Header Ads


 

ជំនាញ​​​​អាជីវកម្ម​​សំខាន់ៗ​ទាំង​៧ ដែល​​សហគ្រិន​គួរ​រៀន​ពី​មេធាវី

phxpersonalinjurylawyerប្រភព៖​ ជំនាញ​​​​អាជីវកម្ម​​សំខាន់ៗ​ទាំង​៧ ដែល​​សហគ្រិន​គួរ​រៀន​ពី​មេធាវី
សម្រាប់​លោក​អ្នក​ដែល​ចង់​បើក​អាជីវកម្ម​​ភាគច្រើន​តែង​សម្លឹង​មើល​មហាសេដ្ឋី​ អ្នក​ជំនួញ​​ ឬ បុគ្គល​ជោគជ័យ​នានា​នៅ​ជុំវិញ​ពិភពលោក​មក​​​ធ្វើ​គំរូ​សម្រាប់​​កិច្ចការ​អាជីវកម្ម​របស់​ខ្លួន។ នេះ​ជា​​​រឿង​ដ៏​ល្អ​​​ ​ដើម្បី​សិក្សា​​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ ឬ បទពិសោធន៍​ធ្វើ​អាជីវកម្ម​​របស់​បុគ្គល​ទាំង​នេះ ។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​អ្នក​​​ជា​ទូទៅ​ប្រហែល​មើល​រំលង​គុណសម្បត្តិ​របស់​មេធាវី ត្បិតអី​បុគ្គល​ប្រភេទ​នេះ មាន​សមត្ថភាព​ច្រើន​យ៉ាង​​សម្រាប់​ជួយ​លោក​អ្នក​បាន​​​យក​ធ្វើ​ជា​គំរូ​ក្នុង​កិច្ចការ​អាជីវកម្ម។ សមត្ថភាព​នេះ​អាច​និយាយ​បាន​ថា​ សហគ្រិន​មួយ​ចំនួន​មាន​សមត្ថភាព​មិន​ដល់​មេធាវី​ក៏​មិន​ដឹង? ​ TheBNEWS សូម​លើក​យក​​ចំណុច​សំខាន់ៗ​ទាំង​៧ ​នៅ​ខាងក្រោម​​សម្រាប់​ចែក​រំលែក​​ដល់​​សហគ្រិន​​ទូទៅ​ស្វែង​យល់​នៅ​ពេល​នេះ។​​​​​


១) របៀប​គ្រប់គ្រង​អតិថិជន 

នៅ​ក្នុង​អាជីវកម្ម មិន​ថា​​ក្រុមហ៊ុន​របស់​អ្នក​លក់​ផលិតផល ឬ ផ្តល់​សេវាកម្ម​​អ្វី​នោះ​ទេ ត្រូវ​តែ​មាន​អ្នក​លក់​ឬ ​ផ្តល់​សេវាកម្ម​ ​ដែល​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​អតិថិជន​គ្រប់ទិសទី​។ ​សម្រាប់​មេធាវី គឺ​ជា​បុគ្គល​ម្នាក់​​ដែល​​​អាច​យល់​បាន​​យ៉ាង​ជ្រៅជ្រះ​ពី​អ្វី​ដែល​​តម្រូវ​ការ​ និង ស្ថានភាព​នានា​របស់​អតិថិជន​ ​ទន្ទឹម​នឹង​​​ផ្តល់​សេវាកម្ម​ ឬ ​យុទ្ធសាស្ត្រ​​ប្រឹក្សា​យោបល់​យ៉ាង​ជឿជាក់​ទៅ​កាន់​​អតិថិជន​ទាំង​នោះ នៅ​ក្នុង​ជម្លោះ​ប្តឹង​ឡើង​តុលាការ​ ការ​បង្កើត​ក្រុមហ៊ុន ឬ សេវាកម្ម​ផ្សេងៗ ជា​ច្រើន​ទៀត។ មនុស្ស​គ្រប់គ្នា​មិន​មាន​ជំនាញ​នេះ​នោះ​ឡើយ ប៉ុន្តែ​មេធាវី​មាន​ដែល​ជា​គំរូ​ដល់​​សហគ្រិន​សម្រាប់​ស្វែង​យល់​ពី​​របៀប​កសាង​ទំនាក់ទំនង​​ រក្សាទុក និង ការ​គាំទ្រ​ទៅ​កាន់​អតិថិជន។



