កិរិយាទាំង ៥ ដើម្បីនាំភាពជោគជ័យក្នុងអាជីពការងារ
នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត ដែលបញ្ចប់ការសិក្សានៅសាលា Passerelles Numerique (PN) កាលសប្ដាហ៍កន្លងទៅនេះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា លោក សាមឺឌី ស៊ីវឌ្ឍនា ក្រៅពីការធ្វើការសំណេះសំណាល និងអបអរសាទរដល់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ លោកបានធ្វើការចែករំលែកបទពិសោធន៍ និងលើកពីកត្តាសំខាន់ៗដែលនាំឲ្យទទួលបានជោគជ័យ ដល់និស្សិតដែលត្រៀមខ្លួនប្រឡូកក្នុងជីវិតការងារនៅពេលខាងមុខ។ ដោយក្នុងនោះលោកបានលើកពីកិរិយាចំនួន ៥ សម្រាប់និស្សិតត្រិះរិះពិចារណា ហើយដែលលោកតែងតែរំលឹកជាប់ជានិច្ចនៅក្នុងចិត្ត។

កិរិយាទាំង ៥ ដែលលោកបានលើកយកទៅបង្ហាញនោះរួមមាន៖
កិរិយាទី ១ “ក្លាហាន” តាមទ្រឹស្ដីសេដ្ឋកិច្ចបង្ហាញ ថា គ្មានការចំណេញណាដែលគ្មានហានិភ័យនោះទេ។ ចំពោះអាជីពការងារក៏ដូច្នេះដែរ គ្មានអាជីពណាដែលមិនមានហានិភ័យដើម្បីទទួលបាននូវសេចក្ដីសោមនស្ស និងរង្វាន់លើកទឹកចិត្តដ៏ស័ក្ដិសមនោះទេ។ លោកបានលើកឧទាហរណ៍ដូចជាលោក Cristopher Colone នៅសតវត្សទី ១៥ លោកបានប្រថុយនឹងរឿងរ៉ាវជាច្រើន ដើម្បីភាពរីកចម្រើននៃទ្វីបអឺរ៉ុប ហើយឈ្មោះរបស់លោកត្រូវបានចារនៅក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ លោកធ្វើអ្វីដែលអ្នកផ្សេងមិនហ៊ានធ្វើ ទើបធ្វើឲ្យលោកទទួលបានជ័យជំនះលើទ្វីបអាមេរិក។
កិរិយាទី ២ “ផ្លាស់ប្ដូរ” ផ្លាស់ប្តូរតួនាទី, ទីកន្លែងការងារ, មុខរបរ ប៉ុន្តែមិនត្រូវផ្លាស់ប្ដូរអ្វីដែលមានដំណើរការល្អរួចទៅហើយនោះ ទេ។ លោកថា ហ៊ានផ្លាស់ប្តូរគឺជាកត្តាមួយដែលនាំឲ្យមានភាពរីកចម្រើន។ ពិភពលោកទាំងមូលមានការផ្លាស់ប្តូរ រហូតមកដល់យុគសម័យនេះគឺដោយសារស្មារតីក្លាហាន ផ្លាស់ប្ដូររបស់មនុស្ស។ យើងបានផ្លាស់ប្តូរពិភពលោក ហើយក៏បន្តការផ្លាស់ប្តូរជាបន្តទៀត។
