Header Ads


 

កំណើតរាហូ​និង​កេតុ​


ការគោរព​បូជា​រាហូ​និង​កេតុ មាន​ក្នុង​ទឹកដី​កម្ពុជា​តាំងតែ​ពី​សម័យ​បុរេ​អង្គរ​មក​ម្ល៉េះ ។ ក្បាច់​ផ្តែរ​ចាស់​ជាងគេ​បំផុត​ពាក់ព័ន្ធ​នឹង​អាទិទេពរងនេះ ដែល​បានមកពី​ក្រុម​ប្រាសាទសម្បូរព្រៃគុក គឺ​ស្ថិត​ក្នុង​អំឡុងចុង​ស​តវត្សរ៍​ទី​៦ និង​ដើម ស​តវត្សរ៍​​ទី​៧ ។ ក៏ប៉ុន្តែទោះជា​យ៉ាងនេះក្តី គេ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ប្រភព​កំណើតនៃ​ទេវៈ​លំដាប់​ក្រោម​ទាំងនោះ​នៅ​ ឡើយ ។

ក្បាលរាហ៊ូ, ដីដុត, អង្គរបុរី, សារមន្ទីរជាតិពន្ធុវិទ្យា (ថត ២០១០)
​     ​នៅក្នុង​គម្ពីរ​ត្រៃភូមិ​ខ្មែរ យើង​​បាន​ឃើញ​មានការ​ពិពណ៌នាអំពី​រាហូ​និង​កេតុ​ផងដែរ ប៉ុន្តែ​ប្រការ​នេះ​មិន​មានន័យថា ទេវៈ​ទាំងពីរ​អង្គ​ខាងលើ​នេះបាន​ប្រសូត​ចេញពី​លទ្ធិ​ពុទ្ធសាសនា​នោះទេ ។ តើ​រាហូ​និង​កេតុ​មាន​ដើមកំណើត​ចេញ​ពី​ណា​មក ?
​    ​ក្នុងការ​ឈ្វេងយល់​ពី​ប្រភពដើម នៃ​អាទិទេព​ទាំង​ពីរ​នោះ ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ក្នុង​ប្រព័ន្ធ​គំនិត​ខ្មែរ ជាពិសេស​ក្នុង​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម​បុរាណ យើង​ត្រូវ​យក​ទេវ​កថាបែប​ព្រហ្មញ្ញសាសនា​ជា​មូលដ្ឋាន​បង្អែក ។ ពីព្រោះ​គម្ពីរ​សាសនាព្រាហ្មណ៍​បាន​តែង​ឡើង​មុន​កំណើត​នៃ​លទ្ធិ​ ព្រះពុទ្ធសាសនា ។ បើ​និយាយ​ម្យ៉ាងទៀត ការ​សិក្សា​វិភាគ​រឿង​ការ​កូរ​សមុទ្រ​ទឹកដោះ ដែល​មាន​ក្នុង​ទេវកថា​បែប​ព្រហ្មញ្ញសាសនា ជា​ភស្តុតាង​ដ៏​ជាក់លាក់​មួយស្តី​អំពី​ប្រភព​ព្រាហ្មណ៍​និយម នៃ​រាហូ​និង​កេតុ មុន​នឹង​ត្រូវបាន​បញ្ចូល​ដោយ​រលូន​ក្នុង​ទេវ​កថា​វិទ្យាបែប​ពុទ្ធ​និយម ។​
​     ​ជាទូទៅ ទេវ​កថាទាក់ទិន​ទៅ​នឹង​ការ​កូរ​សមុទ្រ​ទឹក​ដោះ រវាង​ពពួក​ទេវតា​និង​អសុរៈឬ​យក្ស ផ្តើមនិយាយ​អំពី​ចម្បាំងរវាង​សភាវៈ​ទាំងពីរ​ខាងលើ​នេះ ដោយ​ផ្តោត​លើ​ភាព​ខ្សត់ខ្សោយ​របស់​ក្រុម​ទេវៈ ។ គឺ​ភាពទន់ខ្សោយ​នេះហើយ ដែល​បាន​បង្ខំ​ឲ្យ​ពពួ​កទេវៈ​ជំនុំ​ពិភាក្សា​គ្នា​រិះរក​មធ្យោបាយ ដើម្បី​យក​ជ័យជម្នះ​លើ​ពពួក​អ​សុរៈ ។​

