Header Ads


 

ធ្វើ​ម៉េច​​ទើប​ដឹង​ថា​លោក​អ្នក​មាន​បញ្ញា​​ផ្នែក​ខាង​អ្វី? ហើយ​គួរ​ចាប់​អាជីព​អ្វី ​ឲ្យ​ត្រូវ​នឹង​ដុង​ពី​កំណើត?

រូប​តំណាង​​ប្រភព៖​ http://www.a2isystems.com/
នៅ​ពេល​ដែល​និយាយ​អំពី «បញ្ញា – intelligence» គេ​ច្រើន​សំដៅ​លើ «​លទ្ធផល​បញ្ញា – intelligence quotient» ដែល​បាន​មក​ពី​ការ​ធ្វើ​តេស្ដ​ដើម្បី​វាស់​ស្ទង់​កម្រិត​បញ្ញា។ ជាទូទៅ បញ្ញា​សំដៅ​លើ​សមត្ថភាព​ប្រើ​ខួរក្បាល ដែល​គេ​ជឿ​ថា​មនុស្ស​យើង​កើត​មក​គឺ​មាន​បញ្ញា​នេះ​ជាប់​នឹង​ខ្លួន​តាំង​ពី​កំណើត​តែម្ដង។

ទោះ​ជា​បែប​នេះ​ក្ដី មាន​ទ្រឹស្ដី​ជា​ច្រើន​ដែល​យល់​ថា​ មនុស្ស​យើង​មាន​បញ្ញា​ផ្សេងៗ​គ្នា ដែល​មិន​អាច​និយាយ​ថា ​មនុស្ស​ម្នាក់​ចេះ​គ្រប់​សព្វ​បាន​នោះ​ទេ ឬ​ក៏​ថា​មនុស្ស​ម្នាក់​គ្មាន​បញ្ញា​នោះ​ទេ គ្រាន់​តែ​ថា​ពេល​ខ្លះ មនុស្ស​ម្នាក់​ចាប់​អាជីព​ខុស​នឹង​សមត្ថភាព​ពិត​ប្រាកដ​ដែល​ខ្លួន​មាន និង​ខុស​ពី​ចំណង់​ចំណូល​ចិត្ត ឬ​ឧប​និស្ស័យ​​ (ដុង – vacation)ម៉្លោះ​ហើយ គេ​មិន​អាច​បំពេញ​កិច្ចការ​នោះ​ប្រកប​ដោយ​សក្ដានុពល​ខ្លាំង​។ អ្នក​ខ្លះ​មិន​ពូកែ​ផ្នែក​នេះ ប៉ុន្តែ​ពូកែ​ផ្នែក​នោះ ហ្នឹង​ហើយ​គេ​ហៅ​ថា​បញ្ញា ដែល​មនុស្ស​យើង​មាន​ផ្សេងៗ​គ្នា។

អ្នក​ចិត្ត​វិទ្យា​ដ៏​ល្បីល្បាញ​សញ្ជាតិ​អាមេរិក​លោក​ហូវើតហ្កាតណឺ (Howard Gardner) ប្រចាំ​សាកល​វិទ្យាល័យ​ហាវើត (Harvard University) បាន​បង្កើត​ទ្រឹស្ដី​អំពី​​​មនុស្ស​​នៅ​ក្នុង​ពិភពលោក មាន​បញ្ញា​ផ្សេងៗ​គ្នា​រហូត​ដល់​ទៅ​ប្រាំ​បី​បែប។ លោក​ហ្កាតណឺ​ជឿ​ថា​ក្រៅ​ពី​ជំនាញ​ – សមត្ថភាព និង​ភាព​ប៉ិនប្រសប់ មនុស្ស​នៅ​មាន​បញ្ញា​ខាង​វិស័យ​ជា​ច្រើន​ដូច​ជា​ក្នុង​វិស័យ​តូរ្យតន្ត្រី – ទំនាក់ទំនង​អន្តរ​បុគ្គល – គំហើញ និង​ភាសា​ជាដើម។ ខាង​ក្រោម​នេះ ជា​បញ្ញា ៨ យ៉ាង​និង​អាជីព​ដែល​សក្ដិសម​សម្រាប់​លោក​អ្នក​ចាប់​យក​។


