ច្បាប់ធ្វើអាជីវកម្មទាំង ៩ របស់មហាសេដ្ឋី Mark Cuban
ច្បាប់ធ្វើអាជីវកម្មទាំង ៩ របស់មហាសេដ្ឋី Mark Cuban cnbc.com
នៅពេលដែលនិយាយពីឈ្មោះលោក Mark Cuban ប្រិយមិត្តទំនងជាមិនសូវស្គាល់ច្បាស់ប៉ុន្មាននោះឡើយ ហើយលោកហាក់មិនសូវជាលេចធ្លោនៅលើឆាកអន្តរជាតិខ្លាំងដូចមហាសេដ្ឋី Bill Gates មហាសេដ្ឋី Mark Zuckerberg ឬ មហាសេដ្ឋី Warren Buffett នោះទេ។ យ៉ាងណាមិញ បើនិយាយនៅបរិបទលើទឹកដីអាមេរិកវិញ មហាសេដ្ឋីវ័យ ៥៦ ឆ្នាំរូបនេះ គឺជាអ្នកជំនួញដ៏មានប្រជាប្រិយភាពមួយរូបសំបូរទៅដោយយុទ្ធសាស្ត្រមិនធម្មតាដែរ។
សម្រាប់ដំបូន្មានអាជីវកម្ម មហាសេដ្ឋីជំនួញខាងលើបានបង្ហាញផ្លូវពីគន្លឹះធ្វើអាជីវកម្មមួយចំនួនដែលជាច្បាប់របស់លោកក្នុងការបង្កើត ដឹកនាំ និង គ្រប់គ្រងអាជីវកម្មចំនួន ៩ ដូចខាងក្រោមនេះ៖
១) ចង់បង្កើតក្រុមហ៊ុនមួយលុះត្រាតែអ្នកមានក្តីស្រមៃ និង ស្រលាញ់លើមុខរបរអាជីវកម្មរបស់អ្នក។ បើគ្មានក្តីស្រមៃ និង ក្តីស្រលាញ់ដាក់ចិត្តទៅលើមុខរបរអាជីវកម្មរបស់អ្នកទេនោះ សូមកុំបង្កើតវាឡើង។
២) បើអ្នកមានយុទ្ធសាស្ត្រធ្វើអាជីវកម្ម នោះមិនមែនជាក្តីស្រមៃរបស់អ្នកនោះទេ។
៣) ជួលបុគ្គលិកដែលអ្នកគិតថា ស្រលាញ់ និង ពេញចិត្តការងាររបស់អ្នកដូចអ្នកដែរ។
៤) ការលក់ អាចធានាបានអ្វីៗទាំងអស់នៅក្នុងក្រុមហ៊ុនរបស់អ្នក។ អ្នកត្រូវដឹងពីរបៀបរកលុយឲ្យក្រុមហ៊ុនរបស់អ្នក ហើយនោះគឺការធ្វើឲ្យការលក់របស់អ្នកមានប្រសិទ្ធភាព និង កើនឡើងជាបន្តបន្ទាប់។
៥) អ្នកត្រូវដឹងពីសមត្ថភាពស្នូល ឬ លក្ខណៈពិសេសនៅក្នុងក្រុមហ៊ុនរបស់អ្នក និង ត្រូវផ្ដោតទៅលើវាជាអាទិភាពជានិច្ច។ បន្ទាប់មកជួលមនុស្សឲ្យធ្វើការសម្រួចសមត្ថភាពស្នូលនោះឲ្យកាន់តែមុតស្រួចឡើង។
៦) ជួលបុគ្គលិកដែលធ្វើឲ្យក្រុមហ៊ុនរបស់អ្នកមានថាមពលជានិច្ច។ កុំជួលបុគ្គលិកដែលចង់តែត្រួតត្រាគេ កុំជួលបុគ្គលិកដែលចង់តែបានតំណែងខ្ពស់ កុំជួលបុគ្គលិកដែលចង់តែកសាងអាណាចក្រតែម្នាក់ឯងនៅក្នុងក្រុមហ៊ុនរបស់អ្នក។ មនុស្សប្រភេទនេះ អ្នកមិនគូរអនុញ្ញាតឲ្យមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់អ្នកនោះឡើយ។
៧) ផ្តល់លទ្ធភាពឲ្យបុគ្គលិកគ្រប់រូបនៅក្នុងក្រុមហ៊ុនរបស់អ្នកចេះប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីៗដោយចំហ។ កុំបិទសិទ្ធិពួកគេឲ្យសោះ បច្ចេកវិទ្យាគឺជាអ្វីដែលធ្វើឲ្យបុគ្គលិកក្រុមហ៊ុនរបស់អ្នកកាន់តែទាន់សម័យ ហើយពួកគេអាចជួយស្វែងរកគន្លឹះពង្រីកអាជីវកម្មរបស់អ្នកដើរទន្ទឹមនឹងជាមួយប្រព័ន្ធបច្ចេកវិទ្យាទៀតផង។
៨) កុំជួលសេវាកម្មទំនាក់ទំនងសាធារណៈ (PR) ពីក្រុមហ៊ុនផ្សេងមកធ្វើការឲ្យអ្នក។ អ្នកត្រូវជួលមនុស្សដែលមានសមត្ថភាពខាងទំនាក់ទំនងសាធារណៈឲ្យអ្នកវិញ ដើម្បីធ្វើការប្រចាំការឲ្យអ្នក ព្រោះថាពួកគេនឹងអាចសហការជាមួយអ្នកគ្រប់ពេល។
៩) អ្នកត្រូវធ្វើឲ្យបរិស្ថាននៅកន្លែងការងាររបស់អ្នកផ្តល់ភាពរីករាយដល់បុគ្គលិកគ្រប់រូបជានិច្ច។ នៅពេលដែលបុគ្គលិកមានភាពរីករាយ ពួកគេធ្វើការដោយមានកម្លាំងចិត្ត មានថាមពល និង អាចជួយឲ្យសមិទ្ធផលការងាររបស់អ្នកដើររលូនទៅមុខទៀតផង៕
http://www.thebnews.com/news/855.html
Post a Comment