Header Ads


 

មហា​ត្មៈ គន្ធី (Mahatma Gandhi)​បិតា​ជាតិ​ឥណ្ឌា


មហា​ត្មៈ គ​ន្ធី នាម​ជា​រដ្ឋបុរស​នៃ​ប្រទេស​ឥណ្ឌា ហើយ​ដែល​ពិភពលោក​ធ្លាប់បាន​ទទួលស្គាល់​ជាទូទៅ ។ លោក​មានឈ្មោះ​ពេញ​ថា មហា​ត្មៈ កា​រ៉ា​ម​ច័ន្ទ គ​ន្ធី ជា​ជនជាតិ​ហិណ្ឌូ កើត​នៅ​ថៃ្ង​ទី​១​ខែតុលា​ឆ្នាំ ១៨៦៩ នៅឯ​ទីក្រុង​តូច​មួយ​ឈ្មោះ ខាត់​តេ​វាស នៃ​មណ្ឌល​មុម​បៃ​(​បុ​ប​បៃ​) ជា​កូនពៅ​គេ​បង្អស់​ក្នុងចំណោម​បងប្អូន​៤ នាក់​នៃ​ត្រកូល​អភិជន ។ ប៉ុន្តែ​ត្រកូល​អភិជន​នៃ​គ្រួសារ​នេះ មិនសូវ​រឹងមាំ​ដូច​អភិជន​ដទៃទៀត​ឡើយ អាស្រ័យ​ហេតុនេះហើយ​ជីវិត​នៅ​យុវវ័យ មហា​ត្មៈ មិនសូវ​ទទួល​បានកា​រ​រៀនសូត្រ​យ៉ាង​ហ្មត់ចត់​ខ្ពង់ខ្ពស់​ឡើយ ។​

ស្តីអំពី ​វណ្ណៈ មហា​ត្មៈ ស្ថិតនៅក្នុង​ត្រកូល​ពេទ្យ ដែល​ចាត់​ថា​ជាវ​ណ្ណៈ​ធម្មតា មិនសូវ​ខ្ពង់ខ្ពស់ ជា​សាមញ្ញ​ជន​ម្នាក់ ដែល​រមែង​ទទួល​ការជិះជាន់ និង​មាក់ងាយ​ពី​ពួក​ដែល​ស្ថិត​ក្នុងឋានៈ​ខ្ពស់ជាង ។ ចំណុច​នេះ ហើយ​ដែល​ធ្វើឱ្យ​មហា​ត្មៈ ស្អប់ខ្ពើម​ការជិះជាន់រ​វាង​វណ្ណៈ​និង​វណ្ណៈ​យ៉ាងខ្លាំង រួច​បង្វែរ​កំហឹង​នេះ​ដោយ​ខិតខំ​ក្នុងការ​សិក្សា ដែលជា​មូលដ្ឋាន​មួយ​រឹងមាំ ដើម្បី​យកឈ្នះ​លើ​រឿងនេះ ។​
    នៅពេល​មហា​ត្មៈ អាយុ​បាន​១៣​ឆ្នាំ តាមច្បាប់​ទំនៀមទម្លាប់​ប្រពៃណីនិយម​លោក​ត្រូវតែ​រៀបការ​។ មហា​ត្មៈ ក៏​រៀប​មង្គលការ​ជាមួយ​កូនក្រមុំ​ម្នាក់​អាយុ​ទើបតែ​បាន​៨​ឆ្នាំ គឺ​នាង កា​ស្តូ​រិ ។  ប្រពៃណី​រៀបការ​នៃ ជនជាតិ​ហិណ្ឌូ​គឺ​របៀប​នេះឯង គឺ​ត្រូវ​រៀបការ​តាំងពីក្មេង ធ្វើឱ្យ​មហា​ត្មៈ​យល់ឃើញ​ពី​ផល​អាក្រក់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នៅក្នុង វ័យក្មេង​នេះ​ថា  ក្រៅពី​បានធ្វើឱ្យ​ការសិក្សា​មិន​រីកចម្រើន​ហើយ នៅបាន​បំផ្លាញ​សុខ ភាព​ទារក ដែល​កើតចេញ​មកទៀត ។​

    ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សូម្បី​លោក​បាន​រៀបការ​មែនពិត ប៉ុន្តែ​ការរៀនសូត្រ​របស់លោក​នៅតែ​បន្ត នៅពេល​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​រួច ភរិយា​របស់លោក​ក៏​បានកើត​បានកូន​ម្នាក់ និង​ក្រោយមក​បិតា​របស់លោក​ក៏​ស្លាប់ទៅ​ដែរ ។​
    បំណងប្រាថ្នា​ជាដំបូង​នៃ​ជីវិត​របស់លោក​មហា​ត្មៈ ស្រឡាញ់​នូវ​វិជ្ជាជីវៈ​ច្បាប់ និង​ចង់​ក្លាយខ្លួន​ទៅជា​មេធាវី ។ ញាតិសន្តាន​ម្នាក់​បាន​បញ្ជូន​លោក​ទៅ​សិក្សា​វិជ្ជា​ច្បាប់​នៅ​ប្រទេស អង់គ្លេស ។ មហា​ត្មៈ បានសម្រេច​ចិត្ត​ទៅ​រៀន​ច្បាប់​នៅ​អង់គ្លេស ពេល​លោក​អាយុ​បាន​១៧​ឆ្នាំ (​គ​.​ស​១៨៨៧)​ប៉ុន្តែ​ជីវិត​នៅ​អង់គ្លេស​សម័យ​នោះ គាត់​មិនសូវ​ជួប​ការលំបាក​ឡើយ ។​កាលនោះ​នៅ​អង់គ្លេស​មាន​ជនជាតិ​ឥណ្ឌា​តិច​នាក់​ទេ  ហើយ​សម័យ​នោះ​មានតែ​ត្រកូល​អភិជន អ្នកមាន​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​បញ្ជូន​កូនចៅ​ឱ្យទៅ​រៀន ហើយក៏​រមែង​ប្រកួតប្រជែង​គ្នា​បញ្ជូន​កូន​ទៅ​រៀន​ដែរ​។​