១- បញ្ញា​ខាង​គំហើញ និង​ប្លង់ (Visual – Spacial Intelligence)

​បុគ្គល​ដែល​មាន​បញ្ញា​ខាង​ «គំហើញ និង​ប្លង់» ពូកែ​ខាង​គន់គូរ​។ បុគ្គល​ចំពូក​នេះ​ពូកែ​ខាង​កំណត់​ទិស​តំបន់ និង​ផែនទី – តារាង – រូបភាព​វីឌីអូ និង​រូប​ថត។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ 

– ចូលចិត្ត​អាន​និង​សរសេរ

– ចូលចិត្ត​មើល​និង​វិភាគ​រូប​ភាព – ក្រាហ្វិក និង​តារាង

– ចូលចិត្ត​គូស​វាស​ប្លង់ គូរ​គំនូរ ​និង​សិល្បៈ​នេត្រាទស្សន៍ (Visual Arts)

– ពូកែ​កាត់​យល់ និង​វិនិច្ឆ័យ​ទម្រង់​បែប​ផែន​ដែល​មាន​លក្ខណៈ​​ស្មុគ​ស្មាញ ដែល​មនុស្ស​ទូទៅ​មើល​មិន​ឃើញ គិត​មិន​ចេញ ក៏​គេ​ឆាប់​កាត់​យល់

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– ​គួរ​ចាប់​អាជីព​ជា​អ្នក​គូរ​ប្លង់ ឬ​ស្ថាបត្យករ (architect)

– ​វិចិត្រករ (អ្នក​គូរ​គំនូរ)

– វិស្វករ​សំណង់


២- បញ្ញា​ខាង​ភាសា និង​ការ​និយាយ

អ្នក​ដែល​មាន​បញ្ញា​ខាង​ភាសា​វិទ្យា គឺ​ជា​អ្នក​ដែល​ប្រសប់​ខាង​ប្រើ​ពាក្យ​ពេចន៍ លើក​ដាក់ ថែមថយ តាម​កាលៈទេសៈ​ ទាំង​ក្នុង​ផ្នែក​និយាយ​ផ្ទាល់​មាត់ និង​ទាំង​ផ្នែក​សរសេរ ដោយ​រៀប​ពាក្យពេចន៍​ឃ្លោង​ឃ្លា​ឲ្យ​ពិរោះ​ពិសា​។ បុគ្គល​ក្នុង​ចំពូក​នេះ​ពូកែ​សរសេរ​រឿង – ពូកែ​ចាំ​ប្រវត្តិ​ និង​រឿងរ៉ាវ​​ផ្សេងៗ និង​ពូកែ​អាន​សៀវភៅ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ពូកែ​ចាំ​ពាក្យ​សំដី​ដែល​គេ​និយាយ ឬ​ពូកែ​ចាំ​ប្រវត្តិ​រឿងរ៉ាវ​ផ្សេងៗ ទោះ​បី​កន្លង​ទៅ​តាំង​ពី​កាលណា​កាល​ណី​ក៏​ដោយ

– ចូល​ចិត្ត​អំណាន និង​សំណេរ (អាន​សៀវភៅ និង​សរសេរ)

– ពូកែ​និយាយ​​រក​ហេតុផល ពិភាក្សា​វែក​ញែក​

– ពូកែ​ពន្យល់ ​ឲ្យ​គេ​ឆាប់​យល់ គេ​ងាយ​យល់

– ប្រសប់​និយាយ​ស្ដី មិន​ឲ្យ​គេ​ធុញ និង​ប្រសប់​បញ្ចូល​ភាព​កំប្លុកកំប្លែង​នៅ​ក្នុង​នោះ

