តើខ្សែជីវិតមហាសេដ្ឋីវ័យចំណាស់ប្រាក់ចាយមិនអស់ Amancio Ortega Gaona មានប្រវត្តិដូចម្តេចខ្លះ?
លោក Amancio Ortega Gaona សញ្ជាតិអេស្ប៉ាញមានវ័យ ៧៩ ជាអ្នករចនាម៉ូដសំលៀកបំពាក់ដ៏ល្បីមួយរូបនៅលើពិភពលោក ដោយបច្ចុប្បន្នលោកបានក្លាយជាមហាសេដ្ឋីលំដាប់លេខ ៤ របស់ពិភពលោកជាមួយនឹងទំហំទឹកប្រាក់ ៧៧,២ ពាន់លានដុល្លារនេះបើយោងតាមទស្សនាវដ្ដី Forbes។ សព្វថ្ងៃលោកក៏ជាសហគ្រិនមួយរូបផងដែរ គឺតាមរយៈការបង្កើតក្រុមហ៊ុនលក់សំលៀកបំពាក់ខ្លួនឯងមួយដែលមានឈ្មោះថា ZARA។ តើមហាសេដ្ឋីវ័យចំណាស់ម្នាក់នេះមានប្រវត្តិនិងបទពិសោធន៍ដូចម្តេចខ្លះ?
លោក Gaona កើតនៅថ្ងៃទី ២៨ មិនា ឆ្នាំ ១៩៣៦ ក្នុងទីក្រុង Leon ប្រទេសអេស្ប៉ាញ ដោយលោកបានចំណាយពេលកាលពីនៅកុមារភាពរស់នៅក្នុងទីក្រុងមួយនេះ ប៉ុន្តែនៅពេលដែលលោកមានវ័យ ១៤ ឆ្នាំលោកបានបោះបង់ការសិក្សាចោលដោយសារការងារឪពុកលោកជាកម្មករធ្វើផ្លូវរថភ្លើង។ បន្ទាប់ពីដើរតាមឪពុកមួយរយៈពេលខ្លីលោកបានទទួលការងារមួយនៅក្នុងហាងផលិតសំលៀកបំពាក់ដោយប្រើដៃជំនួសឲ្យម៉ាស៊ីនមួយដែលមានឈ្មោះថា Gala។
ដំណាលពេលគ្នាដែលលោកកំពុងធ្វើការក្នុងហាង Gala លោក Gaona បានសិក្សារៀនសូត្រពីរបៀបនៃការធ្វើសំលៀកបំពាក់ដោយប្រើដៃ។ នៅក្នុងឆ្នាំ ១៩៧២ លោក Gaona បានប្រមែប្រមូលស្ត្រីក្នុងតំបន់ ហើយបង្កើតក្រុមហ៊ុនមួយឈ្មោះថា Confecciones Goa ដែលស្ត្រីទាំងនោះសុទ្ធតែជាកម្មករដេរសំលៀកបំពាក់អាវក្រោយពេលងូតទឹករួច។ បីឆ្នាំក្រោយមកទៀតពោលគឺឆ្នាំ ១៩៧៥ លោក Gaona បានបើកហាងលក់រាយសំលៀកបំពាក់ជាលើកដំបូងរបស់ខ្លួនដោយលោកចង់ដាក់ឈ្មោះហាងនោះថា Zorba ប៉ុន្តែដោយសារឈ្មោះនេះត្រូវបានគេប្រើរួចហើយទើបលោកប្តូរមកជាឈ្មោះ ZARA វិញ។
ក្រោយទទួលបានជោគជ័យបន្តិចអស់ច្រើនទសវត្សលោក Gaona បានបើកសាខាលក់របស់ក្រុមហ៊ុន ZARA ចំនួន ៨០ កន្លែងនៅពាសពេញទីក្រុង Galicia ប្រទេសអេស្ប៉ាញ។ ក្រោយមកទៀតក្រុមហ៊ុន ZARA ច្របាច់បញ្ចូលជាមួយក្រុមហ៊ុនផលិតសំលៀកបំពាក់មួយទៀតមានឈ្មោះថា Inditex Group ដោយលោក Gaona កាន់ភាគហ៊ុនដល់ទៅ ៥៩,២៩% ដោយក្រុមហ៊ុន Inditex Group ជាក្រុមហ៊ុនផលិតសំលៀកបំពាក់ម៉ាកល្បីជាច្រើនផ្សេងទៀតក្រៅតែពី ZARA ដោយក្រុមហ៊ុនទាំងពីរមានសាខាលក់ដល់ទៅ ៦ ០០០ កន្លែង ជាមួយនឹងបុគ្គលិកច្រើនជាង ៩២ ០០០ នាក់។
Gaona ថ្លែងថាលោកមិនដែលភ្លេចប្រវត្តិរបស់ខ្លួនឯងឡើយ ដោយលោកតែងតែរត់គេចពីការសម្ភាសន៍នានាពីសារព័ត៌មាន រហូតមកទល់នឹងឆ្នាំ ១៩៩៩ លោកបានផ្តល់បទសម្ភាសន៍ដំបូងជាមួយអ្នកសារព័ត៌មានដែលអនុញ្ញាតឲ្យពួកគេថតរូបចុះផ្សាយជាសាធារណៈ ដោយលោកថ្លែងថាលោកបានចំណាយពេល ២៥ ក្នុងការខិតខំប្រឹងប្រែងធ្វើការដោយគ្មានពេលសម្រាកសម្រាប់ខ្លួនឯងឡើយ។ ក្រោយពីជោគជ័យអស់ច្រើនទសវត្សលោក Gaona បានប្រកាសលាលែងចេញពីតំណែងជានាយកប្រតិបត្តិរបស់ Inditex Group ហើយលោក Pablo Isla ឡើងមកកាន់តំណែងជំនួសលោក។
http://www.thebnews.com/news/965.html
Post a Comment