អាជីពអ្នកអត់រៀនរកចំណូលមិនឈ្នះអ្នករៀន?
និស្សិតទើប បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គ្មានអ្វីឈឺជាងនៅពេលដែលឃើញ CV របស់ខ្លួនឯង ត្រូវបានទាត់ចោលនោះទេ ហើយវាកាន់តែឈឺចិត្ដថែមទៀតនៅពេលដែលប្រធាន ឬនាយកក្រុមហ៊ុនខ្លះជាអតីតសិស្សមិនទាន់បញ្ចប់ការសិក្សាទុតិយភូមិ ផងនោះ។
និស្សិតមួយចំនួនឯកភាពថា ពិន្ទុល្អមិនបានឆ្លុះបញ្ចាំងពីប្រាជ្ញាឈ្លាសវៃ ហើយរៀនច្រើនមុខវិជ្ជា មិនប្រាកដថា ចេះច្រើននោះឡើយ។
បច្ចុប្បន្ននេះ យុវជនខ្លះខិតខំរៀនយ៉ាងត្រដាបត្រដួសរយៈពេល ៤ ឆ្នាំសម្រាប់ថ្នាក់ បរិញ្ញាបត្រ ប៉ុន្ដែពួកគេពិបាករកការងារធ្វើណាស់ ហើយបើរកបានក៏មិនទទួលបានកម្រៃច្រើននោះទេ។ ចំណែកឯអ្នកខ្លះទៀត បែកគំនិតបង្កើតមុខរបរដោយខ្លួនឯងខណៈពេលដែលពួកគេមិនទាន់រៀនចប់ បែរជាទទួលបានជោគជ័យ និងប្រែក្លាយទៅជាជំនួញដែលមានតម្លៃ រាប់ម៉ឺន រាប់លានដុល្លារទៅវិញ។
ជាក់ស្ដែង លោក ជី សិលា អាយុ ៣៩ឆ្នាំ ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ចំពោះអាជីវកម្មធំៗជាច្រើន រួមមាន ក្រុមហ៊ុនសប្បាយ រោងភាពយន្ដ ប្លាទីនីម ស៊ីនេផ្លិច ក្រុមហ៊ុនចំណីអាហារធំជាងគេនៅកម្ពុជា CBM Corporation ដែលមិនតិចជាង ៣០ កន្លែងទេដូចជា ភីហ្សាវើល ហាងនំប៉័ង Tous les jour ហាង BB World ហាងកាហ្វេ ធីអិនស៊ី និង ភោជនីយដ្ឋានមួយចំនួនផ្សេងទៀត។
ជាការពិត សហគ្រិនវ័យក្មេងរូបនេះ ជាអតីតសិស្សជាប់បាក់ឌុប ដែលមិនអាចប្រឡងចូលរៀននៅសាកលវិទ្យាល័យទេ។ លោក ជី សិលា ប្រាប់មូលហេតុថា៖ «បន្ទាប់ពីចប់បាក់ឌុបនៅវិទ្យាល័យ សន្ធរម៉ុក នាឆ្នាំ ១៩៩២ ខ្ញុំបានរៀនត្រៀមសម្រាប់មុខវិជ្ជាស្ថាបត្យកម្មរបស់សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ប៉ុន្តែធ្លាក់មិនបានចូលរៀនទេ»។
ដោយសារតែលោកមើលឃើញថា គោលបំណងរបស់អ្នករៀនគឺជាការងារ។ ដូច្នេះ លោកក៏សម្រេចចិត្ដដើរផ្លូវកាត់ដោយផ្ដើមចេញប្រឡូកការងារតែម្ដង។
បទពិសោធការងារចាប់ពីអាយុ ១៩ ឆ្នាំដោយចាប់ផ្ដើមពីក្រុមហ៊ុនទេសចរណ៍ជាមេក្រុមដែលមានចំណូលរាប់ ពាន់ដុល្លារ និងបន្ដទៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលទទួលបានប្រាក់ខែដំបូង ត្រឹមតែ ១៥០ ដុល្លារប៉ុណ្ណោះ។
លោកបានបន្ដប្រាប់ពីមូលហេតុថា៖ «ការងារនៅក្នុងក្រុមហ៊ុនទេសចរណ៍ជាកិច្ចការដដែលៗ បើមានភ្ញៀវក៏ធ្វើ បើអត់ភ្ញៀវក៏អត់អីធ្វើ។ ដូច្នេះ ទើបខ្ញុំមើលឃើញថា ខ្ញុំមិនបានរីកចម្រើនអ្វីនោះទេ ហើយក៏មិនអាចបំពេញក្ដីស្រមៃរបស់ខ្ញុំឡើយ»។