…ក្រសួង​ពាណិជ្ជកម្ម​៖ ច្បាប់​ ៤​ ដែល​ម្ចាស់​អាជីវកម្ម​គួរ​ស្វែង​យល់​​ ត្រៀម​​ខ្លួន​ចូល​ទីផ្សារ​អាស៊ាន ​…

​២ បច្ចេកទេស​លក់

ប្រសិនបើ​​​ក្រុមហ៊ុន​មួយ​បាន​ផ្តល់​ផលិតផល ឬ​សេវាកម្ម​​​មាន​គុណភាព​ទៅ​កាន់​អតិថិជន ពួកគេ​នឹង​​គាំទ្រ​ក្រុមហ៊ុន​នោះ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នាំ​ប្រាក់​ចំណូល​​មកវិញ​។ ប៉ុន្តែ​ ធ្វើ​យ៉ាងម៉េច​ទើប​ធ្វើ​ឲ្យ​ផលិតផល ឬ សេវាកម្ម​នោះ​ទទួល​បាន​ការ​គាំទ្រ? មេធាវី​អាច​ធ្វើ​គំរូ​បាន​សម្រាប់​សហគ្រិន​នៅ​ពេល​នេះ ពីព្រោះ​ថា​បុគ្គល​​នេះ​​បាន​បញ្ចេញ​សកម្មភាព​​ដោយ​ការ​ប្រឹក្សា​​​យោបល់​បំផុស​ឲ្យ​មាន​គោលការណ៍​ការពារ​ខ្លួន ស្រាវជ្រាវ វិភាគ គំនិត​ល្អៗ និង​ បង្កើត​កិច្ចព្រមព្រៀង​មួយ​យ៉ាង​ជាក់លាក់​ជា​មួយ​អតិថិជន​ដែល​ជា​​គុណ​តម្លៃ​ក្នុង​ដំណោះស្រាយ​ផ្លូវ​ច្បាប់។ ក្នុង​អាជីវកម្ម​ក៏​ដូចគ្នា​ដែរ ​ជោគវាសនា​ផលិតផល ឬ សេវាកម្ម​របស់​​ក្រុមហ៊ុន​មួយ​ គឺ​​ស្ថិត​នៅ​លើ​យុទ្ធសាស្ត្រ​ស្រាវជ្រាវ​ទីផ្សារ ​​ការ​កំណត់​តម្លៃ គុណភាព និង ស្ថានភាព​ប្រកួតប្រជែង​​នានា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។​​​​​

៣) កំណត់ និង ដោះស្រាយ​​បញ្ហា​​អាជីវកម្ម

​ជា​ការ​ពិត​មេធាវី គឺ​ជា​បុគ្គល​មាន​សមត្ថភាព​គ្រប់គ្រាន់​​រាប់​ចាប់​តាំង​ពី​​​ការ​​លើកឡើង​ពី​​បញ្ហា​របស់​អតិថិជន ​ប្រមូល​ភស្តុតាង វិភាគ​ និង ស្វែង​រក​យុទ្ធសាស្ត្រ​ជា​ដំណោះស្រាយ​ការពារ​ក្តី​ឲ្យ​អតិថិជន​នោះ​​នៅ​ខាង​មុខ​ចៅក្រម។ មេធាវី​មិន​មែន​ជា​អ្នក​​​សម្រេច​ជោគ​វាសនា​របស់​​​កូន​ក្តី​នោះ​ទេ តែ​​មាន​​ភារកិច្ច​​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ចៅក្រម​គាំទ្រ​អំណះអំណាង​របស់​ខ្លួន។ ​សម្រាប់​​ក្រុមហ៊ុន​វិញ​បញ្ហា​​ពិត​​ជៀស​មិន​ផុត​ឡើយ ហើយ​​ចាំបាច់​​ស្វែងរក​ដំណោះស្រាយ និង ការ​សម្រេចចិត្ត​​ដ៏​ឈ្លាសវៃ​មួយ​​ទើប​លទ្ធផល​​​​​អាច​​លេចចេញ​ជា​រូបរាង​បាន។

