Header Ads


 

រឿងទំពែកបួននាក់


កាលមួយនោះ មានបុរសម្នាក់រកស៊ីចិញ្ចឹមជីវិតដោយយកស្លឹកត្នោតមកចាក់ស្នុកលក់។ ថ្ងៃមួយបុរសនោះឡើងទៅលើចុងត្នោតដើម្បីចាក់ស្មុក។ ក្នុងពេលដែល​វាអង្គុយ​នៅទីនោះ វាចាក់ស្មុកបណ្ដើរហួចបណ្ដើរយ៉ាងរីករាយ វាគិតថា «អញត្រូវតែមានអ្នកបំរើម្នាក់សំរាប់ធ្វើការអោយអញ! ដូចនេះ កាលណាអញចាក់រួចអញនឹងលក់ស្មុកនេះបានលុយច្រើន។ បន្ទាប់មកទៀត អញចាក់ស្មុកអោយកាន់តែបានច្រើនឡើងៗ លុះត្រាតែបានលុយច្រើនសំរាប់លោះខ្ញុំម្នាក់មកបំរើអញ!។
កំពុងតែសប្បាយនិងគំនិតដែលបានខ្ញុំបំរើមកធ្វើការអោយ វាក៏ពោលថា «បើអាខ្ញុំបំរើនេះវាមិនខំធ្វើការទេ អញនឹងធាក់វាចេញយ៉ាងនេះ យ៉ាងនេះនែ!» ដោយភ្លេចគិតថា ខ្លួនវានៅកន្លែងណា វាក៏លើកជើងម្ខាងធាក់យ៉ាងខ្លាំងទាល់តែភ្លាត់ស្នៀតធ្លាក់ពីលើចុងត្នោត។ សំណាងល្អ វាចេះស្រវាចាប់បានធាងត្នោតទាន់ ហើយក៏តោងនៅតែកតោកៗស្រែកថា«ជួយផងៗ !» នៅពេលនោះ​ម៉ដំរីម្នាក់ជិះដំរីមកដល់ ដោយលឺសំរែកសុំអោយជួយពីខាងលើ វាក៏ងើបមើលឃើញចៅចាក់ស្មុកកំពុងតោងធាងត្នោត ។ ចៅចាក់ស្មុកស្រែកអង្វរ «ជួយដាក់ខ្ញុំចុះ!ខ្ញុំសុខចិត្ដបំរើអ្នកអស់មួយជីវិត» ភ្លាមនោះម៉ដំរីសំដៅទៅដើមត្នោត ក្រោកឈរលើខ្នងដំរីឈោងចាប់ជើងចៅចាក់ស្មុក ។ ដោយទំងន់ជើងគាត់ឈរសង្កត់ទៅលើខ្នងដំរី ដំរីក៏នឹកថា ម្ចាស់វាអោយសញ្ញាថា ទៅមុខ ដំរីក៏ដើរចេញទៅ ទុកចៅចាក់ស្មុកអោយនៅតោងធាងត្នោតនិង ម៉ដំរីតោងជើងចៅចាក់ស្មុក។ ឥឡូវអ្នកទាំងពីរស្រែកថា «ជួយផង! ជួយផង!» ពេលនោះមានមនុស្សទំពែកបួននាក់ដើរមកដល់។ ដោយបានលឺសំរែក​អោយជួយ អ្នកទាំងបួនក៏ឈប់ស្រលាំងកាំង ចៅចាក់ស្មុក និង ម៉ដំរីស្រែកថា«ជួយសង្រ្គោះផង! ជួយសង្រ្គោះផង! យើងខ្ញុំសន្យាថានឹងបំរើលោកទាំអស់គ្នាអស់មួយជីវិត។
មនុស្សទំពែកទាំងបួននាក់មានអំណរអរជាខ្លាំង ដោយគិតថាគេនឹងបានខ្ញុំបំរើពីរនាក់យ៉ាងងាយ។ អ្នកទាំងបួនស្រែកថា «តោងសិន!» រួចគេក៏រត់ទៅយកសំនាញ់មួយ​បន្ទាប់មកគេយក​ជើងសំនាញ់​មកចងជាប់ នឹងករៀងៗខ្លួនហើយកាន់សន្ធឹងសំនាញ់ក្រោមដើមត្នោត រួចស្រែកថា «ទំលាក់ខ្លួនមក យើងចាំត្រងអ្នកហើយ! »។
លឺដូចនោះ ចៅចាក័ស្មុកលែងដៃពីធាងត្នោត វា និង ម៉ដំរី ក៏ទំលាក់ខ្លួនមកចំកណ្ដាលសំនាញ់ ទំងន់វា និង ម៉ដំរីធ្វើអោយមនុស្សទំពែកទាំងបួននាក់ ងោកទៅមុខរៀងៗខ្លួន ក្បាលទាំងបួនក៏ជលគ្នាយ៉ាងខ្លាំងធ្វើអោយបែកក្បាលស្លាប់ភ្លាមៗទៅ រីឯចៅចាក់ស្មុក និង ម៉ដំរីក៏ដើរចេញទៅ ដោយ០តគ្រោះថ្នាក់ហើសាកសងគ្នាយ៉ាងសប្បាយ។

http://km.wikipedia.org/wiki/

No comments

Powered by Blogger.