កំណើតរាហូនិងកេតុ
ការគោរពបូជារាហូនិងកេតុ មានក្នុងទឹកដីកម្ពុជាតាំងតែពីសម័យបុរេអង្គរមកម្ល៉េះ ។ ក្បាច់ផ្តែរចាស់ជាងគេបំផុតពាក់ព័ន្ធនឹងអាទិទេពរងនេះ ដែលបានមកពីក្រុមប្រាសាទសម្បូរព្រៃគុក គឺស្ថិតក្នុងអំឡុងចុងសតវត្សរ៍ទី៦ និងដើម សតវត្សរ៍ទី៧ ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងច្បាស់អំពីប្រភពកំណើតនៃទេវៈលំដាប់ក្រោមទាំងនោះនៅ ឡើយ ។
ក្នុងការឈ្វេងយល់ពីប្រភពដើម នៃអាទិទេពទាំងពីរនោះ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាក្នុងប្រព័ន្ធគំនិតខ្មែរ ជាពិសេសក្នុងវិស័យសិល្បៈស្ថាបត្យកម្មបុរាណ យើងត្រូវយកទេវកថាបែបព្រហ្មញ្ញសាសនាជាមូលដ្ឋានបង្អែក ។ ពីព្រោះគម្ពីរសាសនាព្រាហ្មណ៍បានតែងឡើងមុនកំណើតនៃលទ្ធិ ព្រះពុទ្ធសាសនា ។ បើនិយាយម្យ៉ាងទៀត ការសិក្សាវិភាគរឿងការកូរសមុទ្រទឹកដោះ ដែលមានក្នុងទេវកថាបែបព្រហ្មញ្ញសាសនា ជាភស្តុតាងដ៏ជាក់លាក់មួយស្តីអំពីប្រភពព្រាហ្មណ៍និយម នៃរាហូនិងកេតុ មុននឹងត្រូវបានបញ្ចូលដោយរលូនក្នុងទេវកថាវិទ្យាបែបពុទ្ធនិយម ។
ជាទូទៅ ទេវកថាទាក់ទិនទៅនឹងការកូរសមុទ្រទឹកដោះ រវាងពពួកទេវតានិងអសុរៈឬយក្ស ផ្តើមនិយាយអំពីចម្បាំងរវាងសភាវៈទាំងពីរខាងលើនេះ ដោយផ្តោតលើភាពខ្សត់ខ្សោយរបស់ក្រុមទេវៈ ។ គឺភាពទន់ខ្សោយនេះហើយ ដែលបានបង្ខំឲ្យពពួកទេវៈជំនុំពិភាក្សាគ្នារិះរកមធ្យោបាយ ដើម្បីយកជ័យជម្នះលើពពួកអសុរៈ ។
សូមបញ្ជាក់ថា ក្នុងការកូរសមុទ្រទឹកដោះដ៏វិសេសវិសាលនេះ ព្រះវិស្ណុបានយាងមកធ្វើអន្តរាគមន៍ ដោយព្រះអង្គបានបែងភាគធ្វើជាសត្វអណ្តើក (កម៌ ) ដើម្បីតម្រង់ឲ្យត្រង់វិញនូវភ្នំមន្ទរ ដែលត្រូវបានផ្អៀងក្នុងការកូរសមុទ្រទឹកដោះ ដែលមានរយៈពេលច្រើនពាន់ម៉ឺនឆ្នាំ ។
នៅទីបំផុត ទោះបីជាការកូរសមុទ្រទឹកដោះ ដើម្បីយកទឹកអម្រឹតដ៏មហិទ្ធិឫទ្ធិ បានទទួលផលផ្លែផ្កាជាស្ថាពរក៏ដោយ ក៏ពពួកអសុរៈមិនបានទទួលអ្វីទាំងអស់ សូម្បីតែមួយតំណក់ក៏គ្មានដែរ ពីព្រោះមានតែពពួកទេវៈទេ ដែលបានទទួលការចែកចាយពីសំណាក់ព្រះវិស្ណុ នូវទឹកភេសជ្ជៈដ៏ពិសិដ្ឋ ។