ដូច្នេះ​ក្នុង​នាម​​អ្នក​ជា​សហគ្រិន​ ទំនាក់ទំនង​​ត្រូវ​តែ​មាន​រវាង​​សមាជិក​ម្នាក់​ទៅ​សមាជិក​ម្នាក់​ទៀត ការ​កំណត់​បញ្ហា និង យុទ្ធសាស្ត្រ​ត្រូវ​តែ​បង្កើត​ឡើង ហើយ​ចំណុច​ចុងក្រោយ​គឺ​​ជា​ដំណោះស្រាយ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​​ដើម្បី​សម្រេច​ចិត្ត​បញ្ចប់​បញ្ហា​នោះ។​

…គន្លឹះទាំង ៥​មាន​ប្រសិទ្ធភាព​ជួយបំបាត់​​ស្ត្រេស​​នៅ​កន្លែងធ្វើការ…

​​​​​​​​

៤) ​ការ​រៀបចំ​របាយការណ៍​​ក្នុង​អាជីវកម្ម​

របាយការណ៍​​របស់​មេធាវី​មាន​ដូច​​​ពាក្យ​បណ្តឹង សំណើ ឬ ​លិខិត​គតិយុត្តិ (ផ្នែក​ច្បាប់) ត្រូវ​បាន​រៀបចំ​សរសេរ​ឡើង​យ៉ាង​ត្រឹមត្រូវ និង ប្រុងប្រយ័ត្ន​​ជា​ទី​បំផុត​ស្រប​តាម​​ក្បួនច្បាប់​ និង នីតិវិធី​ធ្វើ​យ៉ាងណា​​ឲ្យ​ភាគី ឬ អតិថិជន​​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​​សំណុំរឿង ឬ កិច្ចការ​ផ្នែក​ច្បាប់​​អាច​ស្វែង​យល់​ពី​ខ្លឹមសារ​នៃ​លិខិត​ទាំង​នោះ​បាន​ដោយ​ងាយស្រួល​ ។ ចុះ​ចំណែក​​របាយការណ៍​អាជីវកម្ម​របស់​លោក​អ្នក​វិញ​​ធ្វើ​ឡើង​បាន​ល្អ​ក្នុង​កម្រិត​ណា?

​លិខិត សំណើ របាយការណ៍​ ការ​ធ្វើ​បទ​បង្ហាញ​ កំណត់ត្រា​តាម​កម្មវិធី​កុំព្យូទ័រ​​ក្តី ឬ អ៊ីមែល​ក្តី សុទ្ធតែ​​ជៀស​មិន​ផុត​ ដើម្បី​​ផ្តល់​ព័ត៌មាន ឬ ទំនាក់ទំនង រវាង​​​បុគ្គល​គ្រប់រូប​ទាំង​នៅ​ក្នុង ឬ ក្រៅ​ក្រុមហ៊ុន។ ប៉ុន្តែ​បញ្ហា​ដែល​គេ​មើល​​ឃើញ​​ជា​ទូទៅ​នោះ​គឺ​ថា ឯកសារ​​​ទាំង​នេះ​​រៀបចំ​សរសេរ​មិន​​បាន​ល្អ​ ឬ យល់​មិន​ច្បាស់​​ធ្វើ​ឲ្យ​ចំណាយ​ពេល​វេលា​ឥតប្រយោជន៍ និង ខាត​បង់​ថវិកា​ទៀត​ផង។ នៅ​យុគ​សម័យ​នេះ ជៀស​មិន​ផុត​ឡើយ​នូវ​​ការ​សរសេរ​សំណៅ​ឯកសារ​ផ្លូវការ​សំខាន់ៗ ​ហេតុដូច្នេះ សហគ្រិន​គួរតែ​មាន​ជំនាញ​សរសេរ​នេះ​ឲ្យ​បាន​ល្អ​បន្តិច​ជា​ពិសេស​របៀប​បញ្ចុះបញ្ចូល​​នៅ​ក្នុង​លិខិត​ ឬ សារ​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន​ និង ដៃគូ​ឲ្យ​​ចាប់​អារម្មណ៍​លើ​សេវាកម្ម ឬ ផលិត​ផល​របស់​ខ្លួន​ឲ្យ​មាន​លំដាប់​លំដោយ​តាម​ក្បួន​ខ្នាត​។