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​និពន្ធ​សៀវភៅ និពន្ធ​អត្ថបទ និង​អ្នក​សារព័ត៌មាន

– មេធាវី​ (ពេល​ឡើង​ការពារ​ក្ដី លុះ​ត្រា​តែ​ពូកែ​និយាយ ពូកែ​ចាំ​ច្បាប់ ពូកែ​លើក​ទឡ្ហីករណ៍)

– គ្រូ​បង្រៀន (ពូកែ​ពន្យល់ និង​ពូកែ​ផ្លាស់​ប្ដូរ​បរិយាកាស​ឲ្យ​សិស្ស​សប្បាយ កុំ​ឲ្យ​សិស្ស​ធុញ​ទ្រាន់)


៣- បញ្ញា​ខាង​គណិត​វិទ្យា និង​តក្កវិជ្ជា

អ្នក​ដែល​មាន​បញ្ញា​ខាង​គណិត​វិទ្យា និង​តក្កវិជ្ជា ពូកែ​វិភាគ​ថ្លឹងថ្លែង​រក​ហេតុ​ផល ឆាប់​យល់​នូវ​សណ្ឋាន​ឬ​ទម្រង់​អ្វី​មួយ និង​វិភាគ​និង​សន្និដ្ឋាន​តាម​តក្ក​វិធី (សមហេតុសមផល មាន​ទឡ្ហីករណ៍​គ្រប់គ្រាន់ ដោយ​មិន​ចេះ​តែ​សន្និដ្ឋាន​តាម​នឹក​ឃើញ)។ អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ​ពូកែ​ខាង​គិត​លេខ​នព្វន្ត – អនុគមន៍ និង​សំណុំ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ជំនាញ​ខាង​ដោះ​ស្រាយ​បញ្ញា​

– មាន​ចំណូល​ចិត្ត​ខាង​គិត​អំពី​បញ្ញត្តិ​អរូបី (តាង​ សំណុំ អនុគមន៍​)

– ចូលចិត្ត​ពិសោធ​អ្វី​មួយ​ដើម្បី​ផ្ទៀងផ្ទាត់​ចង់​ដឹង​ការ​ពិត ដោយ​មិន​ចេះ​តែ​ជឿ​អ្វី​ផ្ដេសផ្ដាស

– ពូកែ​ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​ពិបាកៗ និង​ស៊ីជម្រៅ

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​វិទ្យាសាស្ត្រ

– អ្នក​គណិតវិទ្យា

– អ្នក​សរសេរ​សូហ្វវែ​កុំ​ព្យូទ័រ (computer programmer)

– វិស្វករ

– គណនេយ្យករ


៤- បញ្ញា​ខាង​កាយ​សម្បទា

បុគ្គល​ដែល​មាន​បញ្ញា​ខាង​ប្រើ​កាយ​សម្បទា ប្រសប់​ប្រើ​ចលនា​រាង​កាយ – ពូកែ​សំដែង​ពត់ពេន​ខ្លួន និង​គ្រប់​គ្រង​ចលនា​រាង​កាយ​យ៉ាង​ប៉ិនប្រសប់។ អ្នក​ដែល​មាន​បញ្ញា​ផ្នែក​នេះ ច្រើន​មាន​អំណោយ​ផល​ពី​ធម្មជាតិ​ខាង​សរីរាង្គកាយ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ពូកែ​រាំ​ពត់​ពេន​ខ្លួន គ្រប់​ចង្វាក់ គ្រប់​ក្បាច់ និង​ពូកែ​លេង​កីឡា

– ចូលចិត្ត​កែច្នៃ​វត្ថុ​ផ្សេងៗ ដោយ​ប្រើ​ដៃ

– មាន​កាយ​សម្បទា​អំណោយ​ផល​ពី​ធម្មជាតិ និង​ស៊ីសង្វាក់​គ្នា​ទាំង​ព្រម ទាំង​ដៃ​ជើង និង​ដង​ខ្លួន

