Header Ads


 

ការរៀបចំ​អ​រោ​គ្យ​សាលា​នា​សម័យ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧


មន្ទីរពេទ្យ​ឬ​អ​រោ​គ្យ​សាលា ចំនួន ១០២ ត្រូវបាន​គេ​ស្គាល់​ដឹង​ចាប់ពី​ឆ្នាំ ១៩០២ តាមរយៈ​ផ្ទាំងសិលា​ចារឹក​នៅ​ស្រុក​សាយ​ហ្វុ​ង ប្រទេស​ឡាវ​/​លាវ បច្ចុប្បន្ន​។ សូម​រំលឹកថា ដូច​បាន​ពោល​ខាងលើ អ​រោ​គ្យ​សាលា និង​ធម្មសាលា​នៅក្នុង​ប្រទេស​ឡាវ​/​លាវ និង​ថៃ​បច្ចុប្បន្ន គឺជា​ភ័ស្តុតាង​នៃ​វត្តមាន​ខ្មែរ ក្នុង​តំបន់​នេះ ដែល​ធ្លាប់ជា​ភាគ​មួយ​នៃ​ដែនដី​ខ្មែរ​បុរាណ​យ៉ាង​ប្រាកដ​។​
​    ​យោង​លើ​ស្លោក XLV នៃ​សិលាចារឹក​នេះ យើង​ឃើញថា​ក្នុង​អ​រោ​គ្យ​សាលា​នីមួយៗ មាន​គ្រូពេទ្យ ២​នាក់ អមដោយ​ស្ត្រី​ពីរ​នាក់ និង មនុស្ស​ប្រុស​ម្នាក់ គ្រូថ្នាំ​ពីរ​នាក់​នៅ​ឃ្លាំង​សម្រាប់​ចែកចាយ​ថ្នាំសង្កូវ​, អ្នក​ដាំ​ស្ល​ពីរ​នាក់​គឺជា​អ្នក​សំអាត​ផង​។ អ្នកមើល​ជម្ងឺ (​គិលានុបដ្ឋាក​) ចំនួន ១៤ នាក់​, ស្ត្រី​ចំនួន ៨​នាក់ សម្រាប់​ដាំទឹក​, កាន់​ថ្នាំ និង​បុកស្រូវ​។​
​ មាន​មនុស្ស​ចំនួន ៦៦​នាក់​ទៀត ដែលជា​អ្នកធ្វើការ​ក្នុង​មន្ទីរពេទ្យ ដែល​មិន​បានទទួល​ការឧបត្ថម្ភ ចំណាយ​ដោយ​ខ្លួនឯង​។​
​សិលាចារឹក​នៃ​អ​រោ​គ្យ​សាលា នៃ​ប្រាសាទ​ចោម​ព្រះ ខេត្ត​សុ​រិ​ន្ទ្រ សារមន្ទីរ​ខេត្ត​សុ​រិ​ន្ទ្រ (​ម​.​ត ១៩៩៦)
    ​បន្ទាប់មកទៀត យើង​ឃើញ​មាន​អាចារ្យ​ចំនួន​ពីរ ដើម្បី​ពិធី​កម្ម ហើយ​ហោរាសាស្ត្រ​ម្នាក់ ដោយហេតុថា ប្រភេទ​ជម្ងឺ​, ការធ្វើ​វិភាគ ដើម្បី​មើល​ការវិវត្ត​របស់​វា និង​ការថែទាំ ពឹងពាក់​លើ​ពេលវេលា ដែល​រោគ​បាន​ផុសចេញ​។​
​    ​អ្នក​ដែល​ទទួល​ការព្យាបាល​រៀងរាល់ថ្ងៃ ឬក៏​ក្នុងឱកាស​ណាមួយ​ក្នុង​ឆ្នាំ នូវ​ឧបភោគបរិភោគ​ធម្មតា​ដូចជា ឡាវហាវ​, វ៉ាន់ស៊ុយ​, ក្រវាញ​, ខ្ញី​, បាយ​, ប្រេង​, ស្ក​, ទឹកឃ្មុំ​, ក្រមួន​, ខ្ទឹម​, អប់​ទឹកខ្មេះ​, ល្ង និង​ផ្លែ​ពុទ្ទ្រា​៘ និង​ឧបភោគ ដូចជា​សម្លៀកបំពាក់​, ថ្នាំ ដែលមាន​ចំនួន​ត្រូវ​បានកំណត់​ត្រឹមត្រូវ​។ វត្ថុ​ទាំងនោះ ត្រូវ​វាស់​ប្រគល់អោយ​អ្នក​ជម្ងឺ​ដោយ​ទៀងទាត់​ណាស់​។ ម្យ៉ាងវិញទៀត យើង​ក៏​ដឹងផង​ដែរ​ថា ថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺ​មាន ៣៦​ប្រភេទ​ទាំងអស់ ដែល​គេ​ប្រើ​ប្រចាំថ្ងៃ​ក្នុង​មន្ទីរពេទ្យ​នីមួយ​ៗក្នុង​ចក្រភព​កម្ពុជទេស​។ ​
​ជា​ព័ត៌មាន​ពិស្តា យើង​សូម​រំ​ឮ​ក​ឡើងវិញ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់លោក​ហ្ស​ក ស៊ឺ​ដេ​ស (Cf. អំពី​មហាក្សត្រ​មួយអង្គ​ក្នុង​ក្រុង​កម្ពុជា ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ប្រែ​ដោយ​ជុំ ម៉ៅ ឆ្នាំ ១៩៣៥ ភ្នំពេញ​)
