ប្រភពនៃការគ្រងស្បង់ចីពរព្រះពុទ្ធអង្គ និងព្រះភិក្ខុសង្ឃខ្មែរ
ត្រៃចីពរដែលព្រះពុទ្ធអង្គគ្រងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។ ប្រវត្តិនេះទាក់ទិនទៅនឹងរ៉ូម៉ាំង រូបនីយកម្ម នៃភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាបុរាណ ក្នុងអំឡុងសតវត្សរ៍ទី២ មុនគ្រឹស្តសករាជ ជាពិសេសតំបន់គន្ធារៈ ។
ក្នុងបរិបទនេះ ចម្លាក់តំណាងឲ្យព្រះពុទ្ធរូបដំបូងបង្អស់ក្នុងប្រទេសឥណ្ឌា ត្រូវបានសាងឡើងដោយយកគំរូជារូបមនុស្ស ដែលមានលក្ខណៈគ្រងស្បង់ចីពរតាមបែបក្រិចកូ-រ៉ូម៉ាំងពិតៗ ។

តាមប្រវត្តិសាស្ត្រ នៅពេលដែលភូមិភាគពាយ័ព្យ នៃប្រទេសឥណ្ឌាស្ថិតក្រោមការត្រួតត្រារបស់ពួកក្រិចកូ-រ៉ូម៉ាំង ជនជាតិឥណ្ឌា ដែលស្ថិតក្រោមឥទ្ធិពលវប្បធម៌ក្រិច បានយករូបព្រះអាទិទេពអាប៉ូឡូ ធ្វើជាគំរូ ដើម្បីតំណាងព្រះពុទ្ធអង្គបែបដំបូងគេបង្អស់ក្នុងលោកយើងនេះ ។
អ្វីដែលយើងទើបពោល គឺមិនគួរឲ្យជឿទាល់តែសោះ ក៏ប៉ុន្តែជា ’សច្ចភាព” ។ មានន័យថា ស្បង់ចីពររបស់ព្រះសង្ឃនាសម័យបច្ចុប្បន្ន ឬក៏ដូចជាស្បង់ចីពរនៃសម័យពុទ្ធកាល ដែលជាបទបញ្ញត្តិត្រូវបានកំណត់ដោយព្រះត្រៃបិតក គឺមានប្រភពចេញពីជនជាតិក្រិចកូ-រ៉ូម៉ាំង ។

តាមការស្រាវជ្រាវខាងលើ យើងសង្កេតឃើញថា ស្បង់ចីពរដែលជាគ្រឿងស្លៀកដណ្តប់របស់ព្រះសង្ឃនាគ្រាបឋម ឬដំបូង គឺបានមកពីបំណែកក្រណាត់រុំសពដែលគេយកមកដេរប៉ះភ្ជាប់តគ្នាជា សំពត់ ។ ទង្វើនេះបង្ហាញឲ្យឃើញកម្រិតសីលធម៌ ដែលមិនដាក់តម្លៃលើសម្ភារៈនិយម នៃលទ្ធិព្រះពុទ្ធសាសនា ។ បន្ទាប់មកទើបព្រះពុទ្ធអង្គ ទ្រង់បានព្រះអនុញ្ញាតឲ្យព្រះសង្ឃប្រើចីពរដែលជាតង្វាយដោយទឹកចិត្ត សទ្ធាជ្រះថ្លាពីសាសនិកជនទោះបីជាមានស្តុកស្តម្ភ ឬក្រីក្រយ៉ាងណាក៏ដោយ ។

ស្បង់ចីពររបស់ព្រះភិក្ខុសង្ឃមាន៣ផ្ទាំងគឺ :
១- ស្បង់អន្តរពាសកៈ គឺជាសំពត់សម្រាប់ស្លៀកនៅផ្នែកខាងក្រោមព័ន្ធត្រឹមចង្កេះ ទៅត្រឹមមកជើង ។ ជួនកាលមានវត្ថពន្ធ ឬខ្សែក្រវាត់ចងផងដែរ ។
២- ចីពរឧត្តរសង្ឃ គឺជាសំពត់សម្រាប់ស្លៀកគ្រងនៅផ្នែកខាងលើ ពាក់គ្របលើស្មាទាំងពីរ នៅពេលនិមន្តចេញក្រៅ ឬក៏ឃ្លុំឆៀង ឬក៏តាមរបៀបមួយណាក៏បានដែរ ។ ធម្មតាព្រះភិក្ខុសង្ឃទុកស្មាស្តាំឲ្យនៅទំនេរនៅពេលដែលគង់ក្នុង វត្ត ។
៣- សង្ឃាដី ឬសំពត់មួយផ្ទាំងដែលឃ្លុំបន្ថែមពីលើចីពរ ហើយអាចប្រើជាទ្រនាប់ខាងក្នុងបង្អស់ នៅពេលគ្រងជីពរ ។ រីឯព្រះភិក្ខុសង្ឃ ដែលមានវ័យចំណាស់បន្តិច នៅពេលគ្រងចីពរមានសិទ្ធិពាក់ក្រមាម្យ៉ាងហៅថា ស្បង់ចីពរលើស្មាធ្វេង ព្រះភិក្ខុសង្ឃ និងសាមណេរមានថង់ទីពីរដែលមានឈ្មោះថា ’ថង់យាម” ។
សរុបសេចក្តីមក ព្រះភិក្ខុសង្ឃខ្មែរយើងបានខ្ចីប្រពៃណីគ្រងចីពររបស់ពួកក្រិចកូ រ៉ូម៉ាំងតាមរយៈព្រះភិក្ខុសង្ឃឥណ្ឌា ដែលបាននិមន្តមកផ្សព្វផ្សាយព្រះធម៌ព្រះចាប់តាំងពីដើមស.វទី១ ៕
http://www.cen.com.kh
Post a Comment