– ពេល​ស្ដាប់​គេ​និយាយ ឬ​ឃើញ​គេ​ធ្វើ​អ្វី​មួយ​ហើយ យក​មក​អនុវត្ត​ខ្លួន​ឯង

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​រាំ ឬ អ្នក​របាំ

– អ្នក​សាងសង់

– ជាង​ចម្លាក់

– តារា​សម្ដែង ឬ​តារា​ភាពយន្ត

– តារា​បង្ហាញ​ម៉ូត


៥- បញ្ញា​ខាង​តូរ្យតន្ត្រី និង​បទភ្លេង

បុគ្គល​ដែល​មាន​បញ្ញា​ខាង​តូរ្យតន្ត្រី​ពូកែ​ខាង​ការ​គិត​អំពី​ទម្រង់​បែប​បទ និង​ចំណាប់​ចុងចួន និង​សំឡេង។ គេ​ចូល​ចិត្ត​តន្ត្រី និង​បទ​ភ្លេង​តាំង​ពី​ក្មេង និង​ពូកែ​និពន្ធ​បទភ្លេង ​និង​ពូកែ​សម្ដែង​ និង​រាំ​តាម​ចង្វាក់​ភ្លេង។

​ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ចូលចិត្ត​ច្រៀង​ និង​ប្រគំ​បទភ្លេង

– ឆាប់​យល់​អំពី​របៀប​តែង​បទ​ភ្លេង និង​តុង​ភ្លេង

– ចងចាំ​ទំនុក​ច្រៀង និង​សាច់​ភ្លេង​បាន​ល្អ

– យល់​ស៊ីជម្រៅ​អំពី​របៀប​ប្រគំ​តន្ត្រី អំពី​ណោត​ភ្លេង និង​ចំណាប់​ចុងចួន

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– តន្ត្រីករ

– អ្នក​និពន្ធ​បទភ្លេង

– អ្នក​ចម្រៀង ឬ​តារា​ចម្រៀង

– គ្រូ​បង្រៀន​របៀប​និពន្ធ​បទភ្លេង

– អ្នក​ដឹកនាំ​វង់ភ្លេង ឬ​ក្រុម​ភ្លេង (conductor)


៦- បញ្ញា​ខាង​ទំនាក់ទំនង​អន្តរ​បុគ្គល (interpersonal intelligence)

បុគ្គល​ដែល​មាន​បញ្ញា​ខាង​ទំនាក់ទំនង​អន្តរ​បុគ្គល ជា​អ្នក​ដែល​ពូកែ​ខាង​ស្វែង​យល់​ និង​ស្មាន​ត្រូវ​អំពី​អ្នក​ដទៃ ដូច​ជា​ចំណង់​ចំណូល​ចិត្ត​របស់​គេ – ផ្លូវចិត្ត​របស់​គេ និង​ពូកែ​ខាង​ខិត​ទៅ​ជិត​អ្នក​ដទៃ ដើម្បី​បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ដទៃ។ ភាសា​សាមញ្ញ​ថា «មនុស្ស​ឆាប់​ចូល​គេ​ចុះ» ឬ «ឆាប់​ចូល​ក្នុង​ជំនុំ​ចំណោម​គេ​ចុះ»។ អ្នក​ដែល​មាន​បញ្ញា​ផ្នែក​នេះ​ប៉ិន​ប្រសប់​ខាង​ស្ទាបស្ទង់​ដឹង​អំពី​ផ្លូវ​ចិត្ត​អ្នក​ដទៃ – ពូកែ​លួង​លោម លើក​ទឹក​ចិត្ត​ – ពូកែ​ផ្គាប់​ចិត្ត​គេ​ដើម្បី​ឲ្យ​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​គេ។ ​អ្វី​ដែល​មាន​ក្នុង​ចិត្ត​របស់​អ្នក​ដទៃ ក៏​បុគ្គល​ប្រភេទ​នេះ​ឆាប់​ស្វែងយល់​ផង​ដែរ។ មួយ​វិញ​ទៀត បុគ្គល​ប្រភេទ​នេះ​សម្បូរ​ពាក្យ​ពេចន៍​និយាយ គឺ​និយាយ​មិន​ចេះ​អស់​ពាក្យ​និយាយ ហើយ​និយាយ​ចេញ​ទៅ មាន​អំណាច​ទាក់​ទាញ ធ្វើ​ឲ្យ​គេ​ចូល​ចិត្ត​ស្ដាប់។ និយាយ​មួយ​ម៉ាត់​ឲ្យ​ស្រួល​ស្ដាប់ គឺ​អ្នក​មាន​បញ្ញា​នេះ ជា​​​អ្នក​​ពូកែ​វោហារ ឬ​​​បាន​វោហារ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