    មហា​ត្មៈ គ​ន្ធី ជា​មនុស្ស​ចូលចិត្ត​ការ​ស្ងៀម​សា្ង​ត់ អៀនខ្មាស និង​មិនសូវ​និយាយស្តី ។ កាល​នៅ​អង់គ្លេស លោក​សង្កេតឃើញថា ជនជាតិ​អង់គ្លេស​មាន​រូបរាង​មាឌធំៗ​រឹងមាំ ។ នៅពេលដែល​គិតដល់​ម្ហូបអាហារ​ដែល​ពួក​អង់គ្លេស​បរិភោគ​រាល់​ថៃ្ង ធ្វើឱ្យ​លោក​គិត​ឃើញថា ជនជាតិ​អង់គ្លេស​គេ​ចូលចិត្ត​ហូប​ប្រភេទ​សាច់ អ៊ីចឹង​ហើយ​ទើប​គេ​មាន​សុខ ភាពល្អ​រឹងមាំ ខុសពី​ជនជាតិ​ឥណ្ឌា ដែល​មិន​បរិភោគ​សាច់​ទាល់តែសោះ ។ តាម​លទ្ធិ​សាសនា​ដែល​មហា​ត្មៈ​បានទទួល​ការបង្ហាត់បង្រៀន តាំងពី​យូរ​មកហើយ គឺ​ហាម​បរិភោគ​សាច់សត្វ រួច​ឱ្យ​គោរព​សត្វ សូម្បី​នៅតាម​ទីក្រុង​ធំ​ក៏​នៅមាន​គោរព​សត្វ​ដែរ ។​
    មុនពេល​មហា​ត្មៈ ត្រឡប់​មកពី​សិក្សា​នៅ​ប្រទេស​អង់គ្លេស​វិញ ម្តាយ​បានឱ្យ​មហា​ត្មៈ​ស្បថ​ថា មិនត្រូវ​សេពគប់​នឹង​សុរា ស្រី មិនត្រូវ​បរិភោគ​សាច់សត្វ​ជាដាច់ខាត ប៉ុន្តែ​មហា​ត្មៈ​បាន​បំពាន​លើ​ពាក្យសម្បថ រួច​បែរមក​សាកល្បង​ហូប​សាច់សត្វ​ជា​លើកដំបូង  ហើយ​លោក​ក៏ត្រូវ​មិន​សប្បាយចិត្ត​នៅពេល​គេ​ស្អប់​រូបលោក ដូច្នេះ​ហើយក៏​ឈប់​ហូប​សាច់សត្វ​វិញ រួច​ក៏​មក​បរិភោគ​បន្លែ ផ្លែឈើ​ជាមួយ​បាយ តាម​ប្រពៃណី​ដូចដើម ។​

    ពេល​រៀន​ចប់​ច្បាប់​នៅ​អង់គ្លេស មហា​ត្មៈ បានធ្វើ​ដំណើរ​ត្រឡប់មក​ប្រទេស​ឥណ្ឌា​វិញ ក្នុងពេល​ធ្វើដំណើរ​ត្រឡប់​នោះ លោក​បានទទួល​ដំណឹង​ថា ម្តាយ​របស់លោក​ទទួល​អនិច្ចកម្ម មហា​ត្មៈ​មាន​ទុក្ខសោក​យ៉ាងខ្លាំង និង​រឹតតែ​ក្លាយខ្លួនជា​មនុស្ស​ស្ងៀម សា្ង​ត់​ជាង​មុន​ទៅទៀត ។​
    មហា​ត្មៈ បានចាប់ផ្តើម​ជីវិត​ជា​មេធាវី​ក្នុង​រយៈពេល​ដំបូង​នៅ​ក្រុង​មុម​បៃ និង​តម​ក​ក៏​ត្រឡប់​ទៅធ្វើ​ការជួយ​បងប្រុស​នៅឯ​ស្រុកកំណើត​វិញ ។ នៅ​ទីនោះ មហា​ត្មៈ​ត្រូវ​អ្នក ផង​វាយតម្លៃថា លោក​ជាម​នុស្ស​មិនសូវ​យកចិត្តទុកដាក់​លើ​ការងារ​ឡើយ ដែល​អាចជា​អ៊ីចឹង​មែន ព្រោះ​ជាធម្មតា​និស្ស័យ​របស់​មហា​ត្មៈ ជាម​នុស្ស ស្ងៀម​សា្ង​ត់​មិនសូវរ​វី រវល់​ក្នុង​រឿង​រស់នៅ ចូលចិត្ត​សាមញ្ញ​ងាយៗ​តាមតែ​មាន ។​

    ជីវិត​របស់គាត់​ចាប់ផ្តើម​មាន​តួនាទី​សំខាន់ ក្នុងសម័យ​ដែល​កាលនោះ​ជនជាតិ​ឥណ្ឌា ត្រូវ​ពួក​អាណានិគម​អង់គ្លេស​បញ្ជូនទៅ​ធ្វើ​ជាក​ម្មករ​នៅ​អាហ្វ្រិក ខាងត្បូង ។ ទន្ទឹមនឹងនោះ ពួក​ឈ្មួញ​ផ្សេងៗ​នៅ​ឥណ្ឌា ទាំង​ពួក​អ្នក​កាន់សាសនា​អ៊ិ​ស្លាម និង​ហិណ្ឌូ ក៏បាន​ទៅ​រស់នៅ​ទីនោះ​ដែរ ការប្រកាន់​ពូជសាសន៍​បានកើត​ឡើង​យ៉ាង​តឹងរ៉ឹង​ក្នុង​តំបន់​នោះ ជាពិសេស​ពួក​ទាហាន​ហុ​ល្លង់​បាន​ព្យាយាម​រាំង​ស្កាត់​មិនឱ្យ​ពួក​ឥណ្ឌា​ចូល ទៅក្នុង​តំបន់ បាំង​រី​ឡើយ ហើយ​ពួក​ហុ​ល្លង់​នេះ​ក៏​មិន​អនុញ្ញាតឱ្យ​ពួក​ឥណ្ឌា​ធ្វើ​ជំនួញ​ដែរ ។​
     ក្នុង​ឆ្នាំ​១៨៩៣ មហា​ត្មៈ បានធ្វើ​ដំណើរ​ទៅកាន់​អាហ្វ្រិក​ខាងត្បូង ក្នុងឋានៈ​ជា​មេធាវី​ប្រចាំ​ក្រុម ហ៊ុន​EAST INDIA កំពុងមាន​ក្តីក្តាំ​ជាមួយ​ពួក​សាធារណរដ្ឋ​អាហ្វ្រិក​ខាងត្បូង និង​ចាត់ទុកថា​ជា​រឿង​ដំបូង​ហើយ ដែល​មហា​ត្មៈ​បានទទួល​នូវ​អំពើ​អយុត្តិធម៌ ។ បន្ទាប់ពី​ចាញ់ក្តី​នោះ​រួច លោក​ក៏​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ គឺ​នៅក្នុង​ឆ្នាំ​១៨៩៦ លោក​ក៏បាន​ស្នើឡើង​រឿង​ដែល​ជនជាតិ​ឥណ្ឌា​ត្រូវ​ពួក​ហុ​ល្លង់​ជិះជាន់​ជូន រដ្ឋាភិបាល​ឥណ្ឌា ។​

