Header Ads


 

អំពី​សំណង់​ស្ថាបត្យកម្ម​ហោត្រៃ​ខ្មែរ​


ថ្មីៗនេះ ការស្រាវជ្រាវខាងវិស័យស្ថាបត្យកម្មបុរាណខ្មែរ ដោយលោក ច័ន្ទ វិត្ថា​រ៉ុង បានបញ្ជាក់នូវប្រភពតួនាទី និងទីតាំង យ៉ាងត្រឹមត្រូវនៃសំណង់ហោត្រៃខ្មែរ ។ ការស្រាវជ្រាវនេះ បានផ្តល់នូវទិន្នន័យថ្មីមួយ ដែលមានលក្ខណៈជាវិទ្យាសាស្ត្រ និងអន្តរជាតិ ដែលគប្បីយើងមិនត្រូវមើលរំលង ។ ក៏ប៉ុន្តែ លោកមិនទាន់បានពិនិត្យអត្ថប្រយោជន៍នៃអគារហោត្រៃខាងលើនេះ ក្នុងបរិបទវប្បធម៌បែបពុទ្ធនិយមនៅឡើយ ។ ជំហានថ្មីរបស់យើងនេះ គឺជាការបន្ថែមនូវអត្ថន័យដ៏ជ្រាលជ្រៅពាក់ព័ន្ធទៅនឹងសំណង់ហោត្រៃ ។ ដូច្នេះ អត្ថបទនេះ គឺជាការបកស្រាយបន្ថែម លើអ្វីដែលអ្នកនិពន្ធខាងលើ បានអធិប្បាយ យ៉ាងក្បោះក្បាយកន្លងមក ។
    ​ហោត្រៃ គឺជា​អាគារ​ដែល​ស្ថិតនៅ​ឈមមុខ​នឹង​ប្រាង្គ​ប្រធាននៃ​ប្រាសាទ ហើយ​បែរមុខ​ទៅ​ទិស​ខាងលិច ដែល​ស្ថិតក្នុង​អ័ក្ស​មេ​កើត​-​លិច របស់​ប្រាសាទ ។ ជាទូទៅ​គេ​ឃើញ​មាន​ទី​ហោត្រៃ​ពីរ​ក្នុង​ទីធ្លា​នៃ​ប្រាសាទ​នីមួយៗ ដែល​ត្រូវបាន​សាងសង់ឡើង​តាម​ក្បួន​សមប្បមាណ ។​
​    ​អគារ​ហោត្រៃ​ដែល​ស្ថិតនៅ​ខាងស្តាំ​ជ្រុង​ឥសាន មាន​ឈ្មោះថា ព្រះ​រតនៈ ឬ​ព្រះ​កន្លោង ។ តួនាទី ឬ​មុខងារ​របស់​សំណង់​ស្ថាបត្យកម្ម​នេះ ដែលជា​ឧ​បស​ម្ព័​ន​របស់​ប្រាសាទ គឺ​ការតម្កល់​ព្រះ​រូប ឬ​ព្រះ​បដិមា ។ រីឯ​អគារ​នៅ​ខាងឆ្វេង​វិញ ដែល​ត្រូវគេ​តាំង​ឈ្មោះថា អាស្រម​ព្រះ​ភ្លើង ឬ​ព្រះ​ភ្លើង គឺធ្វើឡើង​សម្រាប់​តម្កល់​ព្រះ​ភ្លើង​ដ៏​ពិសិដ្ឋ ដែល​គេ​បូជា​ប្រចាំថ្ងៃ ។ ហើយ​ការបូជា​ព្រះ​ភ្លើង​នេះ ត្រូវគេ​ហៅថា ពិធី​អគ្នី​ហោត្រ ឬ​អគ្នី​ហោម ដែលមាន​ចែង​ក្នុង​គម្ពីរ​វេទ ហើយ​ត្រូវបាន​បន្ត​រហូតដល់​ស​ព្វ​ថ្ងៃ នៅក្នុង​ព្រះរាជ​ពិធី​ទ្វារ​ទស​មាស ជាពិសេស​ពិធី​ច្រត់ព្រះនង្គ័ល​ខ្មែរ ។​

ប្លង់​ប្រាសាទ​សម័យអង្គរ ដែលមាន​ហោត្រៃ​ទាំងពីរ​ពីមុខ​ប្រាសាទ (​ឯកសារ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ )

​     ​សូមជម្រាបថា បើ​យោងតាម​ខ្លឹមសារ​នៃ​សិលាចារឹក​វត្ត​ភូ K.367 នៅ​ចម្ប៉ា​សាក់​ប្រទេស​ឡាវ​បច្ចុប្បន្ន ដែល​សរសេរ​ជា​ភាសាសំស្ក្រឹត នៅ​ដើម​សតវត្ស​ទី ៧ យើង​អាច​បញ្ជាក់បាន​ថា បុព្វបុរស​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ បាន​គោរពបូជា​ព្រះ​ភ្លើង​រួចទៅហើយ ។ ហើយ​ពិធី​នេះ ដែល​ត្រូវបាន​ផ្តើមចេញពី​សម័យ​នគរ​ភ្នំ ស​.​តទី ៣-៤ យ៉ាង​ប្រាកដ ដូច​ករណី​ចម្លាក់​អណ្តាតភ្លើង​មួយចំនួន ដែល​គេ​បាន​ឆ្លា​ក់លើ​កាក់​ជា​សក្ខីកម្ម​ស្រាប់ ។ ម្យ៉ាងវិញទៀត​ពិធី​អគ្នី​ហោត្រ​នេះ ក៏ត្រូវ​បាន​ឆ្លា​ក់លើ​ជញ្ជាំង​ប្រាសាទបាយ័ន ព្រមទាំង​គូសបញ្ជាក់​ជា ប្រយោល​តាមរយៈ​ខ្លឹមសារ​អត្ថបទ​សិលាចារឹក​សច្ចាប្រណិធាន របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​១ K.292 នៅ​ប្រា​សាទ​វិមានអាកាស​ផងដែរ ។ សូម​រំលឹកថា តាម​សិលាចារឹក​ដ៏​សំខាន់​នេះ យើង​ដឹងថា ដើម្បី​សម្តែង​នូវ​ភក្តីភាព​ចំពោះ​ព្រះមហាក្សត្រ​ខាងលើ​សព្វ​នាម៉ឺន​មន្ត្រី ​ត្រូវធ្វើ​ការស្បថ​ស្បែរ នៅមុខ​ព្រះ​ភ្លើង និង​ព្រះ​រតនៈ​ដោយមាន​ពួក​ព្រាហ្មណ៍​បុរោហិត (​ព្រា​ហ្ម​ណា​ចា​រ្យ​) ជា​អធិបតី​ផង ។ តាម​ខ្លឹមសារ​សិលាចារឹក K.315 និង K.324 នា​សម័យអង្គរ យើង​ក៏​ដឹង​ទៀតថា ក្រៅពី​ធ្វើ​កិច្ច​ប្រតិ​ស្ថាន​ព្រះ​អគ្គី ឬ​ព្រះ​ភ្លើង ដោយ​ពួក​ព្រាហ្មណ៍ នៅក្នុង​អាស្រម​ត្រូវបាន​ថែរក្សា​ដោយ​ឆ្មាំ ។ យ៉ាងណាមិញ ហោត្រៃ​ខាងស្តាំ ឬ​ព្រះ​កន្លោង ឬ​ព្រះ​រតនៈ ដែលជា​កន្លែង​បូជា​បុព្វការី​ជន​របស់​ព្រះរាជវង្សានុវង្ស ដែល​ក្រោយពី​ចូល​ទីវ​ង្គ​ត់ វិញ្ញាណ​ក្ខ័​ន្ធ​មក​សណ្ឋិត​លើ​ព្រះ​រូបតំណាង​ឲ្យ​ព្រះអាទិទេព​ឥណ្ឌា​នោះ ក៏​ដូច្នេះ​ដែរ ។ ឆ្មាំ​ទាំងពីរ​ខាងលើនេះ ត្រូវគេ​តាំង​ឈ្មោះថា ឆ្មាំ​ព្រះ​ភ្លើង និង​ឆ្មាំ​ព្រះ​កន្លោង ឬក៏​អគ្នី​ទាស និង​រត្ន​ទាស ។