​- ពូកែ​ខាង​ទាក់ទង​ផ្ទាល់​មាត់ (ថ្លែង​ទៅកាន់​ទស្សនិកជន។ល។)

– ពូកែ​ខាង​ទាក់ទង​មិន​ផ្ទាល់ (non-verbal communication)

– ពូកែ​ខាង​វិភាគ​ថ្លឹងថ្លែង​ និង​មើល​ឃើញ​បញ្ហា​ពី​ច្រើន​ជ្រុង និង​គ្រប់​ជ្រុង​ជ្រោយ

– ពូកែ​បង្កើត​ទំនាក់ទំនង​ល្អ ជាមួយ​អ្នក​ដទៃ

– ពូកែ​រិះរក​វិធី​ដោះ​ស្រាយ​បញ្ហា​រកាំរកូស​ដែល​កើត​ឡើង​នៅ​ក្នុង​អង្គភាព

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​ចិត្ត​វិទ្យា

– អ្នក​ទស្សនវិជ្ជា

– អ្នក​ផ្ដល់​ប្រឹក្សា​ផ្លូវ​ចិត្ត ឬ​អ្នក​ផ្ដល់​ប្រឹក្សា​អំពី​បញ្ហា​ប្រឈម​អ្វី​មួយ ដើម្បី​រក​ដំណោះ​ស្រាយ

– អ្នក​ជំនាញ​ខាង​លក់​ទំនិញ ទាំង​ប្រភេទ​សេវាកម្ម និង​ផលិតផល

– អ្នក​នយោបាយ (លក្ខណៈ​សម្បត្តិ​បឋម​សម្រាប់​អ្នក​នយោបាយ​គឺ​ពូកែ​វោហារ ពូកែ​ឡើង​ថ្លែង​ពាក្យពេចន៍​ផ្សេងៗ​នៅ​លើ​វេទិកា​សាធារណៈ)


៧- បញ្ញា​ខាង​ទំនាក់​ទំនង​ឯកត្ត​បុគ្គល (intra-personal intelligence)

​បុគ្គល​ដែល​មាន​បញ្ញា​ផ្នែក​នេះ ពូកែ​ខាង​សិក្សា​ស្វែងយល់​ស៊ីជម្រៅ​អំពី​ផ្លូវចិត្ត និង​ស្ថានភាព​របស់​ខ្លួន​ឯង – អំពី​អារម្មណ៍ និង​ទឹក​ចិត្ត​របស់​ខ្លួន​ឯង។ មនុស្ស​ប្រភេទ​នេះ ចូលចិត្ត​វិភាគ​ថ្លឹង​ថ្លែង និង​វាយ​តម្លៃ​អំពី​ខ្លួន​ឯង ធៀប​នឹង​មជ្ឈដ្ឋាន​ខាង​ក្រៅ (self-reflection) និង​ពេល​ខ្លះ​ប្រើ​អារម្មណ៍​អណ្ដែត​អណ្ដូង – លើក​ឧទាហរណ៍​សម្រាប់​ព្រឹត្តិការណ៍​ដែល​អាច​កើត​មាន​នា​ពេល​អនាគត ហើយ​ត្រៀម​ដោះស្រាយ​បញ្ហា​នោះ​ទុក​ឲ្យ​ហើយ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ពូកែ​វិភាគ​ផ្គូផ្គង​រក​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​អ្នក​ដទៃ