    ខណៈ​ជាមួយគ្នានេះ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ដែលជា​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​អង់គ្លេស ក៏ កើតមាន​សេចក្តី​មិន​ពេញចិត្ត​ក្នុងករណី​មាន​កម្មករ​ឥណ្ឌា​ហូរ​ចូល​ប្រទេស ខ្លួន​កាន់តែច្រើន ។ ពួក​ស្បែក​សមាន​ការភ័យខ្លាច​ចំពោះ​តម្លៃ​ពលកម្ម​របស់ខ្លួន​ត្រូវ​ធ្លាក់ចុះ ព្រោះ​កម្លាំង​ពលកម្ម​ពួក​ឥណ្ឌា ដែល​គេ​ជួល​មក​មាន​តម្លៃថោក ម្ល៉ោះ ហើយ​ភាពមិន​ស្ងប់​បានកើត​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ទីបំផុត​ក៏​ក្លាយទៅជា​អំពើ​ចលាចល​។ ក្នុង​ឆ្នាំ​១៨៩៦​នេះឯង ដែល​មហា​ត្មៈ​ក៏ត្រូវ​ពួក​អន្ធពាល​តាម​ចងអាឃាត​ដែរ ប៉ុន្តែ​លោក​បានគេច​ខ្លួន​មុន ។​

    ទោះបីយ៉ាងណា​ក៏ដោយ សូម្បី​លោក​បាន​ឈ្លោះទាស់ទែង​នឹង​ពួក​ស្បែ​កស ដែល​តែងតែ​មើលឃើញ​ចំពោះ​ជាតិ​ខ្លួន​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​ស្មោះត្រង់​ភក្តី ចំពោះ​រដ្ឋាភិបាល​អង់គ្លេស ។ ក្នុង​ឆ្នាំ​១៨៩៩ អង់គ្លេស កើតសង្គ្រាម​ជាមួយ​ពួក​ទាហាន​ហុ​ល្លង់ ក្នុងការ​បែងចែក​ទឹកដី​គ្រប់គ្រង​នៅ​អាហ្វ្រិក​ខាងត្បូង ។​
​លោក​មហា ត្មៈ ក៏បាន​ប្រមូល​កម្លាំង​ជនជាតិ​ឥណ្ឌា​ចូលរួម​ជាមួយ​កងទ័ព​អង់គ្លេស សូម្បី​មិនបាន​ចេញទៅ​ច្បាំង ប៉ុន្តែ​លោក​បាន​បំពេញ​តួនាទី​ជា​អ្នក​បញ្ជូន​សម្ភារៈ​និង​បញ្ជូន​ទ័ព ត្រូវរបួស​ទៅ​មន្ទីរពេទ្យ លុះ​រហូត​អង់គ្លេស​បានឈ្នះ​សង្គ្រាម ។ មហា​ត្មៈ បានទទួល​មេដាយមាស​ពី​រាជការ​អង់គ្លេស មហា​ត្មៈ​ធ្វើបែបនេះ​ព្រោះ លោក​យល់ឃើញ​ដោយ​យុត្តិធម៌​ថា ខ្លួន​ជា​មនុស្ស​របស់​អង់គ្លេស ដូច្នេះ​ត្រូវ​ផ្តល់​ប្រយោជន៍​ឱ្យគេ​ទើប​គេ​ពេញចិត្ត ។​

    នៅពេល​ព្រឹត្តិការណ៍​បាន​ស្ងប់​ជា​ប្រក្រតី​ហើយ នៅក្នុង​គ​.​ស​១៩០១ មហា​ត្មៈ ក៏បាន​ធ្វើដំណើរ​មក​ឥណ្ឌា​វិញ លោក​មាន​ក្តី​ស​ង្ឈឹ​ម​ថា នៅពេលដែល​អង់គ្លេស​ឈ្នះ​ពួក​ហុ​ល្លង់​ហើយ ច្បាប់​ដែល​តឹងតែង​គាបសង្កត់ ទៅលើ​ជនជាតិ​ឥណ្ឌា​ប្រាកដជា​ត្រូវ​បន្ធូរ បន្ថយ​ខ្លះ ជនជាតិ​ឥណ្ឌា​នឹងមាន​សេរីភាព ប៉ុន្តែ​ហេតុការណ៍​នោះ​នៅតែ​រក្សា​ដូចដើម មហា​ត្មៈ ក៏បាន​ត្រឡប់​ទៅ​អាហ្វ្រិក​ខាងត្បូង​ម្តងទៀត ដើម្បី​ដំណើរការ​តាម​ផែន​ការតស៊ូ​របស់ខ្លួន​ឯង គាត់​បាន​បង្កើត​សមាគម​មួយ​ឈ្មោះថា British-India និង​បានចេញ​កាសែត​ខ្លួនឯង​មួយច្បាប់​មាន ឈ្មោះថា “​ទស្សនៈ​របស់​ជនជាតិ​ឥណ្ឌា​” ។​
    គេ​អាច​និយាយបានថា មហា​ត្មៈ មាន​ចេតនា​តស៊ូ​ដើម្បី​ជីវិត​កម្មករ​របស់​ឥណ្ឌា ជីវិត​របស់គាត់​គឺ​ការប្រើ​ពាក្យសម្តី​ដោយ​ខ្លួនឯង និង​តស៊ូ​ដោយ​ចុង​ប៉ាកកា​របស់គាត់​សរសេរ​ចុះ​ក្នុង​កាសែត ។ ក្នុង​រយៈពេល​នោះ សមាគម​របស់គាត់​មាន​សមាជិក​កាន់តែ​ច្រើនឡើង សមាគម​នេះ​គឺមាន​ទិសដៅ​ដើម្បី​ការពារ​សិទ្ធិ​ជនជាតិ ឥណ្ឌា ប៉ុន្តែ​តស៊ូ​ដោយ​សច្ចធម៌ មិន​ប្រើ​អាវុធ​ឡើយ និង​ចាប់តាំងពី​ឆ្នាំ​១៩១២​មក មហា​ត្មៈ បាន​បោះបង់​សម្លៀកបំពាក់​បែប​ពួក​អឺរ៉ុប​ចោល​អស់ រួច​ងាក​មក​ទទួលទាន​តែ​បន្លែ​និង​ផ្លែឈើ​តាម​ប្រពៃណី​របស់លោក ។​

 លោក ​យល់ឃើញថា ប្រទេស​ឥណ្ឌា​ក្លាយជា​ប្រទេស​ឯករាជ្យ​បាន លុះត្រាតែ​ជនជាតិ​ឥណ្ឌា រួបរួមគ្នា​ជាមុន ដោយ​មិនត្រូវ​បែងចែក​ប្រកាន់វណ្ណៈ មិន​ប្រកាន់​សាសនា ហេតុ នេះ​ទើប​មហា​ត្មៈ ព្យាយាម​ផ្សះផ្សារ​បង្រួបបង្រួម ឱ្យ​មានការ​ចងមេត្រីរ​វាង​ពួក​ហិណ្ឌូ និង​ពួក​អ៊ិ​ស្លាម ។ លោក​បាន​ចំណាយ​ពេលវេលា សិក្សា​ទស្សនវិជ្ជា អំពី​ជីវិត​ជា​រៀង រហូត និង​ព្យាយាម​លុបលាង​ប្រពៃណី​បែងចែក​វណ្ណៈ​របស់​ពួក​សាសនា​ហិណ្ឌូ ដែល​មើលងាយមើលថោក​វណ្ណៈ​តូច​ជាង ។​
    មហា​ត្មៈ និង​ពួក​ដែល​គេ​ហៅថា ជា​សិស្សានុសិស្ស​របស់គាត់ បាន​ព្យាយាម​តស៊ូ​ដើម្បី​ជ័យជម្នះ ក្នុង ការទាមទារ​សិទ្ធិ​របស់ខ្លួន​ជា​រហូត នៅពេល​ចំនួន​សិស្ស​នោះ​មាន​កាន់តែ​ច្រើនឡើង និង​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​អាហ្វ្រិក​ខាងត្បូង នៅតែ​មិន​ព្រមឱ្យ​សិទ្ធិ មហា​ត្មៈ​ក៏​ប្រើ​វិធី​លើកស្ទួយ​កម្លាំង​ទឹកចិត្ត​សិស្ស​ឱ្យ​ចេះ​រួបរួមគ្នា ប្រឆាំង ដោយ​មិន​ឱ្យប្រើ​កម្លាំង ពោលគឺ​មិន​ព្រមឱ្យ​ធ្វើតាម​ពាក្យ​បញ្ជា​របស់​រដ្ឋាភិបាល ។ អង់គ្លេស​ធ្លាប់បាន​ប្រើ​កម្លាំង​ទាហាន​ចូលមក​បង្ក្រាប ដោយ​អាវុធ​ជាច្រើនលើក​ច្រើនសារ និង​ធ្លាប់​ចាប់​ជនជាតិ​ឥណ្ឌា​ទៅ​ដាក់គុក​ជារឿយៗ រួមទាំង​ក្មេងស្រី​ក៏មាន ។​

    រូប​មហា​ត្មៈ ក៏​រមែង​ត្រូវ​ពួកគេ​តាម​ចាប់​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​ក៏​មិនអាច​យក ឈ្នះ​លើ​ពួកគេ​បាន រហូត​កើត​អំពើ​ចលាចល​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស​ឥណ្ឌា ព្រោះ​ជនជាតិ​ឥណ្ឌា​ភាគច្រើន​រីករាយ​នឹង​ប្រគល់​ខ្លួន​ឱ្យ​ពួកគេ​ចាប់ ជាជាង​ឱ្យ​ពួកគេ​ជិះជាន់ ។​
​មាន​គ្រាមួយ​នោះ​មហា​ត្មៈ និង​បក្ខពួក​របស់គាត់​បាន​ធ្វើការ​ប្រឆាំងនឹង​ច្បាប់​មួយ​ស្តីអំពី​អំបិល ។ មហា​ត្មៈ បាន​ដឹកនាំ​បក្ខពួក​ខ្លួន ធ្វើដំណើរ​ថ្មើរជើង​ទទេ​លើ​ចមា​យ​ផ្លូវ​១៦​គីឡូ ម៉ែត្រ ចាកចេញ​ពី​ទី​អាស្រម​ទៅ ទន្លេ​ស្បា​ម៉ា​ទី ពេលទៅដល់​នាំគ្នា​ចុះ​ដងទឹក​អំបិល ក្រោយ​ពីនេះ​មិនបាន​ប៉ុន្មាន​ថៃ្ង រាស្ត្រ​ទាំងពួង​នៃ​ប្រទេស​ឥណ្ឌា ក៏បាន​នាំគ្នា​ប្រឆាំងនឹង​ច្បាប់​របស់​អង់គ្លេស​ស្តីអំពី​រឿង​នោះ ។ រដ្ឋាភិបាល​បាន​ចាប់ខ្លួន​ពួក​នោះ​ដាក់គុក និង បុគ្គល​ដំបូង​ដែល​ត្រូវ​ចាប់ខ្លួន​ក្នុង​រឿងនេះ គឺ​បណ្ឌិត​នេ​រុ​ហ៍ ដែល​ខណៈនោះ​លោក​មាន​តំណែង​ជា​ប្រធានសភា​ឥណ្ឌា ក្រោយមក​មហា​ត្មៈ​មាន​វិធី​ម្យ៉ាងទៀត គឺ​លោក​ធ្វើ បាតុកម្ម​បង្អត់អាហារ​ខ្លួនឯង ហើយ​ដែល​រដ្ឋាភិបាល អង់គ្លេស​ចាត់ទុកជា​រឿង​សំខាន់ ព្រោះ​នឹង​ក្រែង​ថា​ប្រសិន​លោក​មហា​ត្មៈ​ស្លាប់ទៅ ជនជាតិ​ឥណ្ឌា​ប្រាកដជា​គ្មាន​នរណាម្នាក់ អត់ឱន​ទោស​ឱ្យដល់​រដ្ឋាភិបាល​អង់គ្លេស​ឡើយ ។     សកម្មភាព​របស់លោក​នេះ បានធ្វើឱ្យ​រដ្ឋាភិបាល​អ​ង់​គ្លេ​ស​យល់ព្រម​ដោះស្រាយ​រឿង​ផ្សេងៗ​ឱ្យបាន ធូរស្រាល ។​

