អំពីសំណង់ស្ថាបត្យកម្មហោត្រៃខ្មែរ
ថ្មីៗនេះ ការស្រាវជ្រាវខាងវិស័យស្ថាបត្យកម្មបុរាណខ្មែរ ដោយលោក ច័ន្ទ វិត្ថារ៉ុង បានបញ្ជាក់នូវប្រភពតួនាទី និងទីតាំង យ៉ាងត្រឹមត្រូវនៃសំណង់ហោត្រៃខ្មែរ ។ ការស្រាវជ្រាវនេះ បានផ្តល់នូវទិន្នន័យថ្មីមួយ ដែលមានលក្ខណៈជាវិទ្យាសាស្ត្រ និងអន្តរជាតិ ដែលគប្បីយើងមិនត្រូវមើលរំលង ។ ក៏ប៉ុន្តែ លោកមិនទាន់បានពិនិត្យអត្ថប្រយោជន៍នៃអគារហោត្រៃខាងលើនេះ ក្នុងបរិបទវប្បធម៌បែបពុទ្ធនិយមនៅឡើយ ។ ជំហានថ្មីរបស់យើងនេះ គឺជាការបន្ថែមនូវអត្ថន័យដ៏ជ្រាលជ្រៅពាក់ព័ន្ធទៅនឹងសំណង់ហោត្រៃ ។ ដូច្នេះ អត្ថបទនេះ គឺជាការបកស្រាយបន្ថែម លើអ្វីដែលអ្នកនិពន្ធខាងលើ បានអធិប្បាយ យ៉ាងក្បោះក្បាយកន្លងមក ។
ហោត្រៃ គឺជាអាគារដែលស្ថិតនៅឈមមុខនឹងប្រាង្គប្រធាននៃប្រាសាទ ហើយបែរមុខទៅទិសខាងលិច ដែលស្ថិតក្នុងអ័ក្សមេកើត-លិច របស់ប្រាសាទ ។ ជាទូទៅគេឃើញមានទីហោត្រៃពីរក្នុងទីធ្លានៃប្រាសាទនីមួយៗ ដែលត្រូវបានសាងសង់ឡើងតាមក្បួនសមប្បមាណ ។
អគារហោត្រៃដែលស្ថិតនៅខាងស្តាំជ្រុងឥសាន មានឈ្មោះថា ព្រះរតនៈ ឬព្រះកន្លោង ។ តួនាទី ឬមុខងាររបស់សំណង់ស្ថាបត្យកម្មនេះ ដែលជាឧបសម្ព័នរបស់ប្រាសាទ គឺការតម្កល់ព្រះរូប ឬព្រះបដិមា ។ រីឯអគារនៅខាងឆ្វេងវិញ ដែលត្រូវគេតាំងឈ្មោះថា អាស្រមព្រះភ្លើង ឬព្រះភ្លើង គឺធ្វើឡើងសម្រាប់តម្កល់ព្រះភ្លើងដ៏ពិសិដ្ឋ ដែលគេបូជាប្រចាំថ្ងៃ ។ ហើយការបូជាព្រះភ្លើងនេះ ត្រូវគេហៅថា ពិធីអគ្នីហោត្រ ឬអគ្នីហោម ដែលមានចែងក្នុងគម្ពីរវេទ ហើយត្រូវបានបន្តរហូតដល់សព្វថ្ងៃ នៅក្នុងព្រះរាជពិធីទ្វារទសមាស ជាពិសេសពិធីច្រត់ព្រះនង្គ័លខ្មែរ ។
