មូលហេតុនៅពីក្រោយហាង២៥០០ បាត់ប្រជាប្រិយភាព រហូតដល់ហាងខ្លះបិទទ្វាបណ្តើៗ

ម្ចាស់អាជីវកម្ម២៥០០ យីហោលីឡាង ស្ថិតនៅម្ដុំខណ្ឌឫស្សីកែវតាមបណ្តោយផ្លូវជាតិលេខ៥ អ្នកស្រី នាង ឈុនអេង ឲ្យTheBNEWSដឹងថា អាជីវកម្មអ្នកស្រីក្នុងរយៈប៉ុន្មានខែចុងក្រោយឆ្នាំ២០១៤ នេះ ការលក់មានការថយចុះខ្លាំងបើធៀបនឹងការបើកដំណើរការដំបូង គឺថយចុះប្រមាណ៥០%។
អ្នកស្រីបន្តថា ការពីពេលបើកដំបូងហាងអ្នកស្រីទទួលបានអតិថិជនច្រើន ដោយក្នុងមួយថ្ងៃ ហាងអ្នកស្រីអាចរកចំណូលបាន១លានរៀលក្នុងមួយថ្ងៃ តែឥឡូវសូម្បីតែ៥០ម៉ឺនក្នុងមួយថ្ងៃក៏ពិបាករកដែរ។
ម្ចាស់អាជីវកម្ម២៥០០រូបនេះពន្យល់មូលហេតុថា ការថយចុះចំនួនអតិថិជនមកទិញទំនិញនៅហាងអ្នកស្រីគឺអាច បណ្តាលមកពីការរកប្រាក់ចំណូលរបស់អតិថិជនមានការថយចុះព្រោះ អតិថិជនគោលដៅនៃហាង២៥០០នេះ គឺជាអតិថិជនឋានៈមធ្យមចុះក្រោម ជាពិសេសគឺកម្មករ កម្មការិនីរោងចក្រកាត់ដេរដែលនិយមចូលទិញក្នុងហាងរបស់អ្នកស្រី ផ្ទាល់ តែបច្ចុប្បន្នហាក់ដូចជាថយចុះខ្លាំង។
អ្វីដែលគេសង្កេតឃើញ ជាក់ស្ដែង អ្នកជំនាញលើកឡើងថា កត្តាធ្លាក់ចុះអតិថិជនអាចបណ្ដាលមកពីហាងនេះបើកច្រើនពេក។ ទោះជាយ៉ាងណា អ្នកស្រីនាង ឈុនអេង លើកឡើងថា ការថយចុះនេះ ដូចជាមិនសូវបណ្តាលមកពីហាង២៥០០ច្រើននោះទេ អ្វីដែលសំខាន់គឺបញ្ហាចំណូលរបស់អតិថិជន។
អ្នកស្រីឲ្យដឹងផងដែរថា ចំពោះហាង២៥០០មួយចំនួន ដែលបិទទ្វាទៅវិញបណ្ដើៗនេះ គឺអាចបណ្ដាលមកពីទីតាំងហាងនោះគឺជាកន្លែងជួលគេ ដូច្នេះម្ចាស់ហាងពិបាកនឹងទប់ទល់ នឹងការចំណាយ អ្នកស្រីថា គ្រាន់តែថ្លៃចំណាយលើការជួលផ្ទះគេក្នុងមួយខែៗអស់៤០០-៥០០ដុល្លារ ទៅហើយ។
អ្នកស្រីក៏បានលើកឡើងថា ចំពោះហាងគាត់វិញទោះបីជាការលក់ថយចុះខ្លះ ក៏មិនសូវជាមានផងប៉ះពាល់អ្វីច្រើនដែរ ព្រោះគាត់មិនបានជួលផ្ទះគាត់នោះទេ ។ អ្នកស្រីថា គាត់តែងតែព្យាយាមស្វែងរកនៅមុខទំនិញថ្មីៗសម្រាប់ហាងគាត់ជានិច្ច ព្រោះនេះអាចជាយុទ្ធសាស្ត្រល្អសម្រាប់ទាក់ទាញអតិថិជនបន្ថែម។
