Header Ads


 

ទំនួល​ខុសត្រូវ​​​ដែល​អាណាព្យាបាល​គ្រប់រូប​គួរ​យល់ដឹង


ការ​ទទួល​ខុសត្រូវ​ចំពោះ​កូនជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ឪពុកម្ដាយ​ គ្រប់រូប។ ​​ប្រការ​នេះ​តម្រូវ​ឲ្យ​ភរិយា ឬ​ស្វាមី​លះបង់​ពេលវេលា​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ផ្នែក ​រាងកាយ ​ចិត្តសាស្ត្រ ​និង​សង្គម​របស់​កូនៗ​ពួកគេ។ ​​​ ដូច្នេះ​ដើម្បី​ចែករំលែក​ចំណេះដឹង​មួយ​ចំនួន​ដែល​ឪពុក ម្ដាយ​គ្រប់​រូប​គួរ​យល់​ដឹង Sabay ​​នឹង​លើក​យក​គន្លឹះមួយ​ចំនួនមកបង្ហាញ។
១. ផ្ដល់​បរិស្ថាន​ដែល​មាន​សុវត្ថិភាព
​​កាតព្វកិច្ច​ដ៏​ធំ​មួយ​របស់​ឪពុកម្ដាយ​គឺ ​ផ្ដល់​ដល់​កូន​នូវ​បរិស្ថាន​​មួយ​ដែល​មាន​សុវត្ថិភាព​ពី​ការ​រំលោភបំពាន​ រាងកាយ ​ផ្លូវ​ភេទ ​និង​អារម្មណ៍។ ​បន្ថែម​ពី​នេះ ​​សម្ភារៈ​ដែល​អាច​បង្ក​គ្រោះថ្នាក់​មួយ​ចំនួន​ដូចជា ​វត្ថុ​មុត​ស្រួច ​ឬ​ងាយ​នឹង​ឆេះ​ត្រូវ​យក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្មេងៗ។ ​​បើ​សិន​នាំ​កូន​ទៅ​លេង​កន្លែង​ណាមួយ​ ឬ​ទៅ​ផ្ញើ​នៅ​មតេយ្យ​ត្រូវ​ពិនិត្យ​មើល​​ជុំវិញ​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង ​ចាកចេញ ​ឬ​បណ្ដោយ​កូន​ឲ្យ​រត់​លេង។
២. ​ផ្ដល់​នូវ​តម្រូវ​ការ​មូលដ្ឋាន
​ជា​ឪពុកម្ដាយ​គេ​អ្នក​ត្រូវ​ផ្ដល់​ដល់​កូនៗ​នូវ​តម្រូវ​ការ​មូលដ្ឋាន​ មួយ​ចំនួន​ដូចជា ​ទឹក ​អាហារ​បំប៉ន ​ជម្រក ​និង​កន្លែង​គេង​ដ៏​ត្រឹមត្រូវ។ ​​ក្រៅ​ពី​នេះ​ អ្នក​ក៏​គួរ​មាន​ការ​យកចិត្ត​ទុកដាក់​ផ្នែក​វេជ្ជសាស្ត្រ​​រួម​មាន​ ការ​យក​កូន​ទៅ​ពិនិត្យ​សុខភាព​​ឲ្យ​បាន​ទៀងទាត់​ជាដើម​ផង​ដែរ។ ​ការ​ផ្ដល់​នូវ​សំលៀកបំពាក់​ដែល​សក្ដិសម​ទៅ​នឹង​ស្ថានភាព​បរិយាកាស​ខាងក្រៅ​ ក៏​ជា​រឿង​ដែល​មិន​ត្រូវ​មើល​រំលង​ដែរ។
​៣. ការ​អប់រំ