សូមជម្រាបថា បើយោងតាមខ្លឹមសារនៃសិលាចារឹកវត្តភូ K.367 នៅចម្ប៉ាសាក់ប្រទេសឡាវបច្ចុប្បន្ន ដែលសរសេរជាភាសាសំស្ក្រឹត នៅដើមសតវត្សទី ៧ យើងអាចបញ្ជាក់បានថា បុព្វបុរសខ្មែរនាសម័យបុរេអង្គរ បានគោរពបូជាព្រះភ្លើងរួចទៅហើយ ។ ហើយពិធីនេះ ដែលត្រូវបានផ្តើមចេញពីសម័យនគរភ្នំ ស.តទី ៣-៤ យ៉ាងប្រាកដ ដូចករណីចម្លាក់អណ្តាតភ្លើងមួយចំនួន ដែលគេបានឆ្លាក់លើកាក់ជាសក្ខីកម្មស្រាប់ ។ ម្យ៉ាងវិញទៀតពិធីអគ្នីហោត្រនេះ ក៏ត្រូវបានឆ្លាក់លើជញ្ជាំងប្រាសាទបាយ័ន ព្រមទាំងគូសបញ្ជាក់ជា ប្រយោលតាមរយៈខ្លឹមសារអត្ថបទសិលាចារឹកសច្ចាប្រណិធាន របស់ព្រះបាទសុរិយាវរ្ម័នទី១ K.292 នៅប្រាសាទវិមានអាកាសផងដែរ ។ សូមរំលឹកថា តាមសិលាចារឹកដ៏សំខាន់នេះ យើងដឹងថា ដើម្បីសម្តែងនូវភក្តីភាពចំពោះព្រះមហាក្សត្រខាងលើសព្វនាម៉ឺនមន្ត្រី ត្រូវធ្វើការស្បថស្បែរ នៅមុខព្រះភ្លើង និងព្រះរតនៈដោយមានពួកព្រាហ្មណ៍បុរោហិត (ព្រាហ្មណាចារ្យ) ជាអធិបតីផង ។ តាមខ្លឹមសារសិលាចារឹក K.315 និង K.324 នាសម័យអង្គរ យើងក៏ដឹងទៀតថា ក្រៅពីធ្វើកិច្ចប្រតិស្ថានព្រះអគ្គី ឬព្រះភ្លើង ដោយពួកព្រាហ្មណ៍ នៅក្នុងអាស្រមត្រូវបានថែរក្សាដោយឆ្មាំ ។ យ៉ាងណាមិញ ហោត្រៃខាងស្តាំ ឬព្រះកន្លោង ឬព្រះរតនៈ ដែលជាកន្លែងបូជាបុព្វការីជនរបស់ព្រះរាជវង្សានុវង្ស ដែលក្រោយពីចូលទីវង្គត់ វិញ្ញាណក្ខ័ន្ធមកសណ្ឋិតលើព្រះរូបតំណាងឲ្យព្រះអាទិទេពឥណ្ឌានោះ ក៏ដូច្នេះដែរ ។ ឆ្មាំទាំងពីរខាងលើនេះ ត្រូវគេតាំងឈ្មោះថា ឆ្មាំព្រះភ្លើង និងឆ្មាំព្រះកន្លោង ឬក៏អគ្នីទាស និងរត្នទាស ។
តាមពិតទៅ ករណីនេះមិនមែនករណីដែលត្រូវធ្វើឲ្យយើងឆ្ងល់នោះទេ ដោយហេតុថា តាមរយៈវត្តមានរបស់ពួកឆ្មាំទាំងនោះ យើងអាចឃើញនូវតួនាទីយ៉ាងសំខាន់ នៃសំណង់ហោត្រៃទាំងនោះ ក្នុងអតីតកាលដ៏យូរលង់ ។ លើសពីនេះទៀត ជីវិតរបស់ពួកព្រាហ្មណ៍បុរោហិតនៅទីនោះ ក៏ស្ថិតជុំវិញពិធីអគ្នីហោត្រនេះដែរ ដែលពិតជាបានប្រារព្ធឡើងក្នុងអគារទាំងនោះ ដូចករណីរបស់ព្រាហ្មណ៍ម្នាក់ឈ្មោះ និន្នកាចារ្យក្នុងរាជរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី១ ជាភ័ស្តតាងស្រាប់ ។ នេះបើយោងតាមសិលាចារឹក K.937 ដែលត្រូវបានចារឡើងក្នុងឆ្នាំ ៨៧៧ នៅទីក្រុងរលួស ឬហរិមាល័យ ។