ស្រដៀងគ្នាដែរ កញ្ញា នាង សុវ៉ាតនា ដែលស្គាល់ថា DJ ណាណា បានសម្រេចចិត្ដប្រឡូកការងារសង្គមតាំងពីថ្នាក់ទី១០ដោយបាន ចូលរួមនៅក្នុងសមាគមយុវជនខ្មែរ (KYA) នៅស្រុកកំណើតនាខេត្ត កំពង់ចាម។ ក្រោយពីប្រឡងជាប់និទ្ទេស E និងមានបំណងចង់បន្ដការសិក្សាមុខវិជ្ជាសង្គមវិទ្យា ណាណា គិតថា ការរៀនសូត្រនៅក្នុងថ្នាក់ទទួលបានទ្រឹស្ដីច្រើន ហើយការចេញប្រឡូកក្នុងពិភពខាងក្រៅអាចជួយឲ្យខ្លួនឯងមានបទពិសោធ ជីវិតកាន់តែច្រើន។
ថ្វីដ្បិតតែ DJ ណាណា គ្មានបរិញ្ញាបត្រក្នុងដៃក៏ដោយ ក៏កញ្ញាមានសមត្ថភាពចិញ្ចឹមប្អូនៗ ៣ នាក់ដោយមិនចាំបាច់ពឹងអាស្រ័យលើឪពុកម្ដាយនោះទេ។ ម្យ៉ាងវិញទៀត ណាណា អាចជួយបើកហាងលក់អីវ៉ាន់ឲ្យម្ដាយ និងប្អូនស្រីផងដែរ។
រីឯកញ្ញា ស្រី មុំ ដែលសព្វថ្ងៃកំពុងតែបម្រើការងារនៅក្រុមហ៊ុនទេសចរណ៍មួយពីកម្ពុជា ទៅប្រទេស បារាំង បានសម្រេចចិត្ដឈប់រៀនត្រឹមថ្នាក់ទី១២ ដោយសារតែបញ្ហាជីវភាពខ្សត់ខ្សោយ។
ស្រី មុំ ចាប់ផ្តើមជីវិតការងាររបស់ខ្លួនជាលេខាដែលទទួលបានប្រាក់ខែទាប។ ដោយសារតែភាពអត់ធ្មត់ និងខំប្រឹងប្រែង ឥឡូវនេះកញ្ញាបានទទួលប្រាក់ខែសមស្របភ្នាក់ងារទេសចរណ៍ក្នុងស្រុក មួយ។
យ៉ាងហោចណាស់ អ្នកទាំង ៣ ខាងលើបានសិក្សាត្រឹមតែទុតិយភូមិប៉ុណ្ណោះ ពួកគេអាចរកប្រាក់ដ៏ច្រើនក្រាស់ក្រែល។ ប៉ុន្ដែចំពោះនិស្សិតបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារមកពី សាកលវិទ្យាល័យ វេស្ទើន ខេត្ត កំពង់ចាម បាននិងកំពុងធ្វើការក្នុងក្រុមហ៊ុនតូចមួយនៅទីក្រុង ភ្នំពេញ នៅផ្នែកលក់។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ យុវជនវ័យ ២៧ ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំធ្វើជាអ្នកលក់នៅក្រុមហ៊ុនតូចមួយ ហើយរកបានប្រហែល ១៣០ ដុល្លារក្នុងមួយខែ»។
អតីតនិស្សិតផ្នែក ធនាគារមួយនេះ បានចំណាយពេលវេលា ៤ ឆ្នាំ និងថវិកា ជាច្រើនសម្រាប់ថ្លៃសិក្សា។ ប៉ុន្តែចំពោះការបណ្តាក់ទុននេះហាក់ដូចជា មិនបានផ្លែផ្កាសោះ ដោយសារតែជំនាញដែលរៀនមិនបានប្រើប្រាស់ឲ្យត្រូវនឹងការងារ ឬក៏ផ្លែផ្កាដែលបានដាំពីសាកលវិទ្យាល័យមិនទាន់បានផលនៅឡើយ។
ថ្វី ដ្បិតតែលោកគ្មានសញ្ញាបត្រឧត្តមសិក្សាក៏ដោយ ក៏ខ្សែជីវិតរបស់ លោក ជី សិលា កញ្ញា ឡាក់ មុំ កញ្ញា នាង សុវ៉ាតនា ព្រមទាំងអ្នកមិនបានបន្តការសិក្សាខ្ពង់ខ្ពស់មួយចំនួនទៀតហាក់ ដូចជាមកដល់ចំណុចមួយដែលត្រូវបានគេគិតជោគជ័យប្រសិនបើប្រៀបធៀប ទៅនឹងអ្នកមានសញ្ញាបត្រមួយចំនួននៅមិនទាន់រកកោះ រកត្រើយឃើញនោះទេ។
