ព្រះនាងឧមា
ក្នុងសម័យដែលខ្មែររុងរឿងថ្កើងថ្កានខ្មែរ បានបន្សល់ទុកនូវចម្លាក់ជាច្រើន តំណាងឲ្យព្រះនាងឧមា ដែលជាមហេសីរបស់ព្រះសិវៈ ។ អ្វីដែលសំខាន់ គឺចម្លាក់ទាំងនោះបង្ហាញពីលក្ខណៈសំយោគរវាងព្រះអាទិទេពឥណ្ឌា ទាំងពីរភេទ និងបុព្វការីជនដែលបានចែកឋាន ។
ការគោរពប្រតិបត្តិព្រះនាងឧមា រួមទាំងទេវតាភេទស្រីផ្សេងៗទៀត មានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក៏ដោយសារតែវិចិត្រករខ្មែរនាសម័យបុរាណ បានតំណាងឲ្យបុព្វការីជនរបស់ខ្លួន ក្រោមរូបភាពជាព្រះអាទិទេពនៃព្រហ្មញ្ញសាសនា ។
ការប្រតិបត្តិជំនឿសាសនាបែបនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងលើគំនិត ប្រពៃណីក៏មែនពិត ក៏ប៉ុន្តែទន្ទឹមនឹងនេះ ក៏ជាប្រភពនៃការបង្កើតវត្ថុជាទីសក្ការៈបូជា ដែលជាផ្នែកមួយនៃខឿនវប្បធម៌ខ្មែរនាសម័យបុរាណ ។
ចម្លាក់ជាច្រើនតំណាងព្រះនាងឧមា រមែងតែត្រូវបានភ្ជាប់ជាមួយនឹងព្រះស្វាមីរបស់ព្រះនាង គឺព្រះសិវៈ ដូចករណីចម្លាក់ឧមាគង្គាបតីស្វរៈ នាសម័យបុរេអង្គរមួយព្រះអង្គ ដែលបានមកពីខេត្តព្រៃវែងគឺជាតឹកតាងបង្ហាញពីការគោរពបូជាខាងលើនេះយ៉ាងប្រាកដ ។ សូមរំលឹកនៅទីនេះថា ឧមាគង្គាបតីស្វរៈ គឺការតំណាងព្រះអាទិទេព ៣ អង្គ ដែលមានព្រះសិវៈអមដោយព្រះនាងឧមានិងទុគ៌ា ។
នៅមានស្នាដៃជាច្រើនទៀតជារូបចម្លាក់តំណាងព្រះសិវៈជិះលើគោនន្ទិន ដោយមានព្រះនាងឧមាប្រថាប់លើភ្លៅរបស់ទ្រង់ ។ ជួនកាលទៀត យើងក៏បានឃើញព្រះអង្គអង្គុយប្រថាប់លើបល្ល័ង្ក ដោយមានព្រះនាងប្រថាប់លើភ្លៅដូចគ្នា តែគ្មានវត្តមានរបស់គោ ។
ជារួមយើងយល់ថា ការដែលមនុស្សខ្មែរបុរាណមានការគោរពប្រតិបត្តិព្រះនាងឧមា គឺអាស្រ័យតែព្រះនាងឧមាដែលមានឫទ្ធិបារមី តំណាងឲ្យជីវិតនិងភាពផូរផង់នៃជីវិត ។ ម្យ៉ាងវិញទៀត យើងក៏ដឹងទៀតថា ព្រះនាងប្រកាន់ខ្ជាប់នូវធម៌ និងភក្តីភាពចំពោះព្រះស្វាមីរបស់ព្រះនាងផងដែរ ៕
ឧមាគង្គាបតីស្វរៈ ស.វទី៦ ខេត្តព្រៃវែង សារមន្ទីរជាតិភ្នំពេញ យើងបានឃើញរួចមកហើយថា នៅសម័យបុរេអង្គរ បដិមាកម្មខ្មែរមាននូវវឌ្ឍនភាពដ៏ឧត្តុង្គឧត្តម ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេគឺ ភាពរីកចម្រើនកប់កំពូលនៃសិល្បៈស្ថាបត្យកម្មខ្មែរនាសម័យអង្គរ នេះមិនមែនជាឥទ្ធិពលមកពីប្រទេសឥណ្ឌា ដូចនៅនាសម័យបុរេអង្គរទៀតឡើយ ក៏ប៉ុន្តែជាលទ្ធផលនៃការអភិវឌ្ឍន៍ដ៏យូរលង់មួយ ប្រកបដោយទេពកោសល្យ និងបទពិសោធន៍ដ៏ខ្ពង់ខ្ពស់ ។
http://www.cen.com.kh/
Post a Comment