​​​​

​៥) ជំនាញ​ផ្ទាល់​ខ្លួន​

ទោះបី​ជា​សតវត្ស​ទី​២១​នេះ ពិភពលោក​កំពុង​ខិត​ជិត​ចូល​គ្នា​បន្តិច​ម្តងៗ​​ធ្វើ​ឲ្យ​មនុស្ស​មាន​ទំនាក់ទំនង​កាន់តែ​ងាយស្រួល​ឡើង​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​អាជីវកម្ម​ត្រូវ​កសាង​ឡើង​ជា​មួយ​ក្រុម​មនុស្ស​ដែល​​គួរឲ្យ​ទុកចិត្ត និង មាន​ចំណុច​រួម​ដូចគ្នា។ នេះ​ទាមទារ​ឲ្យ​​មាន​ការ​ទំនាក់ទំនង​ និង ​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញ​ទៅ​មក​​ដើម្បី​ស្គាល់​គ្នា​ឲ្យ​កាន់តែ​ច្បាស់​ ហើយ​ជំនាញ​អភិវឌ្ឍ​ខ្លួនឯង​ក៏​ត្រូវ​ពង្រឹង និង ពង្រីក​​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដែរ។


ចំពោះ​មេធាវី ការ​ប្រស្រ័យ​ទំនាក់ទំនង​​​យ៉ាង​ជិតដិត​ទៅ​កាន់​​មជ្ឈដ្ឋាន​ទូទៅ​ជា​ពិសេស​អតិថិជន ឬ កូនក្ដី​ ​គូបដិបក្ខ តុលាការ ចៅក្រម ព្រះរាជអាជ្ញា​នៅ​ក្នុង​រឿង​ក្តី ​សុទ្ធ​តែ​​ជា​គំរូ​ដល់​សហគ្រិន​ត្រូវ​រៀនសូត្រ​តាម​។ ជំនាញ​ទំនាក់ទំនង​នេះ​​ គឺ​ជា​គុណសម្បត្តិ​ពិសេស​ក្នុង​អាជីវកម្ម ដែល​ដាច់ខាត​ត្រូវ​​តែ​កសាង​ឲ្យ​​​​រឹងមាំ​​ ព្រោះ​ថា​វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ផ្ដួចផ្ដើម​សំខាន់ៗ​​​សម្រាប់​​ក្រុមហ៊ុន​។

៦) ការ​ផ្តល់​ទំនុក​ចិត្ត​ គោរព​វិន័យ និង ភាព​ស្មោះត្រង់​

ដើម្បី​ទទួល​បាន​ទំនុកចិត្ត និង ចូលចិត្ត​ពី​សំណាក់​អតិថិជន សហគ្រិន​ត្រូវ​ប្រាកដ​ថា សេវាកម្ម ឬ អាជីវកម្ម​របស់​ខ្លួន​ត្រូវ​តែ​​មាន​គុណភាព។ នេះ​មាន​ន័យ​ថា សហគ្រិន​ត្រូវ​តែ​​បង្កើត​សេវាកម្ម ឬ ផលិតផល​ មួយ​​ឡើង​សម្រាប់​​ផ្តល់​ឲ្យ​អតិថិជន​ឲ្យ​បាន​ទាន់ពេល​វេលា និង ស្រប​តាម​តម្រូវ​ការ​​ជាក់ស្តែង​​ប្រកប​ដោយ​គុណភាព​ខ្ពស់។ នេះ​​ជា​គុណ​តម្លៃ​ដ៏​វិសេសវិសាល​ក្នុង​អាជីវកម្ម។

