ប្រាសាទប្រាង្គគូ នៅខេត្តនគររាជសីមា
ប្រាសាទប្រាង្គគូ ដែលស្ថិតនៅភូមិសិតា (បានសិតា) ក្នុងឃុំសិតា ស្រុកបួយៃ មានចម្ងាយប្រមាណត្រឹមតែ ៣០គីឡូម៉ែត្រប្លាយ ពីទីរួមខេត្តនគររាជសីមាបច្ចុប្បន្ន។ ស្ថិតនៅទិសខាងជើងឆៀងខាងកើត នៃខេត្តខាងលើនេះ ដែលជាខេត្តធំទី២នៃព្រះរាជាណាចក្រថៃ ប្រាង្គប្រាសាទនេះ គឺជាសំណង់ស្ថាបត្យកម្មខ្មែរមួយសាងសង់ឡើងនាស.វទី១១នៃគ.ស. ដើម្បីឧទ្ទិសដល់លទ្ធិព្រហ្មញ្ញសាសនា។
ដូចប្រាសាទខ្មែរដទៃៗឯទៀតនាសម័យអង្គរ ក្នុងរចនាប័ថ្មបាពួន ប្រាសាទរបស់យើងមានទ្វារបញ្ឆោតចំនួនបី និងទ្វារពិតមួយ។ ប្រាសាទនេះ ក៏ដូចជាប្រាសាទ ឯទៀតដែរ បានបែរមុខទៅទិសខាងកើត រីឯអ័ក្សនៃប្រាសាទនេះវិញក៏ស្របតាមទិសដៅពីកើតទៅលិច ដូចទៅនឹងវដ្ត ឬទ្រនិចព្រះអាទិត្យ។ ប្រាសាទនេះមានកំពែងមួយធ្វើអំពីថ្មបាយក្រៀម ហ៊ុំព័ទ្ធជុំវិញ ដែលសព្វថ្ងៃនេះគ្រាន់តែបន្សល់ទុកតែមួយកំណាត់កំពែងតែប៉ុណ្ណោះ។
សព្វថ្ងៃ ពុទ្ធសាសនិកដែលរស់នៅក្នុងតំបន់បានសាងសង់ជណ្តើរមួយធ្វើអំពី ស៊ីម៉ង់ត៍ ដើម្បីទៅកាន់ប្រាសាទបាក់បែកនេះ ព្រមទាំងព្រះពុទ្ធបដិមាមួយយ៉ាងធំនៅចំហៀងនៃបូជនីយដ្ឋាននេះ ដើម្បីជាទីគោរពសក្ការៈ។
គួរកត់សម្គាល់ថា ទោះបីជាជិតមួយពាន់ឆ្នាំបានកន្លងផុតក្តី ហើយទោះបីជាផ្នែកខាងលើនៃប្រាសាទត្រូវបានរំលុះរលំបាត់ទៅហើយក្តី ក៏ប៉ុន្តែយើងនៅឃើញនូវសំណល់បាយអ ភ្ជាប់ទៅនិងស៊ុមទ្វារបញ្ឆោតទាំងនោះ។ នេះសឲ្យឃើញថា ពីសម័យអង្គនៅលើប្រាសាទនេះ មានក្បូរក្បាច់រចនាយ៉ាងល្អប្រណីត ដូចករណីប្រាសាទខែក នៅខេត្តលពបុរី ដែលគួរឲ្យចាប់អារម្មណ៍៕
http://www.cen.com.kh
Post a Comment