ព្រះនាងគង្ហីងធរណីខ្មែរ
សូមជម្រាបថា ពាក្យគង្ហីងជាពាក្យខ្មែរមានអត្ថន័យដូចនឹងពាក្យធរណី ដែលជាភាសាបាលីដែលតំណាងឲ្យព្រះអាទិទេពតែមួយដូចគ្នា ។
ផ្អែកលើវត្ថុបុរាណដែលមានរូបប្លែកៗ ឆ្លាក់លើដីដុតនៅទីក្រុងអង្គរបុរី យើងឃើញថា មានការគោរពបូជាព្រះនាងធរណី ឬគង្ហីងតាំងតែពីសម័យនគរភ្នំម្ល៉េះ ហើយព្រះ អាទិទេពរងបែបពុទ្ធនិយមអង្គនេះ មានប្រភពចេញពីប្រទេសឥណ្ឌា ។
តាមរយៈរូបព្រះនាងគង្ហីងដែលបានឆ្លាក់លើឥដ្ឋមួយធំ ដែលជាកម្មសិទ្ធិរបស់អ្នកស្រុករស់នៅមុខវត្តកំពង់ហ្លួងបច្ចុប្បន្ន យើងអាចដឹងថា ប្រពៃណីប្រជាប្រីយ៍គោរពនាងគង្ហីងនៅក្នុងទឹកដីកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ដែលជានិច្ចកាលពាក់ព័ន្ធទៅនឹងលទ្ធិព្រះពុទ្ធសាសនា ។ នេះបើគេសិក្សាប្រៀបធៀបវិស័យបដិមាសាស្ត្រឥណ្ឌា និងខ្មែរដែលគេបានជួបប្រទះកន្លងមក ។
យើងក៏ឃើញមានរឿងព្រេងមួយចំនួនបែបពុទ្ធនិយមដែលបង្ហាញនូវ គុណសម្បត្តិរបស់ព្រះនាងគង្ហីង ឬព្រះធរណីក្នុងវប្បធម៌ខ្មែរយើង ក៏ដូចជានៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលមានព្រះពុទ្ធសាសនាជាសាសនារដ្ឋដែរ។ កត្តានេះហើយដែលធ្វើ ឲ្យយើងដឹងច្បាស់ថា ជំនឿលើព្រះនាងគង្ហីងត្រូវនាំចូលក្នុងពេលជាមួយគ្នានឹងការ ផ្សព្វផ្សាយនូវលទ្ធិព្រះពុទ្ធសាសនាក្នុងជ្រោយសុវណ្ណភូមិនេះដែរ ។
ព្រះនាងធរណី គង្ហីង, ដីដុត, កម្មសិទ្ធិអ្នកស្រុកអង្គរបុរី
(១៩៩៤)
ចម្លាក់ផ្ចាញ់មារ សម័យបាយ័ន, សារមន្ទីរ ជាតិភ្នំពេញ,
១៩៩៣
ដោយវិស័យបដិមាសាស្ត្រមិនអាចផ្តាច់ចេញពីជំនឿសាសនាបែបពុទ្ធនិយម ដូច្នេះហើយវាគឺជាគ្រឹះមួយដ៏សំខាន់ក្នុងការបង្ហាញនូវចំណាស់នៃការ គោរពបូជាព្រះនាងគង្ហីង ឬព្រះនាងធរណីក្នុងសង្គមខ្មែរ ។
គំនូរ និងចម្លាក់វត្ថុ, ភ្នំពេញ, សតវត្សរ៍ ទី
២០
ពពិលមាសរូបព្រះនាងគង្ហីងធរណី, សតវត្សរ៍ទី ១៨ (សារមន្ទីរជាតិពន្ធុវិទ្យា,
ទួលគោក)
ការសិក្សាស្រាវជ្រាវរបស់យើងកាលពីឆ្នាំ ១៩៩៥
នៅអតីតព្រះរាជធានីអង្គរបុរី យើងបានរកឃើញថា
ជនជាតិខ្មែរនាដើមសតវត្សរ៍ទី១
បានគោរពបូជាព្រះអាទិទេពខាងលើនេះរួចទៅហើយ ។