ផ្តែរនព្វគ្រោះដែលមានវត្តមានរបស់រាហ៊ូ និង កេតុ (ឯកសារសារមន្ទីរជាតិភ្នំពេញ)
​     ​ក្រោយ​ពី​ពិគ្រោះ​យ៉ាង​ល្អិតល្អន់ ពួក​គេ​យល់ឃើញ​ថា មានតែ​ទឹកអម្រឹត​ដ៏​ពិសិដ្ឋ​ទេ ដែល​អាច​នាំ​ពួកគេ​ទទួល​ជ័យ​ជម្នះជា​ស្ថាព​របាន ។ ប៉ុន្តែ​ពពួក​ទេវតា​យល់ឃើញថា ពួកគេ​នឹង​មិន​អាច​សម្រេច​បំណង​នេះ​ជាដាច់ខាត បើ​គ្មាន​ការចូលរួម​នៃ​ពពួក​អសុរៈ​ ។ ដូច្នេះហើយ បានជា​ពួកគេ​ម្នីម្នា​បបួល​ពពួក​អ​សុរៈ ឲ្យ​បើក​ការកូរ​សមុទ្រទឹក​ដោះ​រួមគ្នា​មួយ ដើម្បី​ចែកចាយ​ស្មើគ្នានូវ​ទឹក​ដ៏​ពិសិដ្ឋ​ខាងលើនេះ ដែល​ផ្តល់​នូវ​ភាព​អម​តៈនៃ​ជីវិតក្រោយ​ពី​ការ​កូរ​សមុទ្រ​ទឹកដោះ​ត្រូវបាន​ បញ្ចប់ ។ បំណង​លោភលន់​គ្មាន​ព្រំដែន​របស់​ពពួក​អ​សុរៈ បាន​ធ្វើឲ្យ​ពួក​គេ​ឈប់​ច្បាំង​គ្នា ហើយ​នៅ​ទីបញ្ចប់​ក៏បាន​យល់ព្រម ចូលរួម​កូរ​សមុទ្រ​ទឹក​ដោះ ជាមួយ​ក្រុម​ទេវៈ​ ដោយ​យក​ពស់​វា​សុ​គី​ធ្វើ​ជា​ខ្សែពួរ ដើម្បី​ទាញ​បង្វិល​ស្នូល ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ ដោយ​ភាពល្ងង់ខ្លៅ ពពួក​អសុរៈក៏​បានចាញ់​ពពួ​កទេវៈ ។
​    ​សូមបញ្ជាក់​ថា ក្នុងការ​កូរ​សមុទ្រ​ទឹកដោះដ៏​វិសេសវិសាល​នេះ ព្រះ​វិស្ណុ​បាន​យាង​មក​ធ្វើ​អន្តរាគមន៍ ដោយ​ព្រះអង្គ​បាន​បែងភាគ​ធ្វើ​ជា​សត្វ​អណ្តើក (​ក​ម៌ ) ដើម្បី​តម្រង់​ឲ្យ​ត្រង់​វិញ​នូវ​ភ្នំ​មន្ទរ ដែល​ត្រូវបាន​ផ្អៀងក្នុងការ​កូរ​សមុទ្រ​ទឹក​ដោះ ដែល​មាន​រយៈពេល​ច្រើន​ពាន់​ម៉ឺន​ឆ្នាំ ។​

