Header Ads


 

អាថ៌កំបាំង​៥ ធ្វើ​​ឲ្យ​អាជីវកម្ម​​​​របស់​អ្នក​​ស្ថិតស្ថេរ​យូរអង្វែង​ និង​​មាន​តម្លៃ​ជា​អមតៈ


គ្មាន​សហគ្រិន ឬ អ្នក​ជំនួញ​ណា​ម្នាក់​ចង់​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​បង្កើត​ឡើង​ហើយ​ ហើយ​រលត់​ទៅវិញ​​ដោយ​មិន​បាន​​បន្សល់​ទុក​អ្វី​នោះ​ឡើយ។ ទន្ទឹម​​​គ្នា​នេះ​ដែរ​ ក៏​មាន​ដែរ​​សហគ្រិន​មួយ​ចំនួន​​ដែល​​ផ្ដោត​សំខាន់​​ទៅ​លើ​ប្រាក់​ចំណេញ​ ជាជាង​​ការ​ផ្តល់​តម្លៃ​ជា​សាធារណ​​ដល់​​​​​មនុស្សម្នា​នៅ​ក្នុង​សង្គម​។

នេះ​ជា​កំហុស​​ដ៏​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​វិស័យ​អាជីវកម្ម។ បើ​អ្នក​មិន​ចង់​ឲ្យ​មាន​រូបភាព​បែប​នេះ​កើតឡើង ហើយ​ចង់​ឲ្យ​អាជីវកម្ម​​​​របស់​អ្នក​​ស្ថិតស្ថេរ​យូរអង្វែង​ និង​​មាន​តម្លៃ​ជា​អមតៈ​មែន​នោះ លោក​អ្នក​អាច​ស្វែង​យល់​ពី​​ចំណុច ​៥​ ខាងក្រោម​នេះ​​៖ ​​​​​

១) បម្រើ​គោលដៅ​របស់​ខ្លួន​
តើ​អ្នក​ត្រូវ​រក​លុយ​ឲ្យ​បាន​​ចំនួន​ប៉ុន្មាន ឬ តើ​អាជីវកម្ម​របស់​អ្នក​​នឹង​​​ត្រូវ​ដំណើរការ​​​បាន​​​ដល់​កម្រិត​ណា? នេះ​ជា​​​ពេល​វេលា​មួយ​ដែល​​អ្នក​ត្រូវ​គិត​ឡើង​វិញ។ អាជីវកម្ម​ដែល​រីក​ចម្រើន​មិន​ចេះ​ចប់​ស្រប​តាម​គោលដៅ​របស់​ខ្លួន​​​ នឹង​ជួយ​បម្រើ​ផល​ប្រយោជន៍​សង្គម​មាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​ និង​ជា​ឱសថ​​​មិន​អាច​ខ្វះ​បាន​ព្យាបាល​រោគ​សង្គម​ក្នុង​រយៈ​ពេល​វែង។ អ្នក​ត្រូវ​យល់​ថា ទំនួល​ខុសត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​​ខ្លាំង​ណាស់​ក្នុង​អាជីវកម្ម​របស់​អ្នក ជាង​សេវាកម្ម​ដែល​អ្នក​បាន​ផ្តល់​ទៅ​ឲ្យ​​​សាធារណជន​ទៅ​ទៀត។​​​​​

២) រក្សា​គោលជំហរ​នៃ​ការ​ស្រាវជ្រាវ និង​ការ​​រុករក​គ្មាន​ទី​បញ្ចប់
ជា​គោលការណ៍​​ដ៏​សំខាន់​នៅ​ក្នុង​មួយ​ជំនួញ ឬ អាជីវកម្ម ​គោលជំហរ​​នៃ​ការ​ស្រាវជ្រាវ និង​ ការ​រុករក​​គ្មាន​ទី​បញ្ចប់​គឺ​ជា​​អ្វី​ដែល​​សហគ្រិន ឬ អ្នក​ជំនួញ​ទាំងឡាយ​ត្រូវ​រៀនសូត្រ​​ឥតព្រំដែន ដើម្បី​រក​​ឱ្យ​ឃើញ​ពី​អ្វី​ដែល​ថ្មី​​ ប្លែក នាំ​មក​ជូន​មនុស្ស​ជាតិ​ទាំងមូល។ នេះ​អាច​ស្តែង​ឡើង​តាម​រយៈ​​​ការ​ប្រើប្រាស់​បទពិសោធន៍ ការ​សិក្សា​រៀនសូត្រ និង​​ការ​ស្រាវជ្រាវ​​ពី​​មជ្ឈដ្ឋាន​នានា​ ដើម្បី​​បង្កើត​សមិទ្ធផល​​​ផុស​ចេញ​ឡើង។ ក្រុមហ៊ុន Google, Coca Cola, Apple សុទ្ធតែ​ក្រុមហ៊ុន​គំរូ​​ធំៗ​នៅ​សាកលលោក​ដែល​បាន​ជួយ​ឲ្យ​ពិភពលោក​ ផ្លាស់ប្ដូរ​គ្មាន​ទី​បញ្ចប់។​

