សម្រង់សម្ដីដ៏មានអត្ថន័យទាំង ៥ ចំណុចពី Bill Gates
William Henry “Bill” Gates III ឬ Bill Gates គឺជាមហាសេដ្ឋីបច្ចេកវិទ្យាលំដាប់ទី១របស់ពិភពលោកនៅពេលបច្ចុប្បន្ន (នេះបើតាមការបញ្ជាក់ពីWikipedia)។ សព្វថ្ងៃបុរសវ័យ៥៨ឆ្នាំរូបនេះមានទ្រព្យសម្បត្តិចំនួន ៨១,៣ពាន់លានដុល្លារហើយក៏ជាបុគ្គលមួយរូបដែលបានបំផុសទឹកចិត្តមនុស្សជាច្រើននៅទូទាំងពិភពលោកឲ្យទទួលបានជោគជ័យផងដែរ។ Bill Gatesបានបរិច្ចាគថវិកាយ៉ាងច្រើន (សរុប២៨ពាន់លានដុល្លារ) ទៅដល់មូលនិធិផ្សេងៗដើម្បីជួយទៅដល់ជនរងគ្រោះនៅជុំវិញពិភពលោក។ ថ្ងៃនេះយើងងាកមកអានសម្រង់សម្ដីទាំង៥ឃ្លាសំខាន់ៗរបស់ Bill Gates ក្នុងគោលបំណងលើកទឹកចិត្តដល់មនុស្សនៅទូទាំងពិភពលោកដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យ (សម្រង់សម្ដីដោយសារព័ត៌មាន ELITE DAILY, The Voice of Generation)៖
១. “ជោគជ័យគឺជាគ្រូដ៏គម្រក់មួយ”។ វាបានធ្វើឲ្យមនុស្សពូកែៗជាច្រើនឈ្លក់វង្វេងនឹងជោគជ័យនោះហើយគិតថាពួកគេគ្មានថ្ងៃបរាជ័យនោះទេ”។
មិនថាអ្នកទទួលជោគជ័យប៉ុណ្ណានោះទេ អ្នកគួរតែចេះបន្ទាបខ្លួន។ មួយវិញទៀតចូរកុំត្រេកត្រអាលនឹងជោគជ័យរហូតដល់ភ្លេចខ្លួនឲ្យសោះព្រោះគ្មានអ្វីមួយនៅស្ថិតស្ថេរជានិរន្តនោះទេ។ អ្នកគួរតែរៀនពីបរាជ័យជាជាងជ័យជម្នះ។ ដូច្នេះកុំឲ្យជ័យជម្នះបាំងមុខអ្នកដាច់ខាតហើយត្រូវចាំថាបរាជ័យគឺជាគ្រូដ៏អស្ចារ្យដែលនាំឲ្យអ្នកទទួលបានជ័យជម្នះដែលមនុស្សផ្សេងទៀតមិនអាចធ្វើបាន។
២. “នៅលើលោកនេះកុំប្រៀបធៀបរូបអ្នកជាមួយនឹងនរណាម្នាក់ឲ្យសោះ។ ធ្វើដូចនេះហាក់បីដូចជាអ្នកកំពុងតែមើលងាយខ្លួនឯងអញ្ចឹង” ។
ឲ្យតម្លៃជោគជ័យរបស់អ្នកតាមរយៈលទ្ធភាពដែលអ្នកបានខំប្រឹង តែមិនមែនតាមការប្រៀបធៀបរូបអ្នកទៅនឹងអ្នកដទៃនោះទេ។ មនុស្សរាល់គ្នាតែងតែមានជំហានខុសៗគ្នា ហើយក៏មានផ្លូវដើរផ្សេងៗពីគ្នាដែរ។ ជួនកាលអ្នកចាំបាច់ត្រូវដើរលើផ្លូវខុសពីរទៅបីដងមុនពេលអាចរកផ្លូវមួយដែលល្អបំផុតសម្រាប់ខ្លួនអ្នក។