​ទិសដៅ​ម្យ៉ាងទៀត​ដែល​មហា​ត្មៈ​ព្យាយាម​ធ្វើ គឺ​ការជំទាស់​មិនឱ្យ​កម្មករ​ឥណ្ឌា ចេញទៅ​ធ្វើការ​នៅ ក្រៅប្រទេស និង​ក្នុង​តំបន់​ដែល​ជនជាតិ​ឥណ្ឌា​ត្រូវ​ពួកគេ​ជិះជាន់ មហា ត្មៈ​ព្យាយាម​តស៊ូ និង​ចរចា ទាមទារ​នូវ​សមិទ្ធិ​មិនឱ្យ​មិត្ត​រួម​ជាតិ​របស់លោក​ត្រូវ​ធ្លាក់​ទៅជា ខ្ញុំ​បរិវារ​នៃ​ពួក​ស្បែ​កស ។​មហា​ត្មៈ​បាន​ប្រើ​វិធី “​ស្មឹង​ស្មា​ធ​” របស់គាត់​គឺ​បង្អត់អាហារ​ខ្លួនឯង​នោះ ជាការ​តស៊ូ​ដោយ​ផ្លូវចិត្ត​ដោយ​សុចរិត អ៊ីចឹង​ហើយ​ទើប​លោក​មាន​រហស្ស នាម​ថា “​មហា​ត្មៈ​” ដែល​ប្រែ​ថា​មនុស្ស​ដែលមាន​គុណធម៌​ខ្ពស់ ឬ​អ្នកតស៊ូ​ដើម្បី​ជនក្រីក្រ និង​ជន​ដែល​ត្រូវគេ​ជិះជាន់ ។​

 ក្នុង​ឆ្នាំ​១៩១៤ អង់គ្លេស​ធ្វើសង្គ្រាម​នឹង​ប្រទេស​អាល្លឺម៉ង់ មហា​ត្មៈ​ក៏​ប្រមូល​កម្លាំង​ទៅ​ជួយ ដូចដែល​ធ្លាប់ជួយ​អង់គ្លេស​កាលពី​ធ្លាប់បាន​ធ្វើសង្គ្រាម​ជាមួយ​ហុ​ល្លង់ ប៉ុន្តែ​ពេល នោះ​ទាហាន​ឥណ្ឌា ត្រូវបាន​ចូលរួម​សង្គ្រាម​ជាមួយ​ទាហាន​អង់គ្លេស ហើយ​មហា​ត្មៈ​ទទួលបាន​មេដាយ​ពានរង្វាន់​ពី​អង់គ្លេស ។ សង្គ្រាម​បាន​ចប់​សេដ្ឋកិច្ច​ប្រទេស​ឥណ្ឌា​ធ្លាក់ចុះ​យ៉ាង​ដុនដាប អ្នកក្រីក្រ​មាន​សន្ធឹកសន្ធាប់ ជនជាតិ​ឥ​ណ្ឌ​ដែល​ធ្លាប់ធ្វើ​ទាហាន ត្រូវ​រំសាយ​ក្លាយជា​ជន​អត់​ការងារ​ធ្វើ នៅ​ប្រទេស​ឥណ្ឌា​កើតការ​ច្របូកច្របល់ និង​កើត​ភាពចលាចល​ស្ទើរ​គ្រប់កន្លែង ។ អង់គ្លេស​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ក៏​ចេញ​ច្បាប់​បង្ក្រាប​ដែល​បង្កើតជា​អំពើ​ទារុណកម្ម និង អយុត្តិធម៌ មហា​ត្មះ​ក៏បាន​ប្រើ​វិធី​តស៊ូ​តាម​ផែនការ​របស់លោក​ទៀត ។​ពេលនេះ​គាត់​បាន​ប្រមែប្រមូល​ជនជាតិ ឥណ្ឌា ដែល​ធ្វើ ការ​ក្នុង​រដ្ឋា​ភ​បាល​អង់គ្លេស ឱ្យ​សុំលាលែង​ចេញពី​ការងារ​ទាំងអស់​... មហា​ត្មៈ ក៏បាន​បញ្ជូន មេដាយ​រង្វាន់​ជូន​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អង់គ្លេស​វិញ ។​