លោកបានបញ្ជាក់ទៀតថា ពិភពលោកដែលប្រើប្រាស់ថ្មរាប់ពាន់ឆ្នាំ ក្លាយជាពិភពដែលអាចទទួលបានព័ត៌មានគ្រប់ហេតុការណ៍ទូទាំងពិភពលោក ក្នុងពេល ១ វិនាទី។ លោកបន្ថែមថា ការផ្លាស់ប្តូរជាវិធីមួយ ដែលអាចឲ្យយើងបានរៀនសូត្រ។ លោកបានលើកពីទស្សនៈវិទូចិន ឡៅជឺ កាលពី ៣០០ ឆ្នាំមុនគ្រិស្តសករាជបានលើកឡើងថា “ខ្ញុំបានរៀន, រៀននិងរៀនបន្តទៀត បើទោះបីអាយុខ្ញុំប៉ុណ្ណាក៏ដោយ។ បើសិនខ្ញុំឃើញក្មេងអាយុ ៦ ឆ្នាំដែលចេះនូវអ្វីដែលខ្ញុំមិនចេះ ខ្ញុំនឹងរៀនសូត្រពីគាត់”។ នេះសបញ្ជាក់ឲ្យឃើញថា យើងរៀនសូត្រ ហើយរៀនសូត្រទៀតរហូតដល់ទីបញ្ចប់នៃជីវិត ហើយចំណេះដឹងជាកូនសោរនៃភាពជោគជ័យ។ តែយ៉ាងណាលោកក្រើនរំលឹកថា ចូរកុំមានអំនួតចំពោះចំណេះដឹងដែលខ្លួនមានឲ្យសោះ។
កិរិយាទី ៣ “ចែករំលែក” លោកថា យើងមិនត្រូវទុកចំណេះដឹងដែលយើងមាន សម្រាប់តែខ្លួនឯងនោះទេ យើងត្រូវចេះចែករំលែកចំណេះដឹងទាំងនោះដើម្បីបង្កើនចំណេះដឹង។ ការចែករំលែកគឺជាសិល្បៈ ហើយយើងមានវប្បធម៌នៃការចែករំលែកតាំងពីបរមបុរាណមកម៉្លេះ ហើយយើងនៅតែបន្តវប្បធម៌នៃការចែករំលែកនេះមកដល់សង្គម បច្ចុប្បន្ន។
លោកបានបញ្ជាក់ដល់និស្សិតដែលចូលរួមទទួលសញ្ញាប័ត្រនាឱកាសនោះ ថា៖ “ក្មួយៗបានទទួលជោគជ័យនៅក្នុងការសិក្សានៅថ្ងៃនេះ ដោយសារសិល្បៈនៃការចែករំលែករបស់លោកគ្រូអ្នកគ្រូទាំងអស់ និងការរួមចំណែកពីគ្រឹះស្ថានអប់រំដូចជា PN ជាដើម។
ចំណែកកិរិយាទី ៤ “វិជ្ជមាន” លោកថា នៅគ្រប់ស្ថានភាពទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពបរាជ័យហើយយើងគ្មានដំណោះស្រាយយ៉ាងណា ក៏ដោយ ក៏យើងត្រូវរក្សាភាពវិជ្ជមានជាប់ជានិច្ច។ យើងត្រូវសិក្សាស្វែងយល់ពីស្ថានភាពនោះ ហើយវិភាគឲ្យបានល្អិតល្អន់ទៅលើកំហុសនោះ ដូច្នេះយើងនឹងអាចរកបានដំណោះស្រាយដ៏ល្អ និងប្រសិទ្ធភាព។
កិរិយាចុងក្រោយដែលលោកចង់លើកឡើងឲ្យសិស្សនិស្សិតពិចារណាគឺ “តម្រូវការ” ដែលមានន័យថា “មហិច្ឆតា”។ លោកថា យើងត្រូវមានតម្រូវការ “មហិច្ឆតា”។ ប្រសិនបើយើងសាកល្បង យើងមិនប្រាកដថានឹងទទួលបានជោគជ័យ តែបើយើងមិនសាកល្បងយើងនឹងបរាជ័យ។
ទាំង ៥ កិរិយានេះ ក្លាហាន, ផ្លាស់ប្ដូរ, ចែករំលែក, វិជ្ជមាន និងមហិច្ឆតា គឺជាកត្តានាំឲ្យយើងឆ្ពោះទៅរកជោគជ័យនៅក្នុងជីវិតផ្ទាល់ខ្លួន និងការងារដែលនេះជាអ្វីដែលលោកចង់ចែករំលែកដល់សិស្សនិស្សិត ដែលកំពុងប្រឡូកនិងត្រៀមខ្លួនចូលបម្រើការងារផ្សេងៗ។
http://news.sabay.com.kh
Post a Comment