ពិធីបង្ហោះខ្លែងឯកក្នុងសម័យបុរាណ
តាមប្រភពឯកសារប្រវត្តិសាស្ត្របានឲ្យដឹងថា ពីបុរាណកាលមកនៅខែមិគសិរ ជនជាតិខ្មែរទាំងចាស់ទាំងក្មេង តែងតែបង្ហោះខ្លែង។ ទំនៀមទំលាប់បង្ហោះខ្លែងនេះ ដែលសព្វថ្ងៃត្រូវបានរស់ឡើងវិញ ក្រោយពីឆ្នាំ ១៩៩៣ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលទៅលើមហាជននៃសង្គមខ្មែរនាជំនាន់នោះទាំងមូល។ តាមពិតទៅ ប្រពៃណីបង្ហោះខ្លែងនេះ គេជឿថា គឺជាពិធីកម្មមួយធ្វើឡើងសម្រាប់ថ្វាយព្រះពាយ ឬវាយោ។
ប្រភពឯកសារបានឲ្យដឹងថា ការបង្ហោះខ្លែងដ៏បរមបុរាណមួយនេះ មិនគ្រាន់តែជាល្បែងកំសាន្តតែប៉ុណ្ណោះទេ វាថែមទាំងជាព្រះរាជពិធីមួយដ៏បរមបុរាណដែរ ព្រោះថាទាំងព្រះមហាក្សត្រ ទាំងប្រជានុរាស្រ្ត រមែងតែប្រារព្ធក្នុងរយៈពេលមួយក្នុងខែមិគសិរក្នុងអតីតកាល។
បើតាមលោកអៃប៉ូនីយេ នៅយប់ពេញបូណ៌មី ព្រះភិក្ខុសង្ឃត្រូវបានព្រះមហាក្សត្រខ្មែរ គឺព្រះបាទអង្គឌួងនិមន្តឲ្យមកសូត្រមន្ត ដោយមានការប្រគេនចង្ហាន់នូវព្រះសង្ឃផងដែរ ហើយនៅពេលយប់ទើបព្រះមហាក្សត្រចាប់ផ្តើមបង្ហោះខ្លែងឯកជាមួយសព្វ នាម៉ឺនមន្ត្រីដែលបានចូលរួមពិធីនេះយ៉ាងមហោឡារឹក។
តាមធម្មតា ពិធីកម្មនេះ ដែលប្រព្រឹត្តមក មិនមែនគ្រាន់តែជាល្បែងកំសាន្តតែមួយមុខប៉ុណ្ណោះទេ។ ទង្វើនេះ ក្នុងផ្នត់គំនិតរបស់អ្នកចាត់ចែង រៀបចំពិធីបង្ហោះខ្លែង គឺដើម្បីពត់មនោសញ្ចេតនារបស់ព្រះវាយោ ដែលជាព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនា។ សេចក្តីខុសប្លែកគ្នា ដែលកើតឡើងនៅស.វទី ១៩ គឹការប្រារព្ធការបង្ហោះខ្លែង មានលក្ខណៈសំយោគរវាងលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដូចពោលខាងលើ បើយើងពិនិត្យដំណើរការ ឬបