Header Ads


 

ល្បែង​បិទពួន​


ល្បែង​បិទពួន ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមារា កុមារី​ជំទង់ៗ​តែង​លេង​កំសាន្ត សប្បាយៗ​នៅ​ពេល​រាត្រី​ខែ​ភ្លឺ ។ ល្បែង​នេះ​គេ​លេង​គ្មាន​កំណត់ ខែ​ណា រដូវ​ណា​ទេ នៅ​ខែ​ណា រដូវ​ណា​ក៏​បានឲ្យតែ​មាន​ពេល​លំហែរ ហើយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ឡើយ ។ វិធានការ​នៃ​ល្បែង​នេះ គឺ​ពួក​ម្ខាង​អ្នក​ពួន ពួក​ម្ខាង​ទៀត​អ្នក​ដើររក​, ការ​រក​ឃើញ​គេ​ដេញ​ចាប់​ពួក​អ្នក​ពួក​ ដើម្បី​ញៀច (​មូល​ស្លឹកត្រចៀក​) ។​
​    ​សកម្មភាព​របស់​អ្នកលេង ដូច​រូបភាព​នេះ​ ៖

​     ​របៀប​លេង​ : ​មុន​ដំបូង​គេ​បបួល​កុមារា កុមារី ដែល​មាន​អាយុ​ស្រ​បាលៗ​គ្នា ឲ្យបាន​ច្រើន​ប្រមាណ ៥ ឬ ១០ នាក់​ឡើងទៅ ស្រេច​តែ​មាន​គ្នា​តិច​ ឬ​ច្រើនចែកជា ២ ផ្នែក​ស្មើគ្នា ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​លាយ​ចម្រុះ​គ្នា​ទាំងស្រី​ទាំងប្រុស ឬ​ក៏​សុទ្ធតែ​ប្រុស សុទ្ធតែ​ស្រី​ក៏បាន ។ គេ​កំណត់​កន្លែង​ណាមួយ ដែល​មាន​ភាព​ដី​ស្រឡះ ឲ្យឈ្មោះ​ថា ‹​ទី​› ហើយ​គេ​ឲ្យ​ពួក​ម្ខាង​ទៅ​ពួន នៅ​ទី​ដទៃ គឺ​ត្រូវ​ពួន​របៀប​ណា កុំ​ឲ្យ​ពួក​ម្ខាង​ទៀត​រកឃើញ​បាន​ដោយ​ងាយ ពួក​ម្ខាង​ទៀត​ឈរ​ធ្មិចភ្នែក​ ឬ​បិត​ភ្នែក​នៅ​ក្នុង​ទី ។ ត្រណម​របស់​ពួក​នេះ​នៅត្រង់​ធ្មិចភ្នែក គឺ​គេ​សន្យា​គ្នា​ថា អ្នក​ណា​លួច​មើល​ពួក​គេ​អ្នក​ពួនឲ្យដឹងថា គេ​ពួន​ត្រង់នេះ ត្រង់​នោះ និង​ត្រូវ​ស្អុយ​ភ្នែក ។ ចំនួន ២-៣ នាទី ទើប​ពួក​អ្នក​នៅ​ក្នុង​ទី បើកភ្នែក​ឡើង​ស្រែកថា ‹​បើកគ្រប​បាយ កំ​កាយរក អ្នក​ណា​មិន​មក អញ​រក​ឃើញ​› ហើយ​ក៏​ចាប់​ម្នាក់​រើស​រក​អ្នក​ណា​មាន​មាឌ​មាំ​បន្តិច ក្នុង​បណ្ដា​ពួក​អ្នក​នៅចាំ​ទីនោះ ឲ្យនៅ​ចាំទី​ការពារ កុំ​ឲ្យ​ពួក​អ្នក​ទៅ​ពួន​រត់​មក​ចូល​ទី​បាន សល់​ប៉ុន្មាន ឲ្យ​ដើររក​គ្រប់​ទីកន្លែង​ដែល​កំបាំងៗ ។ បើ​អ្នកណា​មួយ ឃើញ​អ្នក​ពួន​ណា​ម្នាក់​ក៏​នាំគ្នា​ដេញ​ចាប់​ញៀច បើ​ដេញ​ញៀច​បាន ឈ្មោះថា ស្អុយ បើ​មិន​បាន អ្នក​ពួន​នោះ​រត់​ចូល​ទី​បាន ឈ្មោះថា បាន​រួចខ្លួន មិន​ត្រូវ​ដេញ​ញៀច​គេ​ទៀត​ទេ​, ប៉ុន្តែ​អ្នក​ពួន​នោះ បើ​ចូល​ទី ហើយ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ថា ‹​ចូល​ទី​› បើ​មិន​ស្រែក​ទេ​គេ​មាន​អំណាច​ញៀច​បាន​ទៀត ។ លុះ​អ្នកដើរ រក​ឃើញ​ពួក​អ្នក​ពួន​អស់ហើយ ឬ​បើ​មិនទាន់​ឃើញ​អស់គេ​ខំ​ដើរ​រក​ឲ្យ​ទាល់តែ​ឃើញ ទោះបី​ញៀច​បាន​ក៏ដោយ មិន​បាន​ក៏​ដោយ មកជួបជុំ​ហើយ គេ​ក៏​និយាយ​ប្រាប់​អ្នក​ទាំង​គ្នា (​ទាំង​ពីរ​ផ្នែក​) ថា ពួកគេ​ញៀច​បាន​ប៉ុណ្ណេះ​អ្នក ប៉ុណ្ណោះ​អ្នក តាមតែ​គេ​ញៀច​បាន រួច​ហើយ​ពួក​អ្នក​នៅ​ចាំទី​មុន​នោះ ទៅ​ពួន​វិញ ,​ឯ​ពួក​អ្នក​ពួន​មុន​ត្រូវ​នៅ​ក្នុង​ទី ហើយ​ដើររក​គេ​ផ្លាស់ប្ដូរ​គ្នា​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់​លេង ។​
​    ​ក្នុង​ការផា្លស់ប្ដូរ​នេះ គឺ​ទៅ​ពួន​ម្ដង​មួយផ្នែក រួច​ហើយ​បើ​ពួក​ខាង​ម្ខាង​ញៀច​គេ​បាន ៣-៤ នាក់ ដល់​ពួក​ម្ខាង​ទៀត​ញៀច​គេ​វិញ​បាន​តែ ២-៣ នាក់​ពួក​នោះ​ឈ្មោះ​ថា ចាញ់​គេ ។​
​     ​តាមរបៀប​អ្នកស្រុក​ខ្លះ គេ​លេង​ប្លែក​ពី​នេះ​បន្តិច គឺ​គេ​ប្រមូល​អ្នក​ស្ម័គ្រ​លេង​ទាំង​ប៉ុន្មាន​ម​ក​ឈរ​ដំ​កង់ ហើយ​មា្ន​ក់​ផ្ដើម​សូត្រ​ថា ‹​ត្រៃ​ត្រក ត្រៃ​ត្រេន​› ឬថា ‹​កាច់​ស្លឹក​ឫស្សី សំដី​ល្ង ខែ​ចែ​ត្រ​ពេញ​បូណ៌ លោក​ឲ្យ​លេង​ពួន លេង​ខែ​ណា លេង​ខែ​ដូង​ព្រះ កាច់​សន្ទះ​មហា​ទង់ដែង អញ្ចែង​អញ្ចាប់ អញ្ចែង​ចង្វាក់ អ​អឺត​អន្ទង អំ​ពង​អំ​ពួន ប្រពន្ធ​ចៅហ្វាយ​› ។ ក្នុង​ការសូត្រ​ពាក្យ​ទាំងនេះ គេ​ចង្អុល​បណ្ដើរ​ទៅ​ចំ​ខ្លួន​មនុស្ស​មា្ន​ក់ៗ គឺ​មួយ​មាត់​ចង្អុល​ម្នាក់ៗ បើ​អស់​ចំ​ទៅលើ​រូប​អ្នកណា អ្នកនោះ​ត្រូវ​រត់​ទៅ​រក​កន្លែង​ពួន រួច​ធ្វើ​ដូច​មុន​ទៀត​រហូត​ដល់​សល់​តែ​ម្នាក់​ក្រោយ​គេ​ទុក​ជា​អ្នក​នៅ​ ចាំទី ។ កាលណា​អ្នក​ទៅ​ពួន​ស្រែកថា ‹​រួច​› អ្នក​ចាំ​ទៀ​ដើរ​តាមរក​ញៀច បើ​ញៀច​បាន​នរណា​មួយ ត្រូវ​ប្ដូរ​អ្នក​នោះ​មក​ចាំទី​ម្ដង ឯ​ចាំទី​មុន ត្រឡប់​ទៅ​ពួន​វិញ តែ​ញៀច​ម្ដង បាន​តែ​មួយ​នាក់​ទេ ទោះ​ជា​គេ​ពួន​នៅ​ជិត​គ្នា​ក៏​ដោយ ហើយ​បើ​ខុស​ពី​ត្រណម​នេះ គេ​ទុក​ជា​ស្អុយ គេ​រៀបចំ​លេង​សារជាថ្មី​ម្ដងទៀត ធ្វើ​តែ​យ៉ាង​នេះ​បន្តៗ​ទៅ ។ ប្រសិនជា យូរ​ពេល​ហើយ​នរណា​មួយ​គេ​ខ្សិល​ពួន អាច​រត់គេច​ពី​ភ្នែក​អ្នកចាំទី មក​អង្គុយ​ត្រង់​ទី​ក៏បាន ចាំ​គេ​ញៀច​បាន​នរណា​ថ្មី​ទៀត​សឹមរ​ត់ទៅ​ពួន​ម្ដងទៀត​កាលណា អ្នកណាម្នាក់ ចង់​ឈប់​លេង​ត្រូវ​ស្រែក​គ្នា​រហូត​ថា ‹​បើក​បាយ​ក្រហាយ​ទឹក អ្នក​ណា​មិន​ឈប់​លេង​› បើ​គេ​ស្រែក​ដូច្នេះ​រួច អ្នកចាំទី​គ្មាន​សិទ្ធ​ញៀច​គេ​ទៀត​ទេ ។​
​    ​ល្បែង​នេះ​ជា​ល្បែង​អាច​ចាត់​ចូល​ក្នុង​ពួក​កីឡា​ហាត់ប្រាណ​បាន ត្រង់​ការ​រត់​ការ​ស្ទុះ ការ​លោត ការដេញ ៕​

http://www.cen.com.kh/

No comments

Powered by Blogger.