ក្បាលរាហ៊ូ, អង្គរបុរី (សារមន្ទីរជាតិពន្ធុវិទ្យា, ទួលគោក)
    ​ក្រោយពី​បាន​ឆ្លងកាត់​ដំណាក់កាល​ជាច្រើន ការ​កូរ​សមុទ្រ​ក៏បាន​ឈាន​ទៅដល់​ទី​បញ្ចប់​ជា​ស្ថាពរ តែ​មុននេះ​បន្តិច​មានការ​លេចធ្លោ​ចេញពី​សមុទ្រនូវ​សត្វ​មួយចំនួន​ជា​ បន្តបន្ទាប់​គ្នា ហើយ​នៅ​ទីបញ្ចប់​គឺ ព្រះ​នាង​លក្ស្មី​និង​ពពួក​ស្រី​ទេព​អប្សរ ដែល​ប្រកប​ដោយ​សម្ផស្ស​អស្ចារ្យ គួរឲ្យ​បេតី ។
​    ​នៅ​ទីបំផុត ទោះបីជា​ការ​កូរ​សមុទ្រ​ទឹក​ដោះ ដើម្បី​យក​ទឹកអម្រឹត​ដ៏​មហិទ្ធិឫទ្ធិ បាន​ទទួល​ផល​ផ្លែផ្កា​ជា​ស្ថាពរ​ក៏ដោយ ក៏​ពពួក​អសុរៈ​មិន​បាន​ទទួល​អ្វី​ទាំងអស់ សូម្បីតែ​មួយ​តំណក់​ក៏​គ្មាន​ដែរ  ពីព្រោះ​មាន​តែ​ពពួក​ទេវៈ​ទេ ដែល​បាន​ទទួល​ការ​ចែកចាយពី​សំណាក់​ព្រះ​វិស្ណុ នូវ​ទឹក​ភេសជ្ជៈ​ដ៏​ពិសិដ្ឋ ។​
​    ​ទេ​វក​ថា​បាន​បន្តទៀតថា គ្រូបាធ្យាយ​របស់​ពពួក​អសុរៈ​ឈ្មោះ សុ​ក្រា​ចារ្យ បាន​ដឹង​ហេតុការណ៍​មិន​ប្រក្រតី​នេះ​ភ្លាម ក៏​បាន​ប្រែ​កាឡា​បន្លំ​ខ្លួន​ទៅ​ជា​ទេវៈ ដើម្បី​រង់ចាំ​ក្រេប​ទឹកអម្រឹត​ពី​ព្រះ​វិស្ណុ ។ តែ​ជា​អកុសល ក្នុង​ខណៈ​ដែល​កំពុងទ​ទួល​ទឹកអម្រឹត​ពី​ព្រះ​វិស្ណុ រំពេច​ភ្លាមនោះ ​ស្រាប់តែ​ព្រះ​ចន្រ្ទ​និង​ព្រះអាទិត្យ ដឹង​ល្បិចកល​នេះ​ទាន់ ក៏​ស្នើ​ឲ្យ​ព្រះ​វិស្ណុ​ដាក់​ទារុណកម្មលើ​សុ​ក្រា​ចារ្យ​ជា​បន្ទាន់ដែរ ។ ព្រះ​វិស្ណុ​ក៏​ចាប់​យក​កងចក្រ ដើម្បី​វាយប្រហារ​លើ​សុ​ក្រា​ចារ្យ​ភ្លាម​ដែរ ជា​ហេតុ​ធ្វើឲ្យ​គ្រូ​របស់​ក្រុមអសុរៈ ដាច់​ខ្លួន​ជា​ពីរ​កំណាត់ ដោយ​ចែក​ដាច់​ត្រឹម ក គួរ​ឲ្យ​ព្រឺព្រួច​ក្រៃលែង ។ ដោយសារ​អំណាច​ពិសិដ្ឋ​របស់​ទឹកអម្រឹត ផ្នែក​ខាង​ក្បាល​របស់​សុ​ក្រា​ចារ្យ ក៏​ក្លាយទៅជា​អាទិទេព​ថ្មី​មួយ គឺ​រាហូ ។ ចំណែក​ដងខ្លួន​គឺ កេ​តុ ។​