៣) ចែករំលែក​ដោយ​មិន​រើស​មុខ
​​​វប្បធម៌​ចែក​រំលែក​​មិន​រើស​មុខ​ចេញ​ពី​ក្រុមហ៊ុន សហគ្រិន អ្នក​ជំនួញ​​ទៅ​កាន់​​​​មនុស្ស​នៅ​ក្នុង​សង្គម ដើម្បី​ទទួល​បាន​ចំណេះដឹង ​និង​​បទពិសោធន៍​អាជីវកម្ម ​​គឺ​ជា​ធនធាន​ដ៏​មាន​​តម្លៃ​​យ៉ាង​មហាសាល​ ជួយ​សាបព្រោះ​គ្រាប់​ពូជ​ធនធាន​មនុស្ស​ឲ្យ​កាន់តែ​រីកចម្រើន​ទៅ​មុខ។ ដូច្នេះ​ ការ​តម្កល់ទុក​វប្បធម៌​មួយ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​​​ជោគជ័យ​ប៉ុណ្ណោះទេ​ ពោល​គឺ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​​ទូទៅ​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម ​​អាច​រៀន​រស់​ និង​​​​ជោគជ័យ​ដូច​ខ្លួន​អ្នក​​ដែរ។​​​​​​​​​​​

៤) ស្វាគមន៍​ជានិច្ច និង ទទួល​យក​​ការ​​រិះគន់​គ្រប់ទិសទី
ការ​បើក​ចិត្ត​​​ឲ្យ​ទូលាយ​ទទួល​យក​​មតិ​រិះគន់​ពី​មជ្ឈដ្ឋាន​សាធារណជន​នានា ​ គឺ​ជា​ទូទៅ​​ត្រូវ​តែ​កើតមាន​ដល់​សហគ្រិន​​ទាំង​​ឡាយ។ ប៉ុន្តែ​ នេះ​គឺ​ជា​ប្រភព​មិន​អាច​ខ្វះ​បាន​ដើម្បី​ជួយ​វាយតម្លៃ​ថា តើ​ក្រុមហ៊ុន ឬ អាជីវកម្ម​របស់​អ្នក​​មាន​តម្លៃ​​អាច​ផ្តល់​សេវាកម្ម​​ជា​សាធារណ​បាន​ដល់​ កម្រិត​ណា? អ្នក​ត្រូវ​ចាំ​​ថា រាល់​មតិ​រិះគន់​ទាំង​នោះ ទោះបី​ជា​ក្នុង​ន័យ​បែប​ណា​ក៏ដោយ គឺ​សុទ្ធ​តែ​ឆ្លុះ​បញ្ចាំង​ពី​អាជីវកម្ម​របស់​អ្នក​​ និង ធ្វើ​ឲ្យ​អ្នក​ស្គាល់​​​ខ្លួនឯង​កាន់តែ​ច្បាស់។ ការ​រិះគន់​មតិ​កែលំអ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​​អ្នក​​កាន់តែ​​​រឹងមាំ​ បន្ថែម​ទៀត​ហ៊ាន​វាយលុក​ទីផ្សារ​កាន់តែ​​ធំ​ និង មាន​ប្រសិទ្ធភាព​​​​ជាង​មុន។​​​​​​​​​​

៥) បន្សល់​ទុក​ស្នាដៃ​របស់​ខ្លួន​​នៅ​លើ​ក្រដាស
ចំណេះដឹង​កើត​ឡើង​ពី​ការ​ខិតខំ​ស្រាវជ្រាវ​របស់​​អ្នក​​ពី​អាជីវកម្ម មុខ​ជំនួញ​ សេដ្ឋកិច្ច នយោបាយ ​។ល។ សុទ្ធសឹងតែ​​ជា​រ៉ែ​​​​មាន​តម្លៃ​អាច​ចែក​រំលែក​បន្សល់​ទុក​ដល់​មនុស្ស​ ជំនាន់​ក្រោយ​បាន។ ជា​ការ​ពិត​ដែល​ថា នៅ​ពេល​ដែល​អ្នក​ស្លាប់​ទៅវិញ របស់​​ទាំង​នេះ​នឹង​រលត់​ទៅ​វិញ​ជា​មួយ​នឹង​អ្នក​។ ដូច្នេះ ​​បើ​​អ្នក​ចង់​ឲ្យ​អ្នក​ដទៃ​​មាន​ចំណេះ​ដូច​អ្នក​មែន​នោះ ឬ ចង់​បន្សល់​ទុក​ស្នាដៃ​របស់​ខ្លួន អ្នក​ត្រូវ​ចាប់​ផ្តើម​សរសេរ​កត់ត្រា​​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្តល់​ ដំបូន្មាន​ដល់​ពួកគេ ចង់​ក្រង​ទុក​ជា​សៀវភៅ ត្បិត​អី​វា​ជា​វិធីសាស្ត្រ​ផ្ទេរ​ចំណេះដឹង​ដ៏​មាន​ប្រសិទ្ធភាព​​មិន​ សាបសូន្យ​ឡើយ។ តើ​ការ​គោរព​បាន​គោលការណ៍​​​ទាំង​នេះ ​មិន​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​​​ក្រុមហ៊ុន ឬ បុគ្គល​ដ៏​មាន​តម្លៃ​ម្នាក់​​សម្រាប់​​មនុស្ស​ជាតិ​ទាំងមូល​ទេ​ឬ?

http://www.kmsdailynews.com/cambodia-news/2317.html

No comments

Powered by Blogger.