​    ​តាមពិតទៅ ករណីនេះ​មិនមែន​ករណី​ដែល​ត្រូវធ្វើ​ឲ្យ​យើង​ឆ្ងល់​នោះទេ ដោយហេតុថា តាមរយៈ​វត្តមាន​របស់​ពួក​ឆ្មាំ​ទាំងនោះ យើង​អាច​ឃើញ​នូវ​តួនាទី​យ៉ាងសំខាន់ នៃ​សំណង់​ហោត្រៃ​ទាំងនោះ ក្នុង​អតីតកាល​ដ៏​យូរលង់ ។ លើសពីនេះ​ទៀត ជីវិត​របស់​ពួក​ព្រាហ្មណ៍​បុរោហិត​នៅ​ទីនោះ ក៏​ស្ថិត​ជុំវិញ​ពិធី​អគ្នី​ហោត្រ​នេះដែរ ដែល​ពិតជា​បាន​ប្រារព្ធ​ឡើង​ក្នុង​អគារ​ទាំងនោះ ដូច​ករណី​របស់​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ និ​ន្ន​កាចា​រ្យ​ក្នុង​រាជ​របស់​ព្រះបាទ​រាជេន្ទ្រ​វរ្ម័នទី​១ ជា​ភ័​ស្ត​តាង​ស្រាប់ ។ នេះ​បើ​យោងតាម​សិលាចារឹក K.937 ដែល​ត្រូវបាន​ចារ​ឡើង​ក្នុង​ឆ្នាំ ៨៧៧ នៅ​ទីក្រុង​រលួស ឬ​ហរិ​មាល័យ ។​

ហោត្រៃ​ខាងស្តាំ ឬ​ព្រះ​កន្លោង នៅ​ប្រាសាទ​ព្រះ​គោ ស​.​វ ទី ៩ និង ហោត្រៃ​នៅ​ប្រាសាទអង្គរវត្ត ស​.​ត ទី ១២

    ​ឆ្លងកាត់​ការសិក្សា​វិភាគ​ខាងលើនេះ គ្មាន​ហេតុផល​ជា​វិជ្ជមាន​ណាមួយ ដែល​បង្ហាញថា ពាក្យ​ហោត្រៃ​ខ្មែរ ដែលមាន​ប្រភព​ចេញពី​ពាក្យ​សំស្ក្រឹត​ហោ​ត្រី​យ គឺជា​កម្ចី​ពី​សៀម (​ពោលគឺ​ការ​ផ្សំ​រវាង​ពាក្យ​សៀម​ហោ និង​ពាក្យ​សំ​ស្ត្រឹ​ត​ត្រៃ​មានន័យថា បី​) ដូច​មានចែង​ក្នុង​វចនានុក្រម​ខ្មែរ​នោះ​ទេ។ បើតាម​លោក​ហ្ស​ក​ស៊ឺ​ដេ​សជន​ជាតិ​សៀម បានទទួល​មរតក​វប្បធម៌​សំស្ក្រឹត​តាមរយៈ​ខ្មែរ ហេតុនេះ​នាំ​ឲ្យ​ពួកគេ​ខ្ចី​សព្ទ​ខ្មែរ​បុរាណ​ជាច្រើន​ឥត​គណនា ដើម្បី​ប្រើប្រាស់​ក្នុង​ពិធី​កម្ម​សាសនា​នានា។ គួរកត់សម្គាល់​ផងដែរ​ថា ការដែល​យល់ថា ហោត្រៃ​គឺជា​បណ្ណា​ល័យ​ក៏​មិន​ត្រឹមត្រូវ​ដែរ ។​
​    ​ជា​សេចក្តី​សរុប យើង​អាច​យក​ការរកឃើញ​ថ្មី​របស់លោក​ច័ន្ទ វិត្ថា​រ៉ុង ធ្វើជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​គាំទ្រ​ទស្សនៈ​ខាងលើ គឺ​ក្នុង​ហោត្រៃ​ជ្រុង​អ​គ្នេ​យ៍ ជាទូទៅ​ដែល​នៅ​ខាងក្នុង​មាន​លក្ខណ​:​តូចចង្អៀត បាន​បន្សល់​នូវ​វត្ថុ​នានា​មួយចំនួន (Cf. មរតក​ពិធី​សាសនា តាមរយៈ​ស្ថាបត្យកម្ម​ហោត្រៃ នៃ​ប្រាសាទបុរាណ​ខ្មែរ ក្នុងតម្លៃ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ សន្និសីទ​អន្តរជាតិ​លើក​ទី​៦ ស្តីអំពី​តម្លៃ​វប្បធម៌​អាស៊ី​អ​គ្នេ​យ៍ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី នៃ​រាជបណ្ឌិតសភា​កម្ពុជា​ថ្ងៃទី ១៦-១៧ ធ្នូ ២០១០) ដូចជា "កំណល់​ធំ​មាន​រាង​បួន​ជ្រុង​ស្មើ ឬ​មូល (​រាប់ទាំង​អឌ្ឍ​ចន្ទ្រ​នៅ​ពីមុខ​) ដែល​យើង​សន្និដ្ឋានថា ជា​កំណល់​ចង្ក្រាន​អគ្នី បើ​យោង​បន្ថែម​តាម​ចម្លាក់​ក្រឡោត នៅលើ​ជញ្ជាំង​នៃ​ប្រាសាទបាយ័ន ។ វត្ថុ​រាង​ទ្រវែង​ដែល​នៅ​ពី​ខាងក្រោយ​កំណល់​ធំ ដែល​យើង​សន្និដ្ឋានថា ជា​កំណល់​ចម្លាក់​នព្វគ្រោះ ។ ក្នុង​អត្ថបទ​នៃ​តម្រា​ស្ថាបត្យកម្ម​ឥណ្ឌា​បុរាណ ម​យម​តាំ (Mayamatam) ក៏មាន​អធិប្បាយ​ផងដែរ អំពី​ចង្ក្រាន​អគ្នី ដោយ​ចែងថា ចង្ក្រាន​មាន​បី​ជាន់​" (ច័ន្ទ វិត្ថារ៉ុង)
     នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដ៏​មាន​ប្រយោជន៍​ របស់អ្នកឯកទេសខ្មែរខាងលើ ដែល​យើង​សូម​ឯកភាព​ទាំងស្រុង ។ ព្រោះថា ចំពោះ​គំនិត​ផ្តួចផ្តើម​ខាងលើនេះ យើង​ក៏​ធ្លាប់មាន​ពីមុន​ផងដែរ ជាពិសេស​ពេលដែល​យើង​សិក្សា​ឯកសារ​មួយចំនួន​របស់លោក ដា​ហ្សែ​ន ស្តីពី​សំណង់​ស្ថាបត្យកម្ម​នៅ​ប្រទេស​ឥណ្ឌា ជាពិសេស​នៅពេលដែល​យើង​បាន​សរសេរ​អំពី​និមិត្តរូប​របស់​ប្រាសាទបន្ទាយស្រី និង ប្រាង្គ​ព្រហ្ម​ទត ស្ថិត​ពីមុខ​ប្រាសាទ​ភិ​មា​យ ។​ មួយវិញទៀត​សោត ការរកឃើញ​នូវ​កំណល់​មួយ​រាង ៤​ជ្រុង​ទ្រវែង នៅ​ប្រាសាទ S2 (​ខាងត្បូង​) នៃ​ក្រុម​ប្រាសាទសម្បូរព្រៃគុក​នា​សម័យ​ចេនឡា ក៏​ជា​តឹកតាង​បង្ហាញ​នូវ​ពិធី​បូជាយញ្ញ ថ្វាយ​ចំពោះ​ព្រះ​ភ្លើង ឬ​អគ្នី​ដែរ​។​