ភាព​ទុកចិត្ត​បាន គោរព​វិន័យ និង ភាព​ស្មោះត្រង់ គឺ​ជា​អ្វី​ដែល​ឃើញ​មាន​ជា​ទូទៅ​​នៅ​ក្នុង​ក្រអៅ​បេះដូង​មេធាវី​ ត្បិតអី​​បុគ្គល​ប្រភេទ​នេះ​​តែង​​មាន​ទំនុកចិត្ត​ខ្ពស់ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ គោរព​វិន័យ និង បំពេញ​ភារកិច្ច​​ស្រប​តាម​​ពេល​កំណត់។ ចំណុច​ពិសេសៗ​ទាំង​នេះ​​ ​ហើយ​ដែល​សហគ្រិន​​ត្រូវ​សិក្សា​យក​ជា​បទពិសោធន៍​ធ្វើ​អាវក្រោះ​ការពារ​ខ្លួន​ក្នុង​អាជីវកម្ម​​ប្រកប​ដោយ​ទំនួលខុសត្រូវ។​

៧) ធ្វើ​ការ​ច្រើន​ម៉ោង

បើ​ដាក់​ចិត្ត​ក្នុង​អាជីវកម្ម លោកអ្នក​ត្រូវ​ឈរ​នៅ​ជ្រុង​ម្ខាង​ពី​មនុស្ស​ទូទៅ។ រូបមន្ត​ធ្វើ​ការងារ ៧/២៤ ម៉ោង​គឺ​វា​ពិត​ជា​ស្តួចស្តើង​ណាស់​សម្រាប់​សហគ្រិន​​​នៅ​ក្នុង​កិច្ចការ​អាជីវកម្ម ព្រោះ​ថា​វា​ជា​រយៈ​ពេល​​មួយ​ដែល​មនុស្ស​​ទូទៅ​កំពុង​តែ​ធ្វើ​ដែរ។ សម្រាប់​មេធាវី ​មាន​ភារកិច្ច​ច្រើន​ណាស់​ត្រូវ​ធ្វើ​រាប់​ចាប់​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​យប់​ជ្រៅ​ ពី​មួយ​សបា្តហ៍​ទៅ​មួយ​សបា្តហ៍​​​​​​ទាំង​ការងារ​នៅ​ការិយាល័យ តុលាការ​ ឬ ធ្វើ​ដំណើរ​ច្រើន​កន្លែង​ទៅ​កាន់​​ទីតាំង​ផ្សេងៗ​គ្នា​។

នេះ​ជា​កិច្ចការ​ដ៏​លំបាក តែ​ជា​រឿង​មួយ​​ដែល​សហគ្រិន​គួរ​រៀនសូត្រ​តាម​ដែរ​​ ​ដើម្បី​លះបង់​​ពេលវេលា​មួយ​ចំនួន​ដែល​ឥតប្រយោជន៍​មក​​យកចិត្ត​ទុកដាក់​​​ក្នុង​រឿង​អាជីវកម្ម​ឲ្យ​បាន​កាន់តែ​​ច្រើន​។ បើ​លោក​អ្នក​ដាក់ចិត្ត​ដាក់​កាយ​ចូល​ប្រឡូក​ក្នុង​អាជីវកម្ម ចូរ​កុំ​គិត​​ថា នៅ​លើ​ពិភពលោក​នេះ​មានតែ​អ្នក​​ឲ្យសោះ​ដែល​រវល់​​បំផុត ​ព្រោះថា​​​​​មហាសេដ្ឋី ឬ អ្នក​ជំនួញ​ល្បីៗ​ជា​ច្រើន​ក៏​សុទ្ធតែ​​ពុំ​សូវ​មាន​ពេល​សម្រាក​​​នោះ​​ដែរ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ៕​​​​​​​​​

http://www.thebnews.com/news/3152/

No comments

Powered by Blogger.