    ក្នុងខណៈ​ពេលនោះ​ជន​សំខាន់ៗ​នៅ​ឥណ្ឌា​បាន​បង្កើត​សភាជាតិ​ឥណ្ឌា​ឡើង សភា​នេះ​មានកំណើត​តាំង ពី​ឆ្នាំ​១៨៨៥ ប៉ុន្តែ​ទើបតែ​មាន​តួនាទី​នាពេលនេះ ហើយ​រូប មហា​ត្មះ​ផ្ទាល់​ក៏បាន​ចូលរួម​ជា​សមាជិកសភា​នេះ ។ នៅពេលដែល​លោក Lordeson នៃ​រដ្ឋា ភិ​បាល​អង់គ្លេស បានដាក់​នយោបាយ​បែងចែក​មណ្ឌល​ក្នុងប្រទេស​ឥណ្ឌា​ក្នុង ឆ្នាំ​១៩១៥ សភា​នេះ​ធ្វើការ​ជំទាស់​យ៉ាងខ្លាំង និង​ចាប់តាំងពី​ពេល​នោះមក សភា​នេះ​មានគំនិត​ទាមទារ​ឯករាជ្យ សមាជិក​គ្រប់រូប​ប្រាថ្នា​ចង់ឃើញ​ឥណ្ឌា​បាន​រួច​ផុតពី​អាណានិគម​បរទេស ។ មហា​ត្មៈ​បានទទួល​ជ្រើសតាំង​ធ្វើជា​ប្រធានសភា ប៉ុន្តែ​ផែនការ​ធ្វើការ​របស់​ម​ហា​ត្មៈនៅ​ពេលនោះ មិន​ឆ្លើយតប​នឹង​បំណង​សមាជិក​សំខាន់ៗ​ឡើយ ដូច​បណ្ឌិត​នេ​រុ​ហ៍ និង​លោក​តាស (R.C Tas )​ប៉ុន្តែ​គេ​នៅតែ​គោរព​នូវ​គុណធម៌​របស់​មហា​ត្មៈ​នៅឡើយ ព្រោះ​ជនជាតិ​ឥណ្ឌា អ្នកខ្លះ​ប្រាថ្នា​ចង់ឱ្យមាន​ការតស៊ូ​ខាង​អាវុធ ប៉ុន្តែ មហា​ត្មៈ​ចង់ឱ្យ​ប្រើ​វិធី​ស្ងៀម​សា្ង​ត់ ដែល​លោក​យល់ថា ប្រសិនបើ​ប្រើ​អាវុធ​ប្រាកដជា​មិន​ឈ្នះ​ពួក​អង់គ្លេស​ឡើយ ព្រោះ​អង់គ្លេស​មាន​អាវុធ​ល្អៗ​ហើយ​ឥណ្ឌា​គ្មាន​អាវុធ​ល្អ​ទេ ។​

    នៅក្នុង​ឆ្នាំ​១៩២១ ឥណ្ឌា​បានកើត​ភាពចលាចល​មួយ​ដ៏​ធំ ព្រោះ​អត់ធ្មត់រ​មា្ង​ប់​ចិត្ត​មិនបាន ។ រដ្ឋាភិបាល​អង់គ្លេស​បាន​ធ្វើការ​បង្ក្រាប​យ៉ាង​ឃោរឃៅ បណ្តាលឱ្យ​ជនជាតិ​ឥណ្ឌា​ស្លាប់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មហា​ត្មៈ​ត្រូវ​ចាប់ខ្លួន និង​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ គុក​ចំនួន​៦​ឆ្នាំ ។ ពេល​ជាប់​បានតែ​២​ឆ្នាំ មហា​ត្មៈ​ក៏មាន​ជំងឺ ពោះវៀន​ខ្នែង​និង​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ រហូត​បានជា​សះស្បើយ បន្ទាប់មក​រដ្ឋាភិបាល​អង់គ្លេស ក៏បាន​លែងខ្លួន​លោក​ឱ្យមាន​សេរីភាព ។​

    ទោះបីយ៉ាងណា​ក៏ដោយ មហា​ត្មៈ​ក៏​នៅតែ​បន្ត​ការតស៊ូ​ទៅទៀត តាម​សន្តិវិធី​របស់ លោក​, លោក​បាន​ព្យាយាម​បង្រៀន​ឱ្យ​ជនជាតិ​ឥណ្ឌា ឱ្យ​ចេះ​សង្កត់ចិត្ត សង្កត់​អារម្មណ៍​ខ្លួនឯង​មិនឱ្យ​សម្តែង​ចេញ​នូវ​អំពើ​ឃោរឃៅ​ចេញមក​ខាងក្រៅ លោក​បង្រៀន​ឱ្យ​ចេះ​ប្រើ​វិធី​ចចេស​ដោយ​ស្ងៀម​សា្ង​ត់ ទោះជា​ត្រូវគេ​ចាប់យក​ទៅធ្វើ​ទារុណ កម្ម​ក៏ដោយ ត្រូវ​ចេះ​ធ្វើឱ្យ​រីករាយ​ឡើង ប៉ុន្តែ​ក្នុងខណៈ​ជាមួយគ្នានេះ ក៏​មិនត្រូវ​ឱន ក្បាល​គោរព​ធ្វើតាម​ពាក្យ​បង្គាប់បញ្ជា​ឱ្យ​ពួក​រដ្ឋាភិបាល​អង់គ្លេស​ដែរ ។ ក្រៅពីនេះ មហា​ត្មៈ​បាន​ខំ​លើកទឹកចិត្ត​ប្រជាជន​ឥណ្ឌា ត្រូវអនុវត្ត​ឱ្យបាន​នូវ​សេចក្តីសម្រេច​ផ្សេងៗ​មានដូចជា​៖ លើកទឹកចិត្ត​ប្រជាជន​ឥណ្ឌា​ឱ្យ​ឈប់​ប្រើ​របស់របរ​អង់គ្លេស និង​ឱ្យ​គ្រប់គ្នា​ត្រូវ​ចេះ​ត្បាញសំពត់​ស្លៀក​ដោយ​ខ្លួនឯង មិនឱ្យ​ទិញ​របស់​បរទេស​ប្រើ ផ្ទះ​ណា​ដែល​មិនអាច​ចេះ​ធ្វើ​អ្វី មហា​ត្មៈ​អាច​បង្រៀន​រហូត​អាចធ្វើ​បាន ។​