​    ​ចំពោះ​តួនាទី​របស់​ហោត្រៃ​ជ្រុង​ឥសាន ឬ​កន្លោង​នៅ​ខាងស្តាំ យើង​ក៏​យល់ព្រម​ជាមួយ​អ្នកនិពន្ធ​ខាងលើ​ដែរ ដោយហេតុថា នៅ​ប្រាសាទ​ភិ​មាយ យើង​បាន​រកឃើញ​នូវ​ចម្លាក់​តំណាង​ឲ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ ហៅថា​ព្រះព្រហ្មទ​ត្ត និង​រូប​ព្រះ​នាង​ជ័យ​រាជទេវី ហៅថា ព្រះ​នា​ងអរ​រិន្ទ ។ ម្យ៉ាងវិញទៀត នៅក្នុង​ជ្រុង​ប្រាសាទ​ទាំងនោះ ភាគច្រើន ឈ្មោះ​ដែលមាន​ក្នុង​សិលាចារឹក ក៏​សុទ្ធសឹងតែ​ជាប​ច្ឆា​មរណៈនាម​ដែរ ដូចជា កម្រ​តេង​ជាគ​ត​ជាដើម ។ ​យើង​ក៏បាន​ជួប​ភស្តុតាង​មួយចំនួនទៀត ដែល​បង្ហាញ​ឲ្យ​ឃើញថា ឋានៈ​បុព្វការី​ជន​ទាំងនោះ ត្រូវបាន​តម្លើង​ស្មើនឹង​ព្រះ​អវលោកេស្វរៈ ឬ​លោកេស្វរៈ ដូច​ករណី​ចម្លាក់​មួយ​ចំន​នួន​នៅ​ប្រាសាទ​មឿង​សិង្ហ​ជាដើម​ ។
    ​ឆ្លៀតឱកាស​នេះ យើង​ក៏​សូមបញ្ជាក់​ផងដែរ​ថា គឺ​ហោត្រៃ​បែប​ព្រា​ហ្ម​និយម​ខាងលើ​នេះហើយ ដែល​បាន​ឲ្យ​កំណើត​ទៅ​ឲ្យ​ហោត្រៃ​បែប​ពុទ្ធ​និយម និកាយ​មហាយាន មុននឹង​ក្លាយទៅជា​ហោត្រៃ​បែប ហិន​យាន ឬ​ថេរវាទ នា​សម័យ​ក្រោយ​អង្គរ ដែលមាន​នៅតាម​វត្ត​អា​រាម​ខ្មែរ ថៃ ឡាវ​(​លាវ​) បច្ចុប្បន្ន ។​
​    ​ហេតុការណ៍​នេះហើយ គឺជា​ភ័ស្តុតាង​មួយ​យ៉ាងសំខាន់ បង្ហាញ​ឲ្យ​ឃើញថា ក្នុង​វប្បធម៌​ខ្មែរ ដែលមាន​លក្ខណៈ​សំយោគ សម្ព័ន្ធភាព​រវាង​វិស័យ​ស្ថាបត្យកម្ម បែប​ព្រាហ្មណ៍​និយម និង ពុទ្ធ​និយម ទាំងពីរ​យាន​គឺជា​រឿង​ធម្មតា ។ ហើយ​អន្ត​រកម្ម​ផ្នែក​សំណង់​សាសនា ក៏​ដូច​រចនា​ប័​ថ្ម​នៃ​សិល្បៈ​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​វិស័យ​ វិចិត្រសិល្បៈ នា​ដើម​ស​.​វ​ទី ១ មកម្ល៉េះ ។​
​    ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​អត្ថន័យ​ស៊ីជម្រៅ​នៃ​សំណង់ ស្ថាបត្យកម្ម​ខ្មែរ នៅតែ​រក្សា​តំលៃ​របស់ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន ។ ដូច្នេះ ក្នុង​បរិបទ​នេះហើយ ដែល​ការប្រើប្រាស់ ឬ​ការស្ថាបនា​ឡើង​នៃ​អគារ​ហោត្រៃនៅតាមវត្តអារាម ត្រូវបាន​រក្សាទុក ក្នុង​បរិបទ​ពុទ្ធ​និយម ទោះបីជា​ប្រាង្គ​ប្រាសាទខ្មែរ បាន​រលត់​សង្ខា​ហើយក៏​ដោយ ។​