​នៅ​ក្នុង​សង្គម​យើង​ អាណាព្យាបាល​ច្រើន​មាន​ការ​យល់​ច្រឡំ​ថា ​មាន​លុយ​បញ្ជូន​កូន​ទៅ​សាលា​ល្អ​ ជា​​ការ​ស្រេច។ ​ប៉ុន្តែ​ពួកគាត់​ប្រហែល​ជា​មិន​បាន​ដឹង​ទេ​ថា ​អាណាព្យាបាល​មាន​តួនាទី​សំខាន់ ​ក្នុង​ការ​​តាមដាន​ការ​សិក្សា​របស់​កូនៗ​ជាមួយ​គ្រូ។ ​បន្ថែម​ពី​នេះ​ ឪពុកម្ដាយ​ត្រូវ​ចេះ​បែង​ចែក​ពេលវេលា​ឲ្យ​បាន​សមស្រប​សម្រាប់​កូន​ដូចជា ​ត្រូវ​ដឹង​ថា ពេល​ណា​ត្រូវ​ធ្វើ​កិច្ចការ​សាលា ​ពេល​ណា​​ត្រូវ​រំលឹក​មេរៀន ​និង​ពេល​ណា​ត្រូវ​​ឲ្យ​កូន​លេង​ហ្គេម​ ឬ​ស្ដាប់​តន្ត្រី​ជាដើម។ ​ទោះ​ជា​បែប​នេះ ​ឪពុកម្ដាយ​មិន​គួរ​​បង្ខំ​ឲ្យ​កូន​រៀន​ជ្រុល​ហួស ហេតុ​ពេក​ទេ ​ដែល​​អាច​ឲ្យ​ពួកគេ​បាត់បង់​ភាព​រីករាយ​ក្នុង​នាម​ជា​កុមារ​ម្នាក់​ឡើយ។
​៤. សីលធម៌ ​និង​​គុណតម្លៃ
​ក្រៅ​ចំណុច​សំខាន់​ធំៗ​ទាំង​បី​ខាង​លើ ​ឪពុកម្ដាយ​ត្រូវ​​ប្រាកដ​ថា ​កូនៗ​របស់​ពួកគេ​មាន​ សីលធម៌ និង​គុណ​តម្លៃ​ត្រឹមត្រូវ​ដូចជា ​ភាព​ស្មោះត្រង់ ​ការ​គោរព ​ទំនួលខុសត្រូវ ​មេត្តាធម៌ ​ភាព​អត់ធ្មត់ ​ការ​អត់អោន ​និង​ភាព​សប្បុរស។ ​ដើម្បី​ឲ្យ​កូនៗ​អាច​ធ្វើ​បាន​ ឪពុកម្ដាយ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​នាម​ជា ​ឧទាហរណ៍​ដើម្បី​បង្ហាញ​ដល់​កូនៗ​ធ្វើ​តាម។ ​ការ​ចូលរួម​សកម្មភាព​សង្គម​នានា​​អាច​ឲ្យ​កូនៗ​របស់​អ្នក​យល់ដឹង​ពី​ចំណុច​ ទាំង​នេះ។
​៥. ជួយ​ឲ្យ​កូន​មាន​​ការ​ជឿជាក់​លើ​ខ្លួន​ឯង
​កាតព្វកិច្ច​ចុងក្រោយ​ដែល​​ឪពុកម្ដាយ​​ត្រូវ​មាន​គឺ ​ការ​ជួយ​ដល់​កូន​ឲ្យ​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង។ ​​ដើម្បី​ជួយ​ដល់​កូន​ឲ្យ​សម្រេច​ផ្នែក​នេះ​ទី ១ ​ត្រូវ​​គោរព​ដល់​​​បុគ្គលភាព​ និង​ភាព​​ខុស​ប្លែក​របស់​កូន។ ​ទី ២ ​​ត្រូវ​ផ្ដល់​មធ្យោបាយ​ដល់​កូន​​​ចូលរួម​សកម្មភាព​នានា​ដែល​គេ​ស្រឡាញ់។
សង្ឃឹម​ថា ​ចំណុច​ទាំង​អស់​នឹង​ជួយ​ឲ្យ​អាណាព្យាបាល​គ្រប់​រូប​​យល់​ដឹង​កាន់​តែ​ច្រើន ​ពី​ទំនួលខុសត្រូវ​​ដែល​ខ្លួន​គួរ​ធ្វើ​កាន់តែ​ប្រសើរ​ជាង​មុន។

http://news.sabay.com.kh

No comments

Powered by Blogger.