រាហូសតវត្សរ៍ទី ១៦ មកពីឧដុង្គ, សារមន្ទីរជាតិភ្នំពេញ (ថត ២០១០)
    ​ដោយសារ​ប្រការ​នេះ​ហើយ ទើប​រាហូ​ត្រូវបាន​ជនជាតិ​ខ្មែរ​ចាត់ទុកថា ជា​ទេព្តា​តំណាង​ឲ្យ​ជោគជតា រាសី​ល្អ ។ រីឯ​កេតុ​វិញ​តំណាងឲ្យស​ភាវៈអាក្រក់ ដែល​តែងតែ​ប៉ុនប៉ង​ប្រាថ្នា​ដេញតាមសងសឹក​ព្រះ​ចន្រ្ទនិង​ព្រះអាទិត្យ ដែល​ជា​សត្រូវ​ជា​និច្ចកាល ។​
​    ​សូម​ជម្រាប​ជា​ព័ត៌មាន​ផងដែរ​ថា ក្នុង​ប្រទេស​ឥណ្ឌា និង​អតីត​ដែន​ដី​ខ្មែរ​បុរាណ ជំនឿ​លើ​រាហូ​និង​កេតុ ត្រូវ​បាន​បញ្ជាក់​តាមរយៈ​ទំនៀមទម្លាប់​មួយចំនួន ។
​    ​ចំពោះ​វត្តមាន​របស់​រាហូ នា​សម័យ​វប្បធម៌​អង្គរ​ភ្នំ យើង​អាច​លើកយក​ចម្លាក់​ដី​ដុត​និង​ថ្ម​មួយចំនួន ក្នុងចំណោម​វត្ថុ​បុរាណ​យ៉ាងច្រើន​មក​ពី​អង្គរ​បុរី ដែល​យើង​គិត​ស្មានថា ពិត​ជា​តំណាង​ឲ្យ​រាហូ ។​
​    ​មុន​នឹង​បញ្ជាក់​សេចក្តី​ពាក់ព័ន្ធ​នឹង​រាហូ​និង​កេតុ ក្នុងសម័យ​នគរ​ភ្នំ គួរ​យើង​ក្រឡេក​ភ្នែក​មើល​ចម្លាក់​ផ្តែរ​មួយ ក្នុងចំណោម​ចម្លាក់​ដ៏​ច្រើន គឺ​ចម្លាក់​ផ្តែរ​ប្រាសាទគោករកា ក្នុង​ខេត្ត​កំពង់ធំ ព្រោះ​នៅលើ​ក្បាច់​ផ្តែរ​នេះយើង​ឃើញ​មាន​វត្តមានរបស់​ព្រះ​អាទិទេព​ទាំង​ពីរ ​អង្គ​ខាងលើនេះ ។​
​    ​ជា​ទូទៅ​នៅ ស​តវត្សរ៍ទី​១០ និង​ទី​១១ នៅលើ​ចម្លាក់​តំណាង​ឲ្យ​អាទិទេព​ទាំង ៩ រក្សា​ទិស​ឬ​នព្វគ្រោះ ពិសេស​ចម្លាក់​នៅ​ប្រាសាទគោក​រកា យើង​ឃើញ​មាន​ព្រះអាទិត្យ​និង​ព្រះ​ចន្រ្ទ (​ថ្នាក់​ទី​១ និង​ទី​២), រាហូ​និង​កេតុ​នៅ​ថ្នាក់​ទី​៨ និង​ទី​៩ ។
​    ​ម្យ៉ាងវិញទៀត សូមជម្រាបថា ព្រះអាទិត្យ​ប្រថាប់​លើ​រថ​ចម្បាំង​មួយ ដែល​ទាញ​ដោយ​សេះ​ពីរ នៅលើ​ព្រះ​ហ​ស្ដទាំង​ពីរ​មាន​កាន់ទង​ផ្កាឈូក ។ ព្រះ​ចន្ទ្រ​ប្រថាប់​លើ​បល្ល័ង្ក នៅ​លើ​ដៃ​ទាំងពីរ​ក៏​មាន​កាន់​ផ្កាឈូក​ដែរ ។ រីឯ​រាហូ​វិញ ដែល​មាន​មុខមាត់​ដ៏​អាក្រក់ គ្រោតគ្រាត​នោះ មាន​ដងខ្លួន​ហ៊ុមព័ទ្ធ​ដោយ​ពពក​យ៉ាង​ក្រាស់ឃ្មឹក  ហើយ​នៅ​ដៃស្តាំ​ក៏​មាន​កាន់​នំឬក៏​ជា​ផ្កា​មួយទង​ផងដែរ ។ ព្រះ​កេតុ ដែល​គេ​អាច​សម្គាល់​តាមរយៈ​ទង់ ដែល​ពាក់​នៅ​លើ​រាងកាយ ហើយ​មាន​យានជំនិះ​ជា​សិង្ហ​តោ ៕

http://www.cen.com.kh

No comments

Powered by Blogger.