ឆ្លងកាត់ការសិក្សាវិភាគខាងលើនេះ គ្មានហេតុផលជាវិជ្ជមានណាមួយ ដែលបង្ហាញថា ពាក្យហោត្រៃខ្មែរ ដែលមានប្រភពចេញពីពាក្យសំស្ក្រឹតហោត្រីយ គឺជាកម្ចីពីសៀម (ពោលគឺការផ្សំរវាងពាក្យសៀមហោ និងពាក្យសំស្ត្រឹតត្រៃមានន័យថា បី) ដូចមានចែងក្នុងវចនានុក្រមខ្មែរនោះទេ។ បើតាមលោកហ្សកស៊ឺដេសជនជាតិសៀម បានទទួលមរតកវប្បធម៌សំស្ក្រឹតតាមរយៈខ្មែរ ហេតុនេះនាំឲ្យពួកគេខ្ចីសព្ទខ្មែរបុរាណជាច្រើនឥតគណនា ដើម្បីប្រើប្រាស់ក្នុងពិធីកម្មសាសនានានា។ គួរកត់សម្គាល់ផងដែរថា ការដែលយល់ថា ហោត្រៃគឺជាបណ្ណាល័យក៏មិនត្រឹមត្រូវដែរ ។
ជាសេចក្តីសរុប យើងអាចយកការរកឃើញថ្មីរបស់លោកច័ន្ទ វិត្ថារ៉ុង ធ្វើជាមូលដ្ឋានដ៏រឹងមាំសម្រាប់គាំទ្រទស្សនៈខាងលើ គឺក្នុងហោត្រៃជ្រុងអគ្នេយ៍ ជាទូទៅដែលនៅខាងក្នុងមានលក្ខណ:តូចចង្អៀត បានបន្សល់នូវវត្ថុនានាមួយចំនួន (Cf. មរតកពិធីសាសនា តាមរយៈស្ថាបត្យកម្មហោត្រៃ នៃប្រាសាទបុរាណខ្មែរ ក្នុងតម្លៃបេតិកភ័ណ្ឌវប្បធម៌ សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីតម្លៃវប្បធម៌អាស៊ីអគ្នេយ៍ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិតសភាកម្ពុជាថ្ងៃទី ១៦-១៧ ធ្នូ ២០១០) ដូចជា "កំណល់ធំមានរាងបួនជ្រុងស្មើ ឬមូល (រាប់ទាំងអឌ្ឍចន្ទ្រនៅពីមុខ) ដែលយើងសន្និដ្ឋានថា ជាកំណល់ចង្ក្រានអគ្នី បើយោងបន្ថែមតាមចម្លាក់ក្រឡោត នៅលើជញ្ជាំងនៃប្រាសាទបាយ័ន ។ វត្ថុរាងទ្រវែងដែលនៅពីខាងក្រោយកំណល់ធំ ដែលយើងសន្និដ្ឋានថា ជាកំណល់ចម្លាក់នព្វគ្រោះ ។ ក្នុងអត្ថបទនៃតម្រាស្ថាបត្យកម្មឥណ្ឌាបុរាណ មយមតាំ (Mayamatam) ក៏មានអធិប្បាយផងដែរ អំពីចង្ក្រានអគ្នី ដោយចែងថា ចង្ក្រានមានបីជាន់" (ច័ន្ទ វិត្ថារ៉ុង) ។
នេះបើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវដ៏មានប្រយោជន៍ របស់អ្នកឯកទេសខ្មែរខាងលើ ដែលយើងសូមឯកភាពទាំងស្រុង ។ ព្រោះថា ចំពោះគំនិតផ្តួចផ្តើមខាងលើនេះ យើងក៏ធ្លាប់មានពីមុនផងដែរ ជាពិសេសពេលដែលយើងសិក្សាឯកសារមួយចំនួនរបស់លោក ដាហ្សែន ស្តីពីសំណង់ស្ថាបត្យកម្មនៅប្រទេសឥណ្ឌា ជាពិសេសនៅពេលដែលយើងបានសរសេរអំពីនិមិត្តរូបរបស់ប្រាសាទបន្ទាយស្រី និង ប្រាង្គព្រហ្មទត ស្ថិតពីមុខប្រាសាទភិមាយ ។ មួយវិញទៀតសោត ការរកឃើញនូវកំណល់មួយរាង ៤ជ្រុងទ្រវែង នៅប្រាសាទ S2 (ខាងត្បូង) នៃក្រុមប្រាសាទសម្បូរព្រៃគុកនាសម័យចេនឡា ក៏ជាតឹកតាងបង្ហាញនូវពិធីបូជាយញ្ញ ថ្វាយចំពោះព្រះភ្លើង ឬអគ្នីដែរ។
ចំពោះតួនាទីរបស់ហោត្រៃជ្រុងឥសាន ឬកន្លោងនៅខាងស្តាំ យើងក៏យល់ព្រមជាមួយអ្នកនិពន្ធខាងលើដែរ ដោយហេតុថា នៅប្រាសាទភិមាយ យើងបានរកឃើញនូវចម្លាក់តំណាងឲ្យព្រះបាទជ័យវរ្ម័នទី ៧ ហៅថាព្រះព្រហ្មទត្ត និងរូបព្រះនាងជ័យរាជទេវី ហៅថា ព្រះនាងអររិន្ទ ។ ម្យ៉ាងវិញទៀត នៅក្នុងជ្រុងប្រាសាទទាំងនោះ ភាគច្រើន ឈ្មោះដែលមានក្នុងសិលាចារឹក ក៏សុទ្ធសឹងតែជាបច្ឆាមរណៈនាមដែរ ដូចជា កម្រតេងជាគតជាដើម ។ យើងក៏បានជួបភស្តុតាងមួយចំនួនទៀត ដែលបង្ហាញឲ្យឃើញថា ឋានៈបុព្វការីជនទាំងនោះ ត្រូវបានតម្លើងស្មើនឹងព្រះអវលោកេស្វរៈ ឬលោកេស្វរៈ ដូចករណីចម្លាក់មួយចំននួននៅប្រាសាទមឿងសិង្ហជាដើម ។
ឆ្លៀតឱកាសនេះ យើងក៏សូមបញ្ជាក់ផងដែរថា គឺហោត្រៃបែបព្រាហ្មនិយមខាងលើនេះហើយ ដែលបានឲ្យកំណើតទៅឲ្យហោត្រៃបែបពុទ្ធនិយម និកាយមហាយាន មុននឹងក្លាយទៅជាហោត្រៃបែប ហិនយាន ឬថេរវាទ នាសម័យក្រោយអង្គរ ដែលមាននៅតាមវត្តអារាមខ្មែរ ថៃ ឡាវ(លាវ) បច្ចុប្បន្ន ។
ហេតុការណ៍នេះហើយ គឺជាភ័ស្តុតាងមួយយ៉ាងសំខាន់ បង្ហាញឲ្យឃើញថា ក្នុងវប្បធម៌ខ្មែរ ដែលមានលក្ខណៈសំយោគ សម្ព័ន្ធភាពរវាងវិស័យស្ថាបត្យកម្ម បែបព្រាហ្មណ៍និយម និង ពុទ្ធនិយម ទាំងពីរយានគឺជារឿងធម្មតា ។ ហើយអន្តរកម្មផ្នែកសំណង់សាសនា ក៏ដូចរចនាប័ថ្មនៃសិល្បៈត្រូវបានគូសបញ្ជាក់តាមរយៈវិស័យ វិចិត្រសិល្បៈ នាដើមស.