យល់ឃើញស្រដៀងគ្នានឹង ម្ចាស់ហាងខាងលើដែរនោះ អ្នកស្រី អៀង វណ្ណី ម្ចាស់អាជីវកម្ម ២៥០០ ឈ្មោះ Happy Shop នៅតាមបណ្ដោយផ្លូវជាតិលេខពីរ នៅម្ដុំចម្ការដូង បានឲ្យTheBNEWSដឹងដែរថា ហាងរបស់អ្នកស្រីចាប់ដំណើរការតាំងពីខែមិថុនា ឆ្នាំ២០១៣ ដោយមើលឃើញពីកំណើននៃតម្រូវការរបស់អតិថិជន ដែលត្រូវការទំនិញធូរថ្លៃ និងមានគុណភាពផងនោះ អ្នកស្រីក៏បានសម្រេចចិត្តបើកហាងនេះឡើង។
អ្នកស្រីរៀបរាប់បន្តថា អាជីវកម្មរបស់អ្នកស្រីទទួលបានអតិថិជនច្រើន នៅពេលបើកដំណើរការដំបូង ដោយសារជាអាជីវកម្មបែបថ្មី ហើយមានទំនិញច្រើនមុខសុទ្ធតែមានតម្លៃ ២៥០០រៀល មានទាំងសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្ភារៈក្មេងលេង គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ និងសម្ភារៈផ្សេងៗទៀតដែលមានគុណភាពអាចទទួលយកបាននាំចូលពី ប្រទេសចិន វៀតណាម និងប្រទេសថៃ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ អ្នកស្រីសង្កេតឃើញថា អាជីវកម្មរបស់អ្នកស្រីកំពុងថមថយបើធៀបទៅនឹងពេលបើកដំណើរការហាង ដំបូង។
ម្ចាស់ហាង ២៥០០រូបនេះបានឲ្យដឹងទៀតថា កត្តានៃការចុះថយនៃអ្នកមកទិញទំនិញនៅហាងរបស់អ្នកស្រីអាច បណ្ដាលមកពីមានការបើកហាង ២៥០០នេះតៗគ្នាច្រើនពេកនៅពេលបច្ចុប្បន្ន និងចំណង់ចំណូលចិត្តអតិថិជនមានការប្រែប្រួល។
អ្នកនាំពាក្យសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល ឲ្យ TheBNEWS ដឹងថា ការបើកអាជីវកម្មតគ្នាៗនេះជាការចង់សាកល្បងរបស់អាជីវករមួយ ចំនួន ប៉ុន្តែក្រុមអាជីវករទាំងនោះមិនបានសិក្សាពីហានិភ័យដែលនឹង អាចកើតឡើងនៅពេលមុខទេ ដែលជាហេតុនាំឲ្យអាជីវកម្មខ្លះបើកបានត្រឹមតែមួយរយៈពេលខ្លី ហើយក៏បិទទ្វាទៅវិញ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉ ធ្លាប់សម្ដែងការយល់ឃើញចំពោះអាជីវកម្មប្រភេទនេះតាមរយៈTheBNEWSថា ការបើកឲ្យដំណើរការវអាជីវកម្មមួយ មិនមែនមើលឃើញតែមួយជ្រុងនោះទេ អ្វីដែលសំខាន់គឺយើងត្រូវសិក្សាឲ្យបានម៉ត់ចត់ពីគ្រោងអាជីវកម្ម នីមួយៗ ដោយសម្លឹងមើលទៅលើទំហំទីផ្សារ និងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន។ លោកឧកញ៉ា អាជីវករមិនគួរបើកអាជីវកម្មតៗគ្នានោះទេ ព្រោះហានិភ័យក៏នឹងមានច្រើន បើយើងមិនបានសិក្សាឱ្យបានស៊ីជម្រៅ មុនចាប់ផ្ដើមដំណើរការ៕
www.thebnews.com/news/6963/
Post a Comment