​ក្រៅពីនោះ មហា​ត្មៈ​នៅបាន​បង្រៀន​ប្រជាជន​ឥណ្ឌា​គ្រប់រូប​ត្រូវ​តាំង​សតិបញ្ញា​នឹងនរ មិន​ស្អប់ខ្ពើម​វណ្ណៈ​តូចតាច និង​ឈប់​ឱ្យប្រើ​ច្បាប់​គាបសង្កត់​គ្នា​ដូចដែល​ធ្លាប់បាន​ហាម​ពួក​វណ្ណៈ តូចតាច មិនឱ្យ​ចូល​វិហារ​របស់​វណ្ណៈ​ខ្ពស់​ជាដើម ។​
    ក្នុង​ឆ្នាំ​១៩២៤ មហា​ត្មះ​ក៏បាន​ជ្រើសតាំង​ធ្វើជា​ប្រធាន​សភាជាតិ​ឥណ្ឌា សមាជិក​គ្រប់រូប​ត្រូវ​ពាក់មួក​ស​ធ្វើ​ត្បាញ​ដោយ​ខ្លួនឯង មួក​ស​នេះ​ជា​និមិត្តរូប​ដែល មហា​ត្មៈ​ត្រូវបាន ពាក់​ក្នុងពេល​គេ​ឃុំ​រូបលោក​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ។ ត​មក​នៅក្នុង​ឆ្នាំ​១៩៣០ រដ្ឋាភិបាល​អង់គ្លេស​បាន​ពិចារណា​ឃើញថា គួរតែ​ឱ្យ ឥណ្ឌា​មាន​សិទ្ធិ​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ប៉ុន្តែ​ក្នុងឋានៈ​ជា​ប្រទេស​ដែល​ក្បាលម៉ាស៊ីន​ដឹកនាំ​ក្រោម​ចក្រ ភព​អង់គ្លេស ដូច​នៅ​ប្រទេស អូស្ត្រាលី​, ណូ​វែ​ល​ហ្សេ​ឡង់​, កាណាដា និង​អាហ្វ្រិក ។ ដូច្នេះ​រដ្ឋសភា​អង់ គ្លេ​សបាន​បង្កើត​គណៈកម្មាធិកា​រ​មួយ​ឡើង ដើម្បី​ប្រជុំ​ពិចារណា​បញ្ហា​នៅ​ប្រទេស​ឥណ្ឌា ។ ប៉ុន្តែ​ដោយ​គណៈ ក​ម្មា​ធិ​ការ​នេះ​មាន​សមាជិក​សុទ្ធតែជា​ពួក​អង់គ្លេស​ទាំងអស់ ដូច្នេះ​ការងារ​ទាំងឡាយ​មិនអាច​ឆ្លើយតបបាន នឹង​បំណង​របស់​ជន​សំខាន់ៗ​របស់​ឥណ្ឌា​ឡើយ ហេតុនេះហើយ​ក្នុងសម័យ​ប្រជុំ​លើកទីមួយ  មិនមាន​សមាជិក​ឥណ្ឌា​ចូលរួម​ប្រជុំ​ឡើយ ទន្ទឹមនឹងនោះ​សមាជិក​ឥណ្ឌា​មួយចំនួន​កំពុង​ត្រូវ​ជាប់​ឃុំឃាំង ។​

     ឡត អេ​វិ​ន អភិបាល​គ្រប់គ្រង​ប្រទេស​ឥណ្ឌា​សម័យ​នោះ បាន​អញ្ជើញ​ឱ្យ​មហា​ត្មៈ​ទៅ​ចូលរួម​ប្រជុំ​, លោក​អេ​វិ​ន​នេះ គោរព​លោក​មហា​ត្មៈណាស់ បាន​ចរចា​ឱ្យ​លែងខ្លួន​បុគ្គល​សំខាន់ៗ​របស់​សភា​ឥណ្ឌា ហេតុនេះ មហា​ត្មៈ​ក៏បាន​ធ្វើដំណើរ​ទៅ​ជួប​ឡត អេ​វិ​ន ដើម្បី​ធ្វើការ​ព្រមព្រៀងគ្នា​ដោយ​សន្តិភាព ។​
​មហា​ត្មៈ គ​ន្ធី បានទាមទារ​ឱ្យ​រដ្ឋាភិបាល​អង់គ្លេស​ឱ្យ​ឈប់​ប្រើ​អំណាច​ឃោរឃៅ​បង្ក្រាប បាតុករ​។ ក្នុង​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋាភិបាល​អង់គ្លេស​នៅ​ទីក្រុង​ឡុង​ដ៍ ក្នុង​គ្រានោះ បានធ្វើឱ្យ​ប្រជាជន​អង់គ្លេស​មានការ​ពេញចិត្ត​យ៉ាងខ្លាំង ពោលគឺ​មហា​ត្មៈ​បាន​ទៅសួរសុខទុក្ខ​ដល់​និវាសនដ្ឋាន​របស់​ក្រុម​ប្រជាជន ក្រីក្រ​ជនជាតិ​អង់គ្លេស នៅពេល​ទំនេរ​លោក​បាន​សម្តែង​ឱ្យនូវ​គំនិត និង​សេចក្តីត្រូវការ​របស់​ជ​ន​ជាតិ​ឥណ្ឌា ឱ្យ​ជនជាតិ​អង់គ្លេស​បាន​យល់ដឹង ។ លោក​បាន​ទៅ​ទស្សនា​មហាវិទ្យាល័យ​នានា ដែលមាន​ទាំង​ប្រជាជន​ឥណ្ឌា និង​អង់គ្លេស​កំពុង​រៀនសូត្រ ។ មហា​ត្មៈ បាន​ព្យាយាម​ពន្យល់​ជនជាតិ​អង់គ្លេស​ឱ្យបាន​យល់ច្បាស់​អំពី សេចក្តីត្រូវការ​របស់​ប្រជាជន​ឥណ្ឌា ។​

