Header Ads


 

ភាជន៍​នៅ​ល្អាង​ស្ពាន​ ចាស់​​បំផុត​នៅ​កម្ពុជា (១៩៦៦-៦៨​)


ពី​ឆ្នាំ ១៩៦៦  ដល់​ឆ្នាំ ១៩៦៨ លោក និង​អ្នកស្រី ម៉ូ​រេ​រ៍ ដោយមាន​ការចូលរួម​ពីក្រុមនិស្សិត​មួយក្រុម​នៃ​មហាវិទ្យាល័យ​បុរាណវិទ្យា បានធ្វើ​កំណាយ​នៅ​ស្ថានីយ​ល្អាង​ស្ពាន ដែលជា​រូងភ្នំ​ស្ថិតក្នុង​ភូមិសាស្ដ្រ ភូមិ​គីឡូម៉ែត្រ​ទី ៣៨ ឃុំ​ទាក់​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។ ការធ្វើ​កំណាយ​ខាងលើនេះ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ដ្រ ព្រោះ​ត្រូវបាន​អនុវត្តតាម​វិធីសាស្ដ្រ​របស់លោក ឡឺ​រ៉ ហ្គូ​ហ្កា​ន ។ ស្ថានីយ​ខាងលើ​មាន​ស្រទាប់ដី​ចំនួន ៩ ដែលមាន​ជម្រៅ​ប្រមាណ ១,៤ ម​.​។
​     ​លទ្ធផល​នៃ​ការវិភាគ​សំណល់​ធ្យូង​នៃ​ស្រទាប់ដី​វប្បធម៌​ផ្នែក​ខាងលើ បានឱ្យដឹងថា ស្ថានីយ​បុរេប្រវត្តិសាស្ត្រ​ខាងលើនេះ​មាន​កាលបរិច្ឆេទ​ដូចតទៅ ៖ នៅ​ស្រទាប់ដី​ទី ១ កុលាលភាជន៍​មាន​អាយុ ៧៥០ ឆ្នាំ​នៃ​គ​.​ស​., ស្រទាប់ដី​ទី ៣ មាន​អាយុ ២០៥០ ឆ្នាំមុន​គ​.​ស​. និង​ស្រទាប់ដី​ទី ៤ មាន​អាយុ ៤២៩០ ឆ្នាំមុន​គ​.​ស​. ។​
អាវុធ​ថ្ម បែប Hoabinhian មកពី​ល្អាង​ស្ពាន (​ឯកសារ ម៉ូ​រ៉ែរ​) និង ភាជន៍ សារមន្ទីរ​ជាតិ​ភ្នំពេញ (​ឯកសារ ម៉ូ រែ​រ​)

​     ​ដោយឡែក​នៅក្នុង​ការធ្វើ​កំណាយ​បែប​វិទ្យាសាស្ត្រ​ចុងក្រោយបង្អស់​នៅ​ឆ្នាំ ១៩៦៩ នោះ ព្រោះ​បន្ទាប់មក​ប្រទេស​ខ្មែរ​មាន​សង្គ្រាម គេ​បាន​រកឃើញ​ឧស្សាហកម្ម​ថ្ម​ដែលមាន​លក្ខណៈ​ដូច​នៅ​ស្ថានីយ​ហ្វា​ប៊ិ​ញ នៅ​ប្រទេស​វៀតណាម​ខាងជើង និង​មាន​ឆ្អឹង​សត្វ ក្នុងនោះមានឆ្អឹង​រមាស​ជាដើម ។ ជាពិសេស​ទៅទៀត​នោះ គេ​ក៏បាន​ជួបប្រទះ​ភាជន៍​មួយ​ដែលមាន​អាយុប្រមាណ​ជា ៥០០០ ឆ្នាំមុន​គ​.​ស​. ។ ដូច្នេះ យើង​សង្កេតឃើញថា ជនជាតិខ្មែរ​ចេះ​ប្រើ​ចាន ឆ្នាំង ប្រមាណ​ជា ៧ ០០០ ឆ្នាំ​មកហើយ ។​
​ជាមួយគ្នានេះដែរ លោក កា​រ៍​បូ​ណែ​ល និង ឌេ​លី​ប្រ៊ី​យ៉ា​ស បានធ្វើការ​ស្រាវជ្រាវ​នៅ​រូងភ្នំ​ចំនួន​បី​ទៀត នៅ​ភ្នំ​ក្បាល​រមាស ក្នុង​ខេត្តកំពត​បច្ចុប្បន្ន ហើយ​បាន​ជួប​ភាជន៍​នា​សម័យ​ថ្ម​រំលីង​មួយ​ដែរ ដែលមាន​អាយុ​ត្រឹមតែ ៣៤២០ ឆ្នាំមុន​គ​.​ស​.​ប៉ុណ្ណោះ ។
​សរុបសេចក្តី​មក យើង​អាច​សន្និដ្ឋានបានថា នៅក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ដីគោក​យើង​នេះ បុព្វការី​ជន​ខ្មែរ​ដែល​ស្ថិតក្នុង​អម្បូរ​មន​-​ខ្មែរ បាន​ចេះ​ផលិត និង​ប្រើប្រាស់​ភាជន៍ប្រមាណ​ជា ៥ ០០០ ឆ្នាំ​មកហើយ ។​
​     ជាទី​បញ្ចប់ សូមបញ្ជាក់ថា រាល់​ការស្រាវជ្រាវ​អំពី​បុរេប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវធ្វើឡើង​ក្នុង​បរិបទ​រួម​នៃ​ឧបទ្វីប​ឥណ្ឌូចិន និង​ជ្រោយ​មល​យូ ដោយហេតុថា បុរេប្រវត្តិសាស្ត្រ​ខ្មែរ​មិនអាច​ផ្តាច់​ចេញពី​បុរេប្រវត្តិសាស្ត្រ​នៃ​ ប្រទេសជិតខាង​បានឡើយ ដោយ​មូលហេតុ​ភូមិសាស្ត្រ និង​ជាតិ​ពិ​ន្ធុ​វិទ្យា​។ ថ្មីៗ​នេះ ការស្រាវជ្រាវ​ខ្មែរ​-​បារាំង បាន​រកឃើញ​ប្រភេទ​កុលាលភាជន៍​ថ្មី​មួយចំនួន​ ពេលធ្វើ​កំណាយ​បែប​វិធីសាស្ត្រ​ជា​លើក​ទី​២ នៅ​ភ្នំ​ល្អាង​ស្ពាន​ខាងលើ៕

http://www.cen.com.kh

No comments

Powered by Blogger.