ទេវកថាបានបន្តទៀតថា គ្រូបាធ្យាយរបស់ពពួកអសុរៈឈ្មោះ សុក្រាចារ្យ បានដឹងហេតុការណ៍មិនប្រក្រតីនេះភ្លាម ក៏បានប្រែកាឡាបន្លំខ្លួនទៅជាទេវៈ ដើម្បីរង់ចាំក្រេបទឹកអម្រឹតពីព្រះវិស្ណុ ។ តែជាអកុសល ក្នុងខណៈដែលកំពុងទទួលទឹកអម្រឹតពីព្រះវិស្ណុ រំពេចភ្លាមនោះ ស្រាប់តែព្រះចន្រ្ទនិងព្រះអាទិត្យ ដឹងល្បិចកលនេះទាន់ ក៏ស្នើឲ្យព្រះវិស្ណុដាក់ទារុណកម្មលើសុក្រាចារ្យជាបន្ទាន់ដែរ ។ ព្រះវិស្ណុក៏ចាប់យកកងចក្រ ដើម្បីវាយប្រហារលើសុក្រាចារ្យភ្លាមដែរ ជាហេតុធ្វើឲ្យគ្រូរបស់ក្រុមអសុរៈ ដាច់ខ្លួនជាពីរកំណាត់ ដោយចែកដាច់ត្រឹម ក គួរឲ្យព្រឺព្រួចក្រៃលែង ។ ដោយសារអំណាចពិសិដ្ឋរបស់ទឹកអម្រឹត ផ្នែកខាងក្បាលរបស់សុក្រាចារ្យ ក៏ក្លាយទៅជាអាទិទេពថ្មីមួយ គឺរាហូ ។ ចំណែកដងខ្លួនគឺ កេតុ ។
សូមជម្រាបជាព័ត៌មានផងដែរថា ក្នុងប្រទេសឥណ្ឌា និងអតីតដែនដីខ្មែរបុរាណ ជំនឿលើរាហូនិងកេតុ ត្រូវបានបញ្ជាក់តាមរយៈទំនៀមទម្លាប់មួយចំនួន ។
ចំពោះវត្តមានរបស់រាហូ នាសម័យវប្បធម៌អង្គរភ្នំ យើងអាចលើកយកចម្លាក់ដីដុតនិងថ្មមួយចំនួន ក្នុងចំណោមវត្ថុបុរាណយ៉ាងច្រើនមកពីអង្គរបុរី ដែលយើងគិតស្មានថា ពិតជាតំណាងឲ្យរាហូ ។
មុននឹងបញ្ជាក់សេចក្តីពាក់ព័ន្ធនឹងរាហូនិងកេតុ ក្នុងសម័យនគរភ្នំ គួរយើងក្រឡេកភ្នែកមើលចម្លាក់ផ្តែរមួយ ក្នុងចំណោមចម្លាក់ដ៏ច្រើន គឺចម្លាក់ផ្តែរប្រាសាទគោករកា ក្នុងខេត្តកំពង់ធំ ព្រោះនៅលើក្បាច់ផ្តែរនេះយើងឃើញមានវត្តមានរបស់ព្រះអាទិទេពទាំងពីរ អង្គខាងលើនេះ ។
ជាទូទៅនៅ សតវត្សរ៍ទី១០ និងទី១១ នៅលើចម្លាក់តំណាងឲ្យអាទិទេពទាំង ៩ រក្សាទិសឬនព្វគ្រោះ ពិសេសចម្លាក់នៅប្រាសាទគោករកា យើងឃើញមានព្រះអាទិត្យនិងព្រះចន្រ្ទ (ថ្នាក់ទី១ និងទី២), រាហូនិងកេតុនៅថ្នាក់ទី៨ និងទី៩ ។
ម្យ៉ាងវិញទៀត សូមជម្រាបថា ព្រះអាទិត្យប្រថាប់លើរថចម្បាំងមួយ ដែលទាញដោយសេះពីរ នៅលើព្រះហស្ដទាំងពីរមានកាន់ទងផ្កាឈូក ។ ព្រះចន្ទ្រប្រថាប់លើបល្ល័ង្ក នៅលើដៃទាំងពីរក៏មានកាន់ផ្កាឈូកដែរ ។ រីឯរាហូវិញ ដែលមានមុខមាត់ដ៏អាក្រក់ គ្រោតគ្រាតនោះ មានដងខ្លួនហ៊ុមព័ទ្ធដោយពពកយ៉ាងក្រាស់ឃ្មឹក ហើយនៅដៃស្តាំក៏មានកាន់នំឬក៏ជាផ្កាមួយទងផងដែរ ។ ព្រះកេតុ ដែលគេអាចសម្គាល់តាមរយៈទង់ ដែលពាក់នៅលើរាងកាយ ហើយមានយានជំនិះជាសិង្ហតោ ៕
http://www.cen.com.kh
Post a Comment