    ការប្រជុំ​បញ្ហា​រឿង​ឥណ្ឌា​ក្នុង​លើកទីមួយ​នេះ​មិន​បានទទួល​នូវ ការព្រមព្រៀង​គ្នា​ឡើយ ព្រោះ​ដោយសារ​សមាជិក​គណៈកម្មាធិកា​រ​នោះ មាន​ពួក​អង់គ្លេស​ស្ទើរតែ​ទាំង អស់ មិនមាន​សំឡេង​ប្រជាជន​ឥណ្ឌា​ណា​ម្នាក់​ឡើយ ។ ពេល​ចប់​ប្រជុំ មហា​ត្មៈ​ក៏បាន​ធ្វើដំណើរ​ត្រឡប់មកវិញ លោក​មានឱកាស​បាន​ចូល​សម្រាក​នៅ ក្រុងប៉ារីស ទីនោះ​លោក​បាន​ជួប​ជាមួយ រូ​ម៉​ង់ រូ​ឡង់ ដែល​តម​កលោក​រូបនេះ​បាន​ក្លាយជា​មនុស្ស​ដំបូង បង្អស់ ដែល​បាន​សរសេរ​ជីវប្រវត្តិ​របស់​មហា​ត្មៈ ។​
    ការតស៊ូ​ដើម្បី​ឯករាជ្យ​ប្រទេស​ឥណ្ឌា ដែល​មហា​ត្មៈ​បាន​ដឹកនាំ​នោះ មើលទៅ​ហាក់ ដូចជា​បុគ្គល​រូបនេះ ត្រូវ​ស្វិតស្វាញ​យ៉ាងខ្លាំង លោក​ត្រូវ​ជាប់គុក​ស្ទើរ​រាប់​ភ្លេច ។ មិន​ថា​ជាការ​តស៊ូ​ដោយ​បង្អត់អាហារ ឬ​ដោយ​វិធី​ចចេស​ក៏ដោយ អង់គ្លេស​ក៏​នៅ​មិនអាច​ដោះ ស្រាយ​ចាត់ការ​ឱ្យបាន​ទៅតាម​បំណងប្រាថ្នា​របស់​ប្រជាជន​ឥណ្ឌា ឡើយ អង់គ្លេស​នៅតែ​រក្សាទុក​នូវ​ឥរិយាបថ មិន​ប្រគល់ឱ្យ​ឥណ្ឌា​បាន​ឯករាជ្យ​ដោយ​ងាយៗ​ឡើយ និង​សូម្បីតែ​ថា អង់គ្លេស​មានការ​បន្ធូរបន្ថយ​ឱ្យមាន​ចាត់​តាំងនូវ​សហព័ន្ធ​រដ្ឋ​ឡើង ដោយមាន​ក្បាលម៉ាស៊ីន​គ្រប់គ្រង​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា​មែនពិត តែ​អង់គ្លេស​នៅតែ​ប្រើ​វិធី​គ្រប់គ្រង​សេដ្ឋកិច្ច​និង​យោធា​ដូចដើម ។​

     រហូតដល់​សង្គ្រាមលោក​លើក​ទី​២​កើតឡើង​នៅក្នុង​ឆ្នាំ​១៩៣៩ ពេលនោះ មហា​ត្មៈ​និង​ប្រជាជន​ឥណ្ឌា​ភាគច្រើន មិនបាន​ចូលរួម​ជួយ​អង់គ្លេស​ដូចដើម​ឡើយ អង់គ្លេស​ចាប់ផ្តើម​នឹកគិត​ជាថ្មី​ថា ការដែល​គ្រប់គ្រង ទៅលើ​ប្រទេស​ឥណ្ឌា​មានការ​ពិបាក​ណាស់ អ៊ីចឹង​ហើយ​ទើប​នៅ​ឆ្នាំ​១៩៤៧ រដ្ឋាភិបាល​ប្រទេស​អង់គ្លេស បាន​យល់​ព្រមឱ្យ​ចែក​ប្រទេស​ឥណ្ឌា​ជា​ពីរ​ប្រទេស​ឯករាជ្យ គឺ​ប្រទេស​ឥណ្ឌា​របស់​ពួក​សាសនា​ហិណ្ឌូ និង​ប្រទេស​ប៉ា​គី​ស្ថាន​របស់​ជនជាតិ​អ៊ិ​ស្លាម ។ ប្រទេស​ទាំងពីរ​ក៏បាន​ប្រកាស​ឯករាជ្យ​រៀងៗ​ខ្លួន​ក្នុង​ថៃ្ង​ជាមួយគ្នា គឺ​ថៃ្ង​ទី ១៥​ខែសីហា​ឆ្នាំ​១៩៤៧ ។ ប៉ុន្តែ​ជាការ​គួរឱ្យ​សោក ស្តាយ ក្រោយមក​ប្រទេស​ឥណ្ឌា​ដែល​ត្រូវ​បែងចែក​ពីគ្នា ពួកគេ​បាន​ឈ្លោះទាស់ទែង​គ្នា​នៅ​ខែធ្នូ​ឆ្នាំ​១៩៧១ ពោលគឺ​ការវិវាទ​គ្នា​មិន​ឈប់​រវាង​ពួក​ហិណ្ឌូ និង​ពួក​អ៊ិ​ស្លាម ។​
​មហា ត្មៈ មានជីវិត​បានរស់នៅ​ឃើញ​ឯករាជ្យ​នៃ​ប្រទេស​ឥណ្ឌា​បានត្រឹមតែ​៥​ខែ​ជាង ប៉ុណ្ណោះ ព្រោះ​ក្រោយមក​រូបលោក​ត្រូវបាន​គេ​លួច​សម្លាប់​ក្នុង​ថៃ្ង​ទី​៣០​ខែមករា ឆ្នាំ​១៩៤៨ ក្នុងខណៈពេល ដែល​លោក​កំពុង​ប្រជុំ​សូត្រធម៌ លោក​ក៏បាន​ស្លាប់​ភ្លាម​ក្នុងពេលនោះ ។​
   លោក មហា​ត្មៈ គ​ន្ធី កើត​មកជា​មេដឹកនាំ​ប្រទេស​នៃ​ប្រទេស​ឥណ្ឌា ជា​រដ្ឋបុរស​ដ៏​ឆ្នើម​ម្នាក់​នៃ​ជនជាតិ​អាស៊ី ជា​រៀមច្បង​នៃ​ជនជាតិ​អាស៊ី​ប្រកបដោយ​លក្ខណៈសម្បត្តិ​នៃ​សេចក្តី​ទន់ភ្លន់ ព្យាយាម អត់ធ្មត់ ក្លាហាន និង​មេត្តាធម៌​ដ៏​គួរឱ្យ​សរសើរ​យ៉ាងខ្លាំង​៕

http://library.cen.com.kh

No comments

Powered by Blogger.