Header Ads


 

ស្រី​ទេពអប្សរ ឬ​អប្សរា​


រូបភាព​អប្ស​រា, ស្លឹក​មាស អង្គរ​បុរី ( សារ​មន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក )
   ​សំណង់​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ​ខ្មែរ រមែងតែ​លំអ​ដោយ​ចម្លាក់​ស្រី​ទេព​អប្សរ ឬ​អប្សរា ដែល​ប្រកបដោយ​រូបរាងកាយ​ឆោម​ល្អឥតខ្ចោះ គួរ​ឲ្យ​គយគន់​ជា​ពន់ពេក ។ ជា​ការពិត​ណាស់ ចម្លាក់​ស្រី​ទេពអប្សរ​ទាំងនោះ គឺជា​និមិត្តរូប​ខាង​ជំនឿ​ខ្មែរ​ នា​សម័យ​បុរាណកាល ។ ម្យ៉ាងវិញទៀត យើង​ក៏​បាន​ឃើញច្បាស់​ថា ចម្លាក់​ស្រី​ទេព​អប្សរ ដែល​មាន​សម្ផស្ស ហើយ​មាន​ចំនួន​ច្រើនជាងគេ​បំផុត គឺ​ត្រូវបាន​ឆ្លាក់​តែ​នៅលើ​ប្រាសាទ​អង្គរវត្ត​ប៉ុណ្ណោះ ដែល​ជា​ស្នា​ព្រះ​ហ​ស្ថរបស់​ព្រះបាទ សុរិយា​វរ្ម័នទី​២ ។​
    ​បញ្ហា​ដែល​ចោទ​នៅទីនេះ​គឺថា តើ​ស្រី​ទេពអប្សរ​ ឬ​ទេពធីតា​ទាំងនោះ​កើត​មកពីណា ? ហើយ​មាន​សារសំខាន់​យ៉ាង​ដូចម្តេច​ដែរក្នុង​វប្បធម៌​ខ្មែរ ។​

​    ​តាម​ទេវ​កថា​វិទ្យា បែប​ព្រហ្មញ្ញសាសនា ដែល​ពាក់ព័ន្ធ​ទៅនឹង​ការ​កូរ​សមុទ្រ​ទឹក​ដោះ ដើម្បី​ស្វែងរក​ទឹកអម្រឹត ប្រយោជន៍​នឹង​ឈានទៅរក​ភាពអមតៈ​នៃ​ជីវិត អនុវត្ត​ឡើង​ដោយ​ការព្រមព្រៀង​រវាង​ពពួក​ទេវៈ និង​ អសុរៈ យើង​ដឹង​ថា មុន​នឹង​ព្រឹត្តិការណ៍​ដ៏​មហាអស្ចារ្យ​នេះឈានទៅរក​ទីបញ្ចប់ ស្រាប់តែ​មាន​ការលេចចេញ​មក​នូវ​សត្វលោក និង​អាទិទេព​រង​មួយចំនួន ដែល​ក្នុងនោះ​មាន​ព្រះ​នាងល​ក្ស្មី ឬ ស្រី ព្រមទាំង​ពួក​ទេព​អប្សរចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​អាកាស ។
ក្នុង​ទីនេះ យើង​សូម​លើកយក​ចម្លាក់​តំណាង​ឲ្យ​ស្រី​ទេព​អប្សរ​តែមួយ ក្នុងចំណោម​ចម្លាក់​បុរាណ​ជាច្រើន ដើម្បី​បង្ហាញ​នូវ​ប្រភព​បុរេ​អង្គរ នៃ​ស្រី​ទេពអប្សរ​ខ្មែរ ព្រោះ​យើង​យល់ថា ជា​ទិន្នន័យ​បុរាណវិទ្យា​ចាស់​ជាង​គេ​បំផុត ។​

ស្រី​ទេពអប្ស​រលើ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត ( ថត​ ២០០៥ )​
    ​ដូច​យើងបាន​សន្និដ្ឋាន ដោយ​មហិទ្ធិឫទ្ធិ​នៃ​ការកូ​រទឹកសមុទ្រ ជា​ពិសេស​បុណ្យ​បារមី​នៃ​ពពុះ​ទឹកសមុទ្រ ដែល​ជា​ការបង្កើត​លោក​ក្នុង​ទស្សនវិទ្យា​ឥណ្ឌា​-​ខ្មែរ​ ពពួក​ស្រី​ទេព​អប្សរ ត្រូវបាន​បង្កើតឡើង​យ៉ាង​ប្រាកដ ។ ​ម្យ៉ាងវិញទៀត ការលេចចេញ​នូវ​ស្រី​ទេពអប្សរ​ទាំងនោះ ធ្វើ​ឡើង​ក៏​ដើម្បី​អបអរសាទរ​នូវ​ជ័យជម្នះខាងលើ​នេះ​ដែរ ព្រមទាំង​ថ្វាយ​ពរ​ជ័យ ​សិរី​សួស្តី ចំពោះ​ព្រះអាទិទេព​ចម្បង​ធំៗ ​មានព្រះ​វិស្ណុ និង​ព្រះ​សិវៈ ដែល​ទ្រង់​បាន​ប្រទាន​ការ​ជ្រោមជ្រែង ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ៕

http://www.cen.com.kh

No comments

Powered by Blogger.