– ចូលចិត្ត​យក​ទ្រឹស្ដី និង​ទស្សនៈ​អ្នក​ដទៃ​មក​វិភាគ​ថ្លឹងថ្លែង​រក​ហេតុ​ផល ដើម្បី​គាំទ្រ ឬ​ជំទាស់

– ស្គាល់​ខ្លួន​ឯង​បាន​ច្បាស់

– យល់​ស៊ី​ជម្រៅ​អំពី​អារម្មណ៍ និង​ទឹក​ចិត្ត​របស់​ខ្លួន​ឯង

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​ទស្សនវិជ្ជា

– អ្នក​និពន្ធ​សៀវភៅ

– អ្នក​ទ្រឹស្ដី

– អ្នក​វិទ្យាសាស្ត្រ


៨- បញ្ញា​ដែល​ទាក់​ទង​នឹង​ពិភព​ធម្មជាតិ

បុគ្គល​ដែល​មាន​បញ្ញា​ប្រភេទ​នេះ​មាន​ចំណូល​ចិត្ត​ខាង​ពិភព​ធម្មជាតិ និង​ចូលចិត្ត​ផ្សារ​ភ្ជាប់​ខ្លួន​នឹង​ធម្មជាតិ។ គេ​ចូលចិត្ត​ស្វែង​យល់​អំពី​ប្រភេទ​សត្វ និង​រុក្ខជាតិ និង​ហាក់​ដូច​ជា​មាន​វិញ្ញាណ​ពិសេស​ឆាប់​ទទួល​អារម្មណ៍​ដឹង​អំពី​ធម្មជាតិ​ជាង​មនុស្ស​ទូទៅ។

ភិន​ភាគ​លក្ខណៈ​ដែល​បង្ហាញ​ថា​លោក​អ្នក​មាន​បញ្ញា​ខាង​ផ្នែក​នេះ

– ចូលចិត្ត​មុខ​វិជ្ជា​រុក្ខវិទ្យា – ជីវវិទ្យា និង​សត្តវិទ្យា

– ពូកែ​ចាត់​ថ្នាក់​ប្រភេទ​អ្វី​មួយ

– ចូលចិត្ត​ដំណើរ​កម្សាន្ត បោះ​ជំរុំ រៀប​ចំ​សួន​ច្បារ និង​រុក្ខជាតិ ឡើង​ភ្នំ និង​ចូលចិត្ត​ធម្មជាតិ

– មិន​ចូលចិត្ត​រៀន​មុខ​វិជ្ជា​ណា​ដែល​មិន​ទាក់​ទង​នឹង​ធម្មជាតិ

មុខ​អាជីព​ដែល​បុគ្គល​មាន​បញ្ញា​ប្រភេទ​នេះ​គួរ​ចាប់​យក

– អ្នក​ជីវវិទ្យា

– អ្នក​អភិរក្ស​ធនធាន​ធម្មជាតិ (អភិរក្ស​សត្វ​ព្រៃ ឬ​អ្នក​គ្រប់គ្រង​តំបន់​ទេសចរណ៍​ធម្មជាតិ។ល។)

– អ្នក​រៀបចំ​ប្លង់​សួន​ច្បារ ឬ​នគរូបនីយកម្ម

– កសិករ

http://www.thebnews.com/news/6914/

No comments

Powered by Blogger.