​    ​ជារួម ការដែល​ពាក្យ​ហោត្រៃ ដែលមាន​ប្រភព​ចេញពី​ភាសាសំស្ក្រឹត បានក្លាយ​ទៅជា​ពាក្យ​ហោត្រៃ​ខ្មែរ ថៃ ឬ​ឡាវ (​លាវ​) មិនមែនជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល​អ្វី​ដែរ ផ្ទុយទៅវិញ​ពាក្យ​ហោត្រៃ ក៏ដូចជា​ពាក្យ​វត្ត ដែល​ជនជាតិ​ថៃ ឡាវ កំពុង​ប្រើប្រាស់​នោះ ក៏​ជា​ភ័ស្តុតាង​មួយ​ដ៏​មាន​ប្រយោជន៍ បង្ហាញ​ឲ្យ​ឃើញ​នូវ​ឥទ្ធិពល នៃ​វិស័យ​ស្ថាបត្យកម្ម​ខ្មែរលើ​វប្បធម៌​ថៃ លាវ ដែលជា​មនុស្ស​ចំណូល​ថ្មី​ក្នុង​តំបន់ ។ យ៉ាងណាមិញ ការរៀបចំ គ្រប់គ្រង​វត្ត​អា​រាម ពោលគឺ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន បទ​បញ្ញត្តិ និង ការហាម​ប្រាម​ផ្សេងៗ​ជាដើម​ក៏​ដូច្នេះ​ដែរ ។ កុំភ្លេចថា ជនជាតិ​ថៃ និង លាវ (ឡាវ) បានទទួល​មរតក​វប្បធម៌​ឥណ្ឌា​តាមរយៈ​ខ្មែរ នា​សម័យ​វប្បធម៌​បាយ័ន ទោះជា​គេ​នៅ​ស្រុក​សុខោទ័យ អយុធ្យា ឬក៏​ទីក្រុង​វៀង​ច័ន្ទ​ក្តី ។ ជាទី​បញ្ចប់ សូម​ជម្រាប​ផងដែរ​ថា បទ​បញ្ញា​ត្តិ​នៃ​មូលនិធិ​សាសនា​ដែលជា​កន្លែង​ពិសិដ្ឋ ពាក់ព័ន្ធ​ទៅនឹង​ការគោរព​បូជា​ព្រះ​ភ្លើង ក៏​ដូច​បំរាម​នានា ដូចជា​ការហាមឃាត់​មិន​ឲ្យ​មានការ​ទន្ទ្រាន ឬ​បៀតបៀន ពី​សំណាក់​អ្នកដទៃ ឬក៏​អាជ្ញាធរ​ណាមួយ​មកពី​ក្រៅ​ជាដើម ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​ខ្លឹមសារ​នៃ​សិលាចារឹក​វត្ត​បុ​រេ​អង្គរ នៅ​វត្ត​ភូ ប្រទេស​លាវ​បច្ចុប្បន្ន​ជា​សក្ខីកម្ម​ស្រាប់ ។ ​នេះ​គឺជា​អ្វីមួយ​ដែល​សាសនិកជន​ខ្មែរ ថៃ និង លាវ ត្រូវបាន​បន្ត​រហូតដល់​ បច្ចុប្បន្ន។
    ​តាមរយៈ​ការសិក្សា​វិភាគ​ដ៏​ខ្លី​នេះ ស​ឲ្យ​ឃើញ​នូវ​ប្រភព​ព្រាហ្មណ៍​និយមនៃ​ហោត្រៃ​របស់វត្ត​អារាម​ខ្មែរ​បច្ចុប្បន្ន ​មិនមែនជា​លទ្ធផល​នៃ​ឥទ្ធិពល​វប្បធម៌​សៀម​ឡើយ​៕​

http://www.cen.com.kh

No comments

Powered by Blogger.