សម្រង់គំនិតរបស់បុគ្គលល្បីៗ ៥រូប ដែលបានជាប់ក្នុងប្រវត្តិសាស្រ្ត
គំនិតល្អៗរបស់សហគ្រិនជោគជ័យក្នុងប្រវត្តិសាស្រ្ត សុទ្ធតែមានតម្លៃ។ ព្រោះពួកគេភាគច្រើនសុទ្ធតែចាប់ផ្តើមពីបាតដៃទទេ ជាមួយនឹងការតស៊ូ ការខិតខំប្រឹងប្រែង ការលើកទឹកចិត្ត គំនិតច្នៃប្រឌិត ភាពជឿជាក់ និងឆន្ទៈដែលពួកគេបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងធ្វើការបកស្រាយលើគំនិតរបស់សហគ្រិនជោគជ័យទាំង ៥ សម្រាប់លោកអ្នកធ្វើជាគំរូជីវិត៖
១. ផ្តោតអារម្មណ៍លើគោលដៅ មិនមែនឧបសគ្គនោះទេ (Mr. William Randolph Hearst)៖ បុគ្គលជោគជ័យ គឺជាបុគ្គលដែលចូលចិត្តផ្តោតអារម្មណ៍ខ្លាំងទៅលើគោលដៅ ហើយគេដឹងថាឧបសគ្គមិនសំខាន់ដូចគោលដៅទេ។ ព្រោះឧបសគ្គគ្រាន់តែពន្យារពេលនៃការធ្វើដំណើរទៅរកភាពជោគជ័យតែប៉ុណ្ណោះ តែវាក៏មិនអាចបញ្ឈប់ដំណើររបស់ពួកគេបានជារៀងរហូតនោះដែរ។
២. ខ្ញុំមិនបានប្រលងធ្លាក់ទេ គ្រាន់តែខ្ញុំរកឃើញវិធី ១០០យ៉ាង ដែលធ្វើឲ្យការប្រលងរបស់ខ្ញុំគ្មានលទ្ធផលល្អតែប៉ុណ្ណោះ (Mr. Benjamin Franklin)៖ បើលោកអ្នកមិនបានបង្កើតកំហុសទេ នោះលោកអ្នកក៏មិនអាចរកឃើញដំណោះស្រាយដែលអាចជួយលោកអ្នកអោយរកឃើញផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបានដែរ។ លោកអ្នកត្រូវចាំថា បើទោះជាលោកអ្នកធ្វើខុសប៉ុន្មានដងក៏ដោយ គឺភាពជោគជ័យវានៅតែទន្ទឹងរង់ចាំលោកអ្នកជានិច្ច។
៣. វាគ្មានអ្វីអស្ចារ្យនោះទេ បើគ្រាន់តែដើរលើខ្សែពួរដែលដាក់រាបផ្ទាល់ដី (Mr. Ray Kroc)៖ បើលោកអ្នកមិនហ៊ានប្រថុយធ្វើរឿងដ៏អស្ចារ្យ ដែលលោកអ្នកគិតថាមិនអាចទៅរួចទេ នោះប្រាកដណាស់ថាលោកអ្នកនឹងនៅតែបន្តទទួលបានលទ្ធផលសាមញ្ញ ដូចដែលបុគ្គលផ្សេងទៀតកំពុងតែធ្វើដដែល។ហើយលើសពីនេះទៀត លោកអ្នកក៏គ្មានឱកាសបង្កើតស្នាដៃ ដ៏មានតម្លៃដែលអាចនាំអោយលោកអ្នកឈានដល់ភាពជោគជ័យបានដែរ។
៤. ចាញ់ ឫ ឈ្នះ ខុសគ្នាត្រង់ការមិនបោះបង់ (Mr. Walt Disney)៖ បើសិនជាលោកអ្នកបោះបង់ចោលក្តីសុបិន និងគ្មានភាពជឿជាក់លើខ្លួនឯង ឬគ្មានការអត់ធ្មត់នៅពេលដែលជួបការលំបាកទេ នោះប្រាកដណាស់ថា លោកអ្នកនឹងចាញ់។ ផ្ទុយទៅវិញបុគ្គលដែលឈ្នះពិតប្រាកដ គឺជាមនុស្សដែលមិនបោះបង់ចោលក្តីសុបិនរបស់ពួកគេឡើយ បើទោះជាពួកគេមានឧបសគ្គធំប៉ុណ្ណាក៏ដោយ។
៥. កុំអង្គុយចាំឱកាស ត្រូវក្រោកឡើងហើយបង្កើតវា (Madame C. J. Walker)៖ វានឹងគ្មានអ្វីមួយអាចផ្លាស់ប្តូរបាននោះទេ បើសិនជាលោកអ្នកនៅស្ងៀមរង់ចាំតែឱកាសមកដល់។ ព្រោះលោកអ្នកក៏ដឹងរួចហើយថា លោកអ្នក គឺជាអ្នកកំណត់គោលដៅជីវិតដោយខ្លួនឯង រីឯឱកាសក៏ដូចគ្នាដែរ គឺលោកអ្នកត្រូវតែស្វែងរក និងបង្កើតវាឡើងដោយខ្លួនឯង៕
http://business-cambodia.com/
Post a Comment