តើអ្វីទៅជាអាថ៌កំបាំង និងទស្សនៈរបស់អ្នកជោគជ័យ? សហគ្រិនវ័យក្មេង ជី សិលា បាននិយាយថា វាគឺជាការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យឲ្យបានសព្វជ្រុង ជ្រោយមុននឹងធ្វើអ្វីមួយ។ លោកបានបង្ហាញទស្សនៈទៅលើចំណេះដឹងថា៖ «ចំណេះដឹងពិតជាសំខាន់ ប៉ុន្តែមានតែ ១០ ភាគរយប៉ុណ្ណោះពីសាលារៀនដែលជាចំណេះដឹងសម្រាប់ ជីវិត។ រីឯ ៩០ ភាគរយទៀត វាចេញមកពីបទពិសោធខាងក្រៅដែលរួមមានការជួបមនុស្សល្អឲ្យបាន ច្រើន ការដើរមើលនិងការសង្កេត ការប្រឡូកខ្លួនចូលក្នុងស្ថានភាពផ្សេងដើម្បីឈានទៅរកការសម្រេច ចិត្តមួយប្រកបដោយសុភវិនិច្ឆ័យ»។
លោកបន្ដថា៖ «ត្រូវតែតាមរកក្តីសុបិនរបស់ខ្លួនជានិច្ច ហើយកុំឲ្យវាក្លាយជាការពិត ពីព្រោះបើសុបិនមួយជាការពិត វាប្រហែលជាមិនមែនជាការពិតទេ»។
ទស្សនៈក្រើនរំឭកខ្លួនមួយ នេះបានធ្វើឲ្យលោកជាមនុស្សដែលស្រមៃច្រើន និងមានអារម្មណ៍មិនចេះជិនណាយនឹងការទៅរកក្តីសុបិនទាំងនោះ។
លោកបង្ហើបប្រាប់ថា៖ «គាត់គួរតែស្វែងរកបទពិសោធខ្លះមុន និងខណៈពេលដែលកំពុងតែរៀនដើម្បីជាការឆ្លុះបញ្ចាំងរវាង ទ្រឹស្តីដែលរៀននៅក្នុងថ្នាក់ទៅនឹងបទពិសោធជាក់ស្តែងក្នុងសង្គម។ សំខាន់បំផុត គាត់ត្រូវធ្វើតាមគំនិតរបស់ខ្លួនឯង»។
យុវជន ជោគជ័យចំពោះបទពិសោធជំនួញជាក់ស្ដែងរូបនេះ បានបន្ថែមទៀតថា៖ «មនុស្សគ្រប់រូបមាន ២៤ ម៉ោងស្មើគ្នា។ ដូច្នេះបើគាត់ចេះប្រើប្រាស់ពេលវេលាសម្រាប់ការងាររបស់ខ្លួន ឲ្យបានយ៉ាងហោចណាស់ច្រើនជាង ២៥ ភាគរយ (ដោយដកពេលសម្រាក អាហារ ការងារផ្សេងៗ) គាត់នឹងមានឱកាសជោគជ័យច្រើន»។
ចំណែកឯ លោក ខាន់ ចិន្ដា ជាគ្រូបង្រៀន និងជានិស្សិតអនុបណ្ឌិតផ្នែកទំនាក់ទំនងសាធារណៈមកពីប្រទេស សិង្ហបុរី គិតថា ចំពោះអ្នកដែលមិនមាននិស្ស័យទៅនឹងការសិក្សា ពួកគេអាចសម្រេចចិត្ដជ្រើសរើសសិក្សាវគ្គបច្ចេកទេសខ្លីៗ។
ប៉ុន្ដែលោកថា បើសិស្សរៀនពូកែក្នុងថ្នាក់ពួកគេអាចមានលទ្ធផលល្អចំពោះការងារនៅស្ថាប័ន និងអង្គការធំៗ។
ដោយឡែក លោក សូ សោទ្ធី ជាគ្រូបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យ ឫស្សីកែវ រាជធានី ភ្នំពេញគិតថា សិស្សគួរតែយកចិត្តទុកដាក់ឲ្យបានច្បាស់ក្នុងការងារអនុវត្ត ប៉ុន្តែពួកគេក៏មិនត្រូវភ្លេចទេថា ពួកគេត្រូវតែយល់នូវទ្រឹស្តីជាមុន ហើយប្រសិនបើមិនយល់ទ្រឹស្តីបានត្រឹមត្រូវទេ ពួកគេមិនអាចជោគជ័យបានល្អតាមបំណងឡើយ។
ជាចុងក្រោយ លោក សូ សោទ្ធី បាននិយាយថា៖ «សិស្សអាចឆ្លៀតពេលវេលាស្តាប់ចម្រៀង និងលេង ហេ្វសប៊ុក បានចុះហេតុអ្វីបានជាគេមិនព្រមប្រើពេលទំាងនោះយកមកសិក្សា វិញ?»។
លោកបន្ថែមថា៖ «ម៉្យាងវិញទៀត នៅបរិស្ថានខាងក្រៅមានបណ្ណាល័យ និងហាងសៀវភៅដែលពួកគេអាចស្វែងរកបានបើពួកគេចង់រក»៕
http://www.postkhmer.com
Post a Comment