Header Ads


 

មេរៀន ៦ចំណុច សិក្សាពីបរាជ័យ ដើម្បីជោគជ័យ



បរាជ័យ ជាផ្នែកមួយនៃជីវិត ហើយឧបសគ្គ ជាផ្នែកមួយនៃអាជីវកម្ម ដែលសឹងតែ គ្មាននរណាម្នាក់ ទទួលបានជោគជ័យ ដោយមិនបានឆ្លងកាត់បរាជ័យសំខាន់ៗនោះទេ។
មនុស្សជាច្រើនតែងតែខ្មាសអៀន នៅពេលដែលនិយាយពីការបរាជ័យរបស់ពួកគេ ហើយពួកគេប្រហែលជាគិតថា​ ខ្លួនឯងធ្វើខុសខ្លាំងណាស់ ដែលសមនឹងឲ្យអ្នកដទៃប្រមាថមើលងាយ។
តែវាមិនត្រឹមត្រូវនោះទេ ព្រោះបរាជ័យតែងតែ ជាផ្នែកមួយនៃភាពជោគជ័យ ដែលលោកអ្នកគួរតែរៀនពីវា នឹងច្នៃវាឲ្យក្លាយជាមេរៀនដ៏ល្អបំផុត ដូច ៦ចំណុច ដែលពាណិជ្ជកម្មកម្ពុជា នឹងបកស្រាយដូចខាងក្រោម៖
១. ប្រយ័ត្ននឹងសម្តីខ្លួនឯង ព្រោះលោកអ្នកក៏ជាអ្នកស្តាប់៖ វាពិតជាសំខាន់ណាស់ប្រសិនបើ លោកអ្នកមិនបានប្រុងប្រយ័ត្នចំពោះសម្តីរបស់ខ្លួនឯង ដូចជាបន្ទោសខ្លួនឯងនៅពេលបរាជ័យ ឬគិតថាខ្លួនឯងគ្មានតម្លៃជាដើម តែជាក់ស្តែងលោកអ្នកមិនត្រូវយកបរាជ័យមកបាំងមុខនោះទេ ត្រូវចេះនិយាយលើកទឹកចិត្តខ្លួនឯង និងចេះផ្តល់ឱកាសសម្រាប់ខ្លួនឯងម្តងទៀត។
២. ធ្វើអ្វីមួយមិនបានល្អ ប្រសើរជាងមិនបានធ្វើអ្វីសោះ៖ នៅពេលដែលលោកអ្នករៀបចំគម្រោងដ៏ល្អមួយ តែមិនបានធ្វើអ្វីសោះ វាជាកំហុសដ៏ធំបំផុត ព្រោះទាល់តែលោកអ្នកអនុវត្តជាក់ស្តែង ទើបអាចជួបនិងដោះស្រាយបញ្ហាបាន មិនមែនអាចរៀបចំគម្រោងដ៏ល្អ អាចជៀសវាងបានគ្រប់បញ្ហានោះទេ។
៣. កុំឲ្យកំហុសក្នុងអតីតកាល កំណត់ទិសដៅជីវិតអ្នក៖ កុំខ្លាចនឹងនិយាយពី ការបរាជ័យក្នុងអតីតកាលរបស់លោកអ្នក ព្រោះវាមិនអាចកំណត់ទិសដៅជីវិតរបស់លោកអ្នកបានទេ បើទោះបីជាអតីតកាល មិនបានកើតឡើងដូចការរំពឹងទុក តែវាមិនប្រាកដថា អនាគតមិនអាចប្រសើរជាងនេះ នោះទេ។
៤. សត្រូវពិតប្រាកដនៃភាពជោគជ័យ មិនមែនបរាជ័យនោះទេ គឺខ្លាចមិនជោគជ័យ៖ បើលោកអ្នកភ័យខ្លាចបរាជ័យ វាធ្វើឲ្យលោកអ្នកខ្ជិលច្រអូស និងមិនធ្វើអ្វីសោះ តែបើលោកអ្នកខ្លាចមិនជោគជ័យវិញ វានឹងជម្រុញឲ្យលោកអ្នកធ្វើដោយមិនគេចវេសពីបញ្ហា មិនខ្លាចបរាជ័យទៀតទេ ព្រោះបើនៅតែខ្លាចបរាជ័យ មិនបានធ្វើអ្វីសោះ នោះបរាជ័យប្រាកដជារបស់លោកអ្នក។
៥. ភាពរឹងប៉ឹង ម៉ឺងម៉ាត់ ផ្តល់ផលដ៏គាប់ប្រសើរ៖ កំលាំងពិតប្រាកដ មិនមែនសម្តែងចេញពីអ្វីដែលលោកអ្នកធ្វើបាននោះទេ គឺវាស្តែងចេញពីការយកឈ្នះលើអ្វីមួយ ដែលលោកអ្នកធ្លាប់តែគិតថាមិនអាចធ្វើបាន ហើយលោកអ្នកត្រូវតែហ៊ានដួល ហ៊ានងើបមកវិញ និងបន្តដើរទៅមុខទៀត។
៦. អ្នកមិនអាចធ្វើវាតែម្នាក់ឯងបានទេ​ ហើយក៏មិនចំាបាច់ធ្វើតែម្នាក់ឯងនោះដែរ៖ បើការបរាជ័យ កើតឡើងពីកំហុសដដែលៗ លោកអ្នកត្រូវតែរកអ្នកជួយកែប្រែទម្លាប់ដ៏អាក្រក់នេះ ដោយអាចរកមិត្តភក្តិ គ្រូបង្វឹក ឬអ្នកប្រឹក្សា ដើម្បីជួយគាំទ្រ និងបង្រៀនលោកអ្នកឲ្យឆ្លងកាត់ទម្លាប់អាក្រក់ ដើម្បីបន្តទៅមុខទៀត ទៅរកភាពជោគជ័យ។
បរាជ័យ គឺជាមាគ៌ា ដែលអាចឲ្យលោកអ្នក រីកលូតលាស់ អភិវឌ្ឍន៍ទៅមុខ និងជាមេរៀនសម្រាប់ស្វែងរកភាពជោគជ័យផងដែរ៕
http://business-cambodia.com/%E1%9E%98%E1%9F%81%E1%9E%9A%E1%9F%80%E1%9E%93-%E1%9F%A6%E1%9E%85%E1%9F%86%E1%9E%8E%E1%9E%BB%E1%9E%85-%E1%9E%9F%E1%9E%B7%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%96%E1%9E%B8%E1%9E%94%E1%9E%9A%E1%9E%B6

No comments

Powered by Blogger.