"មនុស្ស​ទាំង ៤​ពួក អាច​នឹង​ចូលមក​ឲ្យ​គេ​រក្សា​រោគ​ក្នុង​ទីនេះ​បាន​គ្រប់គ្នា​។ មាន​គ្រូ​ពេ​ទ្យ ២​នាក់ ក្នុង​ពេទ្យ​ម្នាក់​មាន​មនុស្ស​ក្រោមបង្គាប់​ជាច្រើន គឺ​ប្រុស​ម្នាក់ ស្រី​ពីរ​នាក់ ដែល​ត្រូវបាន​តាំងទី​លំនៅ​ក្នុង​ទីនោះ មេ​ឃ្លាំង ២​នាក់ មានមុខ​ក្រសួង​ត្រូវ​ចែក​ថ្នាំ ចុងភៅ ២​នាក់ ដែល​មា​នអំណា​ច ត្រូវបាន​អុស និង​ទឹក ហើយ​ត្រូវ​ធ្វើការ​បោសសំអាត​មន្ទីរ​ព្យាបាល​ផង អ្នកបម្រើ​ប្រុស ២​នាក់ រៀបចំ​ដ​ង្វា​យ​ព្រះ ដែល​ត្រូវបាន​ថ្នាំសង្កូវ និង​អុស អ្នក​ព្យាបាល​រោគ ១៤​នាក់​ចែក​ថ្នាំ ស្រី៦នាក់ មានមុខ​ក្រសួង​ត្រូវ​ដាំទឹក​ក្តៅ និង​បុក​ថ្នាំ ស្រី ២​នាក់ សម្រាប់​បុកស្រូវ​ទាំងអស់ ត្រូវ​ប្រើ​អ្នកបម្រើ​ស្រី ៨​នាក់ ដែល​ត្រូវបាន​តាំង​លំនៅ​ក្នុង​មន្ទីរ គឺ​២​នាក់ ១​បន្ទប់​។ ចំនួន​មនុស្ស​ទាំងអស់ ដែល​ត្រូវមាន​លំនៅ​ក្នុង​រោង​ព្យាបាល ត្រូវ​៣២​នាក់​។ ម្យ៉ាងវិញទៀត នៅមាន​មនុស្ស​បំរើ​៦៦​នាក់​ទៀត ដែល​នៅ ដោយ​ចេញ​សោហ៊ុយ​ខ្លួនឯង​។ រួមទាំង​អស់​ត្រូវ ៩៨​នាក់​"
​ ម្យ៉ាងវិញទៀត ប្រកាស​នៃ​រោង​ព្យាបាល ដែលមាន​ចំនួន​ទាំង ១០២ ទូទាំង​ចក្រភព​ខ្មែរ ក៏បាន​ឲ្យ​ដឹងថា ព្រះរាជហឫទ័យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ "​ពេញ​ដោយ​សេចក្តី​មេត្តា ដើម​សេចក្តីសុខ​ចំរើន​ដល់​លោក​ទាំងមូល​។ ព្រះមហាក្សត្រ​ទ្រង់​ធ្វើ​សេចក្តី​ឧទ្ទិស ដូច្នេះ​ថា សត្វ​ទាំងអស់​ដែល​លិចលង់​ក្នង​សមុទ្រ គឺ​វដ្ត​សង្សារ សូម​ឲ្យ​ខ្ញុំព្រះករុណាខ្ញុំ ស្រោចស្រង់​បាន​ដោយ​អំណាច​អំពើ​ដ៏​ប្រសើរ​នេះ​។ សូម​ឲ្យ​ក្សត្រ​គ្រប់​អង្គ​ក្នុង​កម្ពុជទេស ដែល​ជាប់​ដោយ​សេចក្តី​ល្អ ហើយ​ដែលជា​អ្នក​ជួយ​ថែរក្សា​ការកសាង​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​បាន​ដល់ទី​ ដែល​ផុត​ចាក​ទុក្ខ ដែល​គ្មាន​ជម្ងឺ​មួយអន្លើ ដោយ​ព្រះរាជវង្សានុវង្ស ព្រះ​អគ្គមហេសី សេនា​មា​ត្យ និង​មិត្រ​សម្លាញ់​ទាំងអស់គ្នា​" (Cf. ហ្ស​ក ស៊ឺ​ដេ​ស អំពី​មហាក្សត្រ​មួយអង្គ​ក្នុង​ក្រុង​កម្ពុជា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រែ​ដោយ​ជុំ ម៉ៅ ឆ្នាំ​១៩៣៥ ភ្នំពេញ​)​។​
​ ម្យ៉ាងវិញទៀត សិលាចារឹក​ប្រកាស​ទាំងនោះ ដែលមាន​សេចក្តី​ដូចៗ​គ្នា​បាន​ឲ្យ​ដឹង​ទៀតថា អ​រោ​គ្យ​សាលា​ទាំងនោះ ស្ថិតនៅក្រោម​សេចក្តី​ប្រសិទ្ធិ​នៃ​ព្រះ​ពោធិសត្វ ដែលមាន​ព្រះនាម​ថា ភៃ​ស​ជ្យ​គុរុ វៃ​ទុ​រ្យ​ប្រភា មានន័យថា "​គ្រូថ្នាំ​ដែលមាន​ពន្លឺ​ដូចជា​កែវ​ដ៏​ប្រសើរ​"​។​
​ថ្មីៗ​នេះ ការធ្វើ​កំណាយ​ខាង​បុរាណ​វិ​ទ្យ​បាន​ឲ្យ​ដឹងថា មានការ​កប់ស​ពនៅ​ជុំវិញ​នៃ​រោង​ព្យាបាល​នា​សម័យ​នោះ​ផងដែរ​៕

http://www.cen.com.kh

No comments

Powered by Blogger.