ទន្ទឹមនឹងនេះ ប្រវត្តិបុរេអង្គរនៃព្រះនាងគង្ហីងធរណីខ្មែរ
ក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់តាមចម្លាក់បុរាណចំនួន ២-៣
ដែលគេឆ្លាក់លើដីដុត ។នៅប្រទេសឥណ្ឌា ចាប់តាំងពីដើមសតវត្សរ៍ទី១ មានការឆ្លាក់ព្រះរូបរបស់ព្រះនាងគង្ហីងធរណី ជាពិសេសធ្វើអំពីថ្ម ប៉ុន្តែចម្លាក់ទាំងនោះរបស់ព្រះនាងត្រូវបានឆ្លាក់នៅក្បែរបល្ល័ង្កព្រះពុទ្ធអង្គទៅវិញ ។ សូមជម្រាបផងដែរថា ចម្លាក់ល្បីល្បាញជាងគេគឺមានប្រភពចេញពីទីក្រុងគន្ធារៈ និងស៌ានាថដែលស្ថិតក្រោមឥទ្ធិពលនៃពួកហ្គ្រិចកូ-រ៉ូម៉ាំង ដែលបានជះវប្បធម៌របស់ខ្លួនលើសិល្បៈឥណ្ឌានាសតវត្សរ៍ទី១ និងទី២ ។
ជនជាតិខ្មែរបានស្គាល់ ព្រមទាំងគោរពបូជាព្រះអាទិទេពខាងលើនេះ តាំងពីសម័យវប្បធម៌នគរភ្នំម្ល៉េះ ។ នេះជាទិន្នន័យមួយយ៉ាងសំខាន់ទាក់ទិនទៅនឹងប្រវត្តិសាសនា និងសិល្បៈខ្មែរ ដែលយើងត្រូវដឹងឮ ដើម្បីលើកតម្លៃវប្បធម៌ជាតិឲ្យបានត្រឹមត្រូវ ។
សរុបសេចក្តីមក នេះជាលើកដំបូងហើយ ដែលយើងបានរកឃើញចម្លាក់តំណាងព្រះនាងធរណី ដែលមានប្រភពចេញមកពីប្រទេសឥណ្ឌាត្រង់ៗតែម្តង ហើយស្ថិតក្នុងសម័យកាលនៃយុគវប្បធម៌អង្គរបុរី ។យើងគប្បីដឹងផងដែរថា ចម្លាក់តំណាងឲ្យព្រះនាង កម្រមានណាស់ក្នុងសិល្បៈសម័យអង្គរ លើកលែងតែករណីពីរឬបីប៉ុណ្ណោះ ។ ផ្ទុយទៅវិញ យើងមានភស្តុតាងយ៉ាងច្រើនឥតគណនា នាសម័យក្រោយអង្គរ ជាពិសេសនាសម័យទំនើបយើងនេះ ។
ចម្លាក់ផ្ចាញ់មារ, ប្រាសាទពិមាយ, ឯកសារពី Guide to Pimai and
antiquities in the province of Nagara Rajasima, Orat
(1961)
ហេតុផលភាគច្រើនដែលធ្វើឲ្យបាត់បង់ស្លាកស្នាម ប្រហែលជាបណ្តាលមកពីកត្តាសង្គ្រាម
ដែលបានបំផ្លិចបំផ្លាញគ្រប់សព្វទាំងអស់ក្នុងសង្គមជាតិខ្មែរ
ឬក៏មកពីអត្ថិភាពនៃលទ្ធិព្រហ្មញ្ញសាសនាក្នុងអតីតកាល ។
ម្យ៉ាងវិញទៀត យើងគប្បីជ្រាបដែរថា ខុសពីព្រះរាជាណាចក្រកម្ពុជា
នៅប្រទេសឥណ្ឌា ការតំណាងរូបព្រះនាងធរណីកំពុងរំសាយសក់ គ្មានវត្តមានរបស់សត្វក្រពើឬត្រកួតជាមួយទេ ។
វត្តមានរបស់សត្វក្រពើ
ឬសត្វត្រកួត បង្ហាញឲ្យយើងឃើញនូវលក្ខណៈបែបជីវចលនិយមរបស់មនុស្ស ខ្មែរសុទ្ធសាធ ៕http://www.cen.com.kh
Post a Comment