារា កុមារី ជំទង់ៗទូទៅក្នុងកម្ពុជរដ្ឋ គេតែងតែលេងកំសាន្តក្នុងវេលាយប់ ។ សមាសភាពនៃអ្នកលេងល្បែងនេះ មាន ៤ នាក់ គឺប្រុសម្នាក់ ធ្វើមាន់ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ប្រុសម្នាក់ស្រីម្នាក់ចាំធ្វើជាអ្នកឲ្យទឹកមាន់ ។ ពេលលេងប្រុសម្នាក់ស្រីម្នាក់ដែលធ្វើមាន់ ចូលទៅឱនក្រាបទន្ទឹមគ្នា មួយបែរមុខទៅខាងជើង មួយបែរមុខទៅខាងត្បូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ឈ្មោល មាន់ញី របស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន ។
សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖
ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើងថា ‹យើងបានគ្នាហើយ› ។ បន្ទាប់ពីម្ចាស់មាន់ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយដើរឱនៗចូលទៅឈរជិតគ្នា មានអាការៈដូចអួតជល់គ្នា តែមិនឲ្យប៉ះទង្គិចស្មាឬប៉ះដៃគ្នាទេ គ្រាន់តែលើកដាក់ដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ម្ចាស់មាន់ប៉ុណ្ណោះ ។ ពេលនោះ ម្ចាស់មាន់គេច្រៀងឡើងថា ‹មាន់នាងនីវ៉ើយៗ ជល់នឹងមាន់នាងនល់ លោកឲ្យលោកប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ› ។ កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្ដាលវង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយធ្វើអការៈទទះស្លាបដូចមុន ម្ចាស់មាន់ក៏ស្រែកច្រៀងដូចមុនម្ដងទៀត ។
មាន់ខាងណាមានអាការៈក្លៀវក្លាស្វាហាប់ក្លាហានខ្លាំងពូកែជាងគេ ក្នុងវេលាជល់គេទុកជាឈ្នះ ។ កាលបើមានមួយគូមុន ដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹក គឺឲ្យផឹកទឹកត្នោត ឬឲ្យស៊ីបបរជាដើម ជាកំសាន្តសប្បាយ ហើយគេរៀបចំប្រជល់សារជាថ្មីទៅទៀត ។ គេលេងតែរបៀបនេះរហូតដល់ពេលឈប់ ។
ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសំរាប់បង្ហាត់ក្មេងឲ្យមានទំលាប់ប្រកាន់នូវសេចក្ដីក្លាហានបាន ៕
http://www.cen.com.kh
Post a Comment