វទី ១ មកម្ល៉េះ ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏អត្ថន័យស៊ីជម្រៅនៃសំណង់ ស្ថាបត្យកម្មខ្មែរ នៅតែរក្សាតំលៃរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ។ ដូច្នេះ ក្នុងបរិបទនេះហើយ ដែលការប្រើប្រាស់ ឬការស្ថាបនាឡើងនៃអគារហោត្រៃនៅតាមវត្តអារាម ត្រូវបានរក្សាទុក ក្នុងបរិបទពុទ្ធនិយម ទោះបីជាប្រាង្គប្រាសាទខ្មែរ បានរលត់សង្ខាហើយក៏ដោយ ។
ជារួម ការដែលពាក្យហោត្រៃ ដែលមានប្រភពចេញពីភាសាសំស្ក្រឹត បានក្លាយទៅជាពាក្យហោត្រៃខ្មែរ ថៃ ឬឡាវ (លាវ) មិនមែនជារឿងមួយដែលធ្វើឲ្យយើងភ្ញាក់ផ្អើលអ្វីដែរ ផ្ទុយទៅវិញពាក្យហោត្រៃ ក៏ដូចជាពាក្យវត្ត ដែលជនជាតិថៃ ឡាវ កំពុងប្រើប្រាស់នោះ ក៏ជាភ័ស្តុតាងមួយដ៏មានប្រយោជន៍ បង្ហាញឲ្យឃើញនូវឥទ្ធិពល នៃវិស័យស្ថាបត្យកម្មខ្មែរលើវប្បធម៌ថៃ លាវ ដែលជាមនុស្សចំណូលថ្មីក្នុងតំបន់ ។ យ៉ាងណាមិញ ការរៀបចំ គ្រប់គ្រងវត្តអារាម ពោលគឺហេដ្ឋារចនាសម្ព័ន្ធ រួមមាន បទបញ្ញត្តិ និង ការហាមប្រាមផ្សេងៗជាដើមក៏ដូច្នេះដែរ ។ កុំភ្លេចថា ជនជាតិថៃ និង លាវ (ឡាវ) បានទទួលមរតកវប្បធម៌ឥណ្ឌាតាមរយៈខ្មែរ នាសម័យវប្បធម៌បាយ័ន ទោះជាគេនៅស្រុកសុខោទ័យ អយុធ្យា ឬក៏ទីក្រុងវៀងច័ន្ទក្តី ។ ជាទីបញ្ចប់ សូមជម្រាបផងដែរថា បទបញ្ញាត្តិនៃមូលនិធិសាសនាដែលជាកន្លែងពិសិដ្ឋ ពាក់ព័ន្ធទៅនឹងការគោរពបូជាព្រះភ្លើង ក៏ដូចបំរាមនានា ដូចជាការហាមឃាត់មិនឲ្យមានការទន្ទ្រាន ឬបៀតបៀន ពីសំណាក់អ្នកដទៃ ឬក៏អាជ្ញាធរណាមួយមកពីក្រៅជាដើម ត្រូវបានគូសបញ្ជាក់តាមរយៈខ្លឹមសារនៃសិលាចារឹកវត្តបុរេអង្គរ នៅវត្តភូ ប្រទេសលាវបច្ចុប្បន្នជាសក្ខីកម្មស្រាប់ ។ នេះគឺជាអ្វីមួយដែលសាសនិកជនខ្មែរ ថៃ និង លាវ ត្រូវបានបន្តរហូតដល់ បច្ចុប្បន្ន។
តាមរយៈការសិក្សាវិភាគដ៏ខ្លីនេះ សឲ្យឃើញនូវប្រភពព្រាហ្មណ៍និយមនៃហោត្រៃរបស់វត្តអារាមខ្មែរបច្ចុប្បន្ន មិនមែនជាលទ្ធផលនៃឥទ្ធិពលវប្បធម៌សៀមឡើយ៕
http://www.cen.com.kh
Post a Comment