៣. “អតិថិជនដែលមិនចេះពេញចិត្តនឹងផលិតផលអ្នកគឺជាប្រភពដ៏ល្អបំផុតសម្រាប់រៀនសូត្រកែលម្អ”
អ្នកជំនួញត្រូវរៀនសូត្រពីអតិថិជនដែលតែងតែមិនរីករាយនឹងពួកគេ(អ្នកជំនួញ)ដោយបញ្ហាណាមួយ។ ប្រសិនបើមានអតិថិជនច្រើន មិនពេញចិត្តនឹងរឿងអ្វីមួយដូចៗគ្នា នោះជាសញ្ញាមួយដែលបង្ហាញថាអ្នកត្រូវធ្វើការផ្លាស់ប្ដូរដោយខានមិនបាន។ មានមនុស្សមួយចំនួននិយាយថាអ្នកមិនចាំបាច់ខ្វល់ថានរណានិយាយអីពីអ្នកនោះទេ។ ដំបូន្មានបែបនេះអាចថាល្អពេលដែលអ្នកលឺការរិះគន់ពីមនុស្សចម្លែកៗដែលអ្នកមិនធ្លាប់ស្គាល់ទាល់តែសោះ។ ប៉ុន្តែប្រសិនបើអ្នកស្ដាប់លឺមនុស្សជាទីស្រឡាញ់ត្អូញត្អែរដោយមិនពេញចិត្តនឹងអ្នកប្រការណាមួយវិញ បានន័យថាអ្នកបានធ្វើអ្វីមួយដែលធ្វើឲ្យពួកគេមិនពេញចិត្តមិនខាន។ ការរស់នៅត្រូវតែមានទំនាក់ទំនងល្អ ដូច្នេះប្រសិនបើនរណាម្នាក់មិនពេញចិត្តនឹងអ្នក អ្នកគួរតែពិនិត្យមើលខ្លួនឯងហើយកែលំអវាឲ្យប្រសើរជាងមុន។
៤. “កុំមើលងាយមនុស្សឆោតល្ងង់។ ថ្ងៃណាមួយ អ្នកអាចធ្វើការឲ្យពួកគេក៏មិនដឹង”។
ជួនកាលមនុស្សដ៏ឆោតម្នាក់ដែលធ្លាប់តែត្រូវបានគេមើលងាយមើលថោក អាចក្លាយទៅជាមនុស្សម្នាក់ដែលល្បីល្បាញ គួរឲ្យស្ញប់ស្ញែង និងមានប្រាក់ចាយមិនអស់ឬជួនកាលក្លាយជាចៅហ្វាយរបស់អ្នកក៏ថាបាន។ ដូច្នេះមនុស្សគួរតែគោរពគ្នាទៅវិញទៅមក មិនថាអ្នកណាមានឋានៈ ឬស្ថានការណ៍យ៉ាងណាក្ដី។ ចូរព្យាយាមកសាងទំនាក់ល្អតាមតែអ្នកអាចធ្វើបាន នោះអ្នកមិនត្រឹមតែមិននៅឯកោ តែថែមទាំងមានអ្នកតាមជួយគ្រប់ពេលមានអាសន្នទៀត។
៥. “ជីវិតគឺមិនមានយុត្តិធម៌រហូតនោះទេ។ ដូច្នេះ ត្រូវរៀនបន្សាំខ្លួន”។
ជីវិតរបស់មនុស្សរាល់គ្នារមែងជួបព្យុះភ្លៀងដែលចៀសមិនផុត គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ជីវិតអ្នកមិនមែននៅចិញ្ចែងចិញ្ចាចតែរហូតនោះទេ។ ពេលខ្លះអ្នកក៏ត្រូវដួលដែលមិនងាយនឹងងើបរួចក៏ថាបាន តែគ្រាន់តែថាតើអ្នកមានការតស៊ូខ្លាំងប៉ុណ្ណាដើម្បីងើបឈរឡើងវិញ។ បើសិនអ្នកបរាជ័យគួរតែព្យាយាមទទួលយកវាហើយរៀនពីវាទើបជាការល្អ៕
http://news.sabay.com.kh/article/55731
Post a Comment