Header Ads


 

ភាពដឹកនាំទាំង ៦ ចំណុចរបស់មហាសេដ្ឋី Bill Gates

Bill Gates ​មហាសេដ្ឋីលេខ ១​ ​លើពិភពលោកលោក ជាសហគ្រិនដ៏ល្បីល្បាញមួយរូប ផ្នែកបច្ចេកវិទ្យា និងជាស្ថាបនិកកម្មវិធី Microsoft​ Office ដែលបច្ចេកវិទ្យានេះហើយ បានធ្វើឲ្យពិភពលោកមានការផ្លាស់ប្តូរ។ ដោយសារតែចំណង់ចំណូលចិត្ត និងមានមហិច្ចតាចង់ជោគជ័យខ្លាំង ទើបធ្វើឲ្យលោក ប៊ីល ហ្គេត មានសមត្ថភាពអាចបង្កើតកម្មវិធី Microsoft និង​ Window ហើយក្លាយជាសហស្ថាបនិកក្រុមហ៊ុន Microsoft។ ​ បច្ចុប្បន្ន លោក Bill Gate មានទឹកប្រាក់សរុប ៧៩.៤ពាន់លានដុល្លារ ហើយនៅសល់តែ​ បួនថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃគម្រាប់ខួបរបស់លោក ក្នុងវ័យ ៦០ ឆ្នាំ។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា សូមលើកយក ភាពដឹកនាំទាំង ៦ ចំណុចរបស់មហាសេដ្ឋី Bill Gates មកចែករំលែកដូចខាងក្រោម៖
១.ត្រូវចេះស្វែងរកដំណោះស្រាយ ដោយសុភនិច្ឆ័យ៖ ជាអ្នកដឹកនាំ មានតួនាទីសំខាន់បំផុត គឺស្វែងរកដំណោះស្រាយ ដោយមិនមានភាពលំអៀង ពោលគឺ ដោះស្រាយបញ្ហា ប្រកបដោយភាពត្រឹមត្រូវ សម្រាប់បុគ្គល ដែលនៅក្រោមឱវាទរបស់ខ្លួន​ ហើយត្រូវតែចេះដឹកនាំខ្លួនឯងជាមុន មុននឹងធ្វើជាមេដឹកនាំនៃក្រុមណាមួយ ឬស្ថាប័នណាមួយ ព្រោះវាចាំបាច់ណាស់ ដែលលោកអ្នកត្រូវចេះត្រួសត្រាយ និងរកដំណោះស្រាយដោយសុភនិច្ឆ័យ មុននឹងអាចដឹកនាំអ្នកដទៃបាន។
២.ត្រូវចេះធ្វើជា បុគ្គលគំរូ៖ ចង់ក្លាយ​ជាបុគ្គលគំរូ​ លោកអ្នកត្រូវតែបង្ហាញថា លោកអ្នកបានសម្រេចអ្វីមួយ ចេញជាលទ្ធផលល្អដ៏មានផ្លែផ្កាជាមុនសិន ហើយលោកអ្នកក៏ត្រូវតែជា បុគ្គលមានលក្ខណៈអត្តចរិតល្អក្នុងការរស់នៅ ​ត្រូវតែពូកែដឹកនាំអ្នកដទៃ និងចេះជួយរកដំណោះស្រាយឲ្យអ្នកដទៃផងដែរ។
៣.អ្នកដឹកនាំខ្លាំង ពូកែអានសៀវភៅ៖ លោក​ ប៊ីល ហ្គេត ស្រលាញ់ការអានសៀវភៅ តាំងតែវ័យ​ ១១ ឆ្នាំមកម្លេះ ហើយដោយការស្រេកឃ្លានក្រេបយកចំណេះដឹងយ៉ាងដូច្នោះ ទើបធ្វើឲ្យលោកមានចំណេះដឹងអាចដឹកនាំខ្លួនឯង និងដឹកនាំក្រុមហ៊ុនរហូតក្លាយជា ក្រុមហ៊ុនល្បីជាងគេលើពិភពលោក។​
៤.កុំធ្វើខ្លួនឲ្យរវល់ រហូតភ្លេចភាពសប្បាយ សម្រាប់ខ្លួនឯង៖ បើទោះជាក្នុងជីវិតលោកអ្នករវល់ក្នុងការប្រកបរបរចិញ្ចឹមជីវិតប៉ុណ្ណាក៏ដោយ ក៏លោកអ្នកគួរតែចំណាយពេលខ្លះ ដើម្បីសម្រាកលំហែកាយ ហើយម្យ៉ាងទៀត ការសម្រាកអាចធ្វើឲ្យការគិតរបស់លោកអ្នកមានភាពប្រសើរជាងមុន។
៥.ត្រូវចេះសួរខ្លួនឯងថា តើមានអ្វីអាចធ្វើ ឲ្យប្រសើរជាងនេះទៀតទេ៖ រាល់ពេលដែលលោកអ្នកធ្វើអ្វីមួយ លោកអ្នកគួរតែសួរខ្លួនឯងជានិច្ចនូវសំណួរមួយនេះ ព្រោះថាការសួរខ្លួនឯងយ៉ាងដូច្នេះ គឺធ្វើឲ្យលោកអ្នកអាចស្វែងរកនូវចម្លើយ ឬវិធីសាស្រ្តដែលល្អណាមួយ ដើម្បីកែលម្អនូវការងារ ដែលលោកអ្នកកំពុងតែធ្វើ ឲ្យកាន់តែប្រសើរជាងមុន។
៦.ចង់សម្រេចគោលដៅ ត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់៖ ការធ្វើអ្វីមួយដែលផ្ទុយនឹងឆន្ទៈ ដែលខ្លួនស្រលាញ់ លទ្ធផលដែលទទួលបានគឺ ពិតជាមិនល្អដូច ការរំពឹងទុករបស់លោកអ្នកនោះទេ ព្រោះក្តីស្រឡាញ់ ជាគ្រឿងលើកទឹកចិត្តដ៏សំខាន់បំផុតក្នុង ការដឹកនាំជីវិតរបស់លោកអ្នក ឆ្ពោះទៅរកគោលដៅដែលខ្លួនចង់បាន៕
http://business-cambodia.com

No comments

Powered by Blogger.