Header Ads


 

នាំគ្នាស្មានខុស



      "ជំរាបសួរបាទ! លោកស្រី ចឹង"
      "ជំរាបសួរបាទ! លោកស្រី ចឹង"
      "លោកស្រីសុខសប្បាយជាទេ?"
គ្រាន់តែលោកស្រី ចឹង  ឈានជើងចូលដល់ផ្សារទំនើបភ្លាម គ្រប់គ្នាក៏នាំគ្នារាក់ទាក់ លោកស្រី ចឹង  ព្រោះគាត់
ជាម៉ូយប្រចាំ។ បើទោះ​ជាគាត់ជាអតិថិជនថ្មីក៏ដោយ...
 "មិនបាច់អាប់ទេ! មិនបាច់អាប់ទេ! មើលចុះ! ទិញអស់80$ ហុចក្រដាស100$ ឲ្យហើយប្រាប់ថាមិនឲ្យអាប់ទៀត?
"លោកស្រី ចឹង ភ្លេចយកកាបូបលុយមកទេដឹង? ខ្ញុំមានឲ្យខ្ចីណ៎ា"  អ៊ំស្រី លី ដែលនៅជិតនោះ និយាយលេង
ជាមួយលោកស្រី ចឹង ព្រោះម្នាក់ៗដឹងច្បាស់ថា លើកមុនលោកស្រី ចឹង ភ្លេចយកកាបូបលុយ មកទើបគាត់ខ្ចីអ៊ំ
លី  1000$  លុះស្អែកឡើង លោកស្រី ចឹង ក៏ចូលមកក្នុងហាង សងប្រាក់ទៅអ៊ំ លី ដល់ទៅ 1500$   រួចក៏ដើរ
ចេញទៅ ព្រមទាំងងាកមកនិយាយថា " 500$ ទៀតជាថ្លៃការប្រាក់ "  លុយ​1000$ ត្រឹមតែមួយយប់សោះក៏កើនបាន
1500$...  អញ្ចឹងទេតើ បានជាអ៊ំស្រី លី ចង់ឲ្យលោកស្រី ចឹង ខ្ចីលុយដល់ ថ្នាក់នេះ។
ពេលមុននេះ លោកស្រី ចឹង បើកហាងលក់ថ្នាំលាប នៅឯតុងឈី ធ្លាប់បង្វិលលុយមិនទាន់ ហើយក៏មកសុំខ្ចី
លុយអ៊ំស្រី លី និងថៅកែ ហួង ចំនួនជាងមួយសែនដុល្លារ តែខ្ចីទៅមិនទាន់ បានប៉ុន្មានផង គាត់ក៏សងវិញព្រម
ទាំងការប្រាក់ដ៏ខ្ព​ស់គួរឲ្យភ្ញាក់ផ្អើល។
"លោកស្រី ចឹង បើកហាងលក់ថ្នាំលាបបែបនេះដូចជាមិនគួឲ្យចាប់អារម្មណ៍ប៉ុន្មានទេ តើពេលណា ទើបលោក
ស្រី បើកធនាគារទៅ?" ថោកែ ហួង អើតចេញមកនិយាយលេងពីខាងក្នុង។
"លោកសួរបានល្អណាស់ ខ្ញុំកំពុងតែចង់បើកភោជនីយដ្ឋាន តើលោកចង់ចូលហ៊ុនជាមួយខ្ញុំទេ?" លោកស្រី ចឹង
សួរមែនបន្លំលេង។
"ចូល! ចូល! រឿងអីថាមិនចូល?" ថៅកែ ហួងដើរចេញមកធ្វើជាលូកហោប៉ៅរួចនិយាយ"  ខ្ញុំស៊ីញ៉េសែកឲ្យភ្លាម!
ល្អទេ?"
"ខ្ញុំក៏ចូលជាមួយដែរ!"
"ខ្ញុំក៏ហ៊ុនដែរ!" អ៊ំលី និងលោកស៊ិន នាំគ្នាស្រែកពីកន្លែងគិតលុយ។ សូម្បីតែម៉ូយទិញឥវ៉ាន់ជាច្រើន ក៏នាំគ្នាចូល
មកស្តាប់ ហើយសុំចូលរួមហ៊ុនដែរ។
មានដំណឹងលេចឮមកថា  ភោជនីយដ្ឋានរបស់លោកស្រី ចឹង  គឺជាអគារកម្ពស់ ៧ជាន់  តុបតែង  ដោយសម្ភារៈ
សុទ្ធសឹងជារបស់មានតម្លៃ។ ហាងមិនទាន់បានបើកផងបុគ្គិលនៅផ្សារទំនើបព្រមទាំងបណ្តាមិត្តភក្តិទាំងឡាយ
ម្នាក់ៗ ទទួលបានប័ណ្ណមាសម្នាក់មួយសន្លឹក  បញ្ជាក់ថាជាប័ណ្ណបញ្ចុះតម្លៃ អាហារដល់ទៅ 15%។
"ពួកលោកជាម្ចាស់ភាគហ៊ុនត្រូវតែជាភ្ញៀវថ្នាក់ខ្ពស់ (VIP) ហើយ!" លោកស្រី ចឹង ក៏បញ្ជាក់បន្ថែម " ថ្ងៃសម្ពោធ
ត្រូវតែអញ្ជើញទៅទាំងអស់គ្នាណា!"
អ្នកទាំអស់គ្នាសង្ឃឹមថាភោជនីយដ្ឋានមុខជាល្អដាច់គេមិនខាន។ លោកស្រី ចឹង ជាប់រវល់ខ្លាំងពេកខានមកទិញ
ឥវ៉ាន់ប៉ុន្មានសប្តាហ៍។  អ៊ំ លី ទូរស័ព្ទទៅរកក៏មិនចូល។  ថៅកែ ហួង បើកឡានទៅមើលផ្លូវដែលថាបម្រុងបើក
នោះជាច្រើនជុំ ក៏មិនឃើញមានភោជនីយដ្ឋាន ណាមួយដែលកំពុងតុបតែងបើកនោះទេ។ គ្រប់គ្នានាំគ្នាឆ្ងល់
សួរទៅសួរមក។ មុនដំបូងគេនាំគ្នាគិតថា ប្រហែលជាម្នាក់ៗបណ្តាក់ទុនមិនជាប៉ុន្មានទេ មានឯណានៅពេលបូក
សរុបចូលគ្នាទៅជាង បីលានដុល្លារហុងកុងឯណោះ។
គ្មានអ្នកណាស្គាល់អាសយដ្ឋានលោកស្រី ចឹង ហើយក៏មិនដឹងដែរថា តាមពិតទៅ លោកស្រី ចឹង មានអាជីពជា
អ្វីឲ្យពិតប្រាកដនោះឡើយ។
--------------------------------------------------------------------------------
 នេះជារឿងដែលកើតឡើងជុំវិញខ្លួនយើងជាប្រចាំ គ្រាន់តែវិធីសម្ដែង និងតិចនិចដែលប្រើអាចនឹងខុសគ្នា។ បើ
និយាយដោយរួមវាក៏នៅតែជាយុទ្ធវិធីដដែលនោះឯង គឺបង្កើតឲ្យមាន ការជឿចិត្តជាមុន បន្ទាប់មកគេនឹងទទួល
បានការទុកចិត្តតាមក្រោយ។
យើងមិនអាចនិយាយឲ្យពិតប្រាកដថា  មនុស្សដូចជា  លោកស្រី  ចឹង  នេះគាត់បានត្រៀម  ផែនការ  សម្រាប់
បោកប្រាស់អ្នកដទៃអ្វីទេ។ ប៉ុន្តែមានពេលខ្លះ មនុស្សអាចនឹងខ្វះខាតលុយដោយប្រការណាមួយ ទើបគេសម្រេច
ចិត្តឆក់ឱកាសនេះតែម្តង។
បើលោកនេះ  មានមនុស្សហ៊ានស៊ីហ៊ានសងមិនតិចទេ  តែយើងក៏ត្រូវផងដែរថា  មនុស្សដែលអាស្រ័យ លើការ
ហ៊ានស៊ីហ៊ានសង ក៏កាន់តែគួរឲ្យខ្លាច ព្រោះអ្វីដែលឆាប់ឡើងក៏ឆាប់ ចុះវិញផងដែរ។
បើគិតតាមហេតុផលពិតប្រាកដ  មនុស្សដូចជាលោកស្រី ចឹង ដែលថ្ងៃនេះខ្ចី 1000$  ថ្ងៃស្អែកឡើង សង 1500$
គឺពុំមែនជាវិធីរបស់អ្នកជំនួញពិតប្រកដនោះទេ ព្រោះការធ្វើជំនួញពុំមែនបានចំណេញ ដោយផុយៗបែបនេះ
ឡើយ។ ទីបំផុត គាត់ក៏ត្រូវទៅខ្ចីបុលគេ  មកសងបង្វិលបន្តពីមួយ ទៅមួយ។ ​លើកទី១  លើកទី២  អ្នកអាចនឹង
ចំណេញច្រើន ប៉ុន្តែ ដល់ពេលវាវាត់ចុងកន្ទុយក៏ត្រូវស៊ីដាច់ទាំងអស់គ្នាទៅ។
សូមកុំទាន់អរនឹងអ្វីដែលបានដោយ ងាយៗ...  ព្រោះរបស់ដែលរកបានដោយងាយ វាក៏អាចខាតបង់ដោយងាយ
ផងដែរ...  មុខរបរដែលរកចំណេញបានច្រើន តែងតែមានការប្រថុយខ្ពស់​ នេះជាច្បាប់ធម្មជាតិ បើមិនដូច្នោះទេ
មនុស្សនឹងប្តូមុខរបរមកធ្វើតាមគ្នាទាំងអស់ហើយ។
តាមពិត យើងមិនត្រូវសន្និដ្ឋានថា  មនុស្សគ្រប់គ្នាសុទ្ធតែជា  មនុស្សអាក្រក់នោះទេ  តែយើងត្រូវដឹងថា នៅលើ
លោកនេះ  ផលប្រយោជន៍ណាដែលមានមកទាំងមិនទំនង អ្នកត្រូវ តែប្រុងប្រយ័ត្នឲ្យបានល្អ។  ការជឿជាក់លើ
អ្នកដទៃដោយគ្មានមូលដា្ឋនអ្វីបញ្ជាក់ច្បាស់លាស់ គឺជាការ ប្រថុយប្រថាននឹងគ្រោះថ្នាក់ ឬទោះជាអ្នកអាចនឹង
បានផលប្រយោជន៍មកក៏ពិតមែន ប៉ុន្តែ វាក៏អាចជាផលប្រយោជន៍ដែលគ្មានគុណធម៌ ផងដែរ។

http://www.mindbooks.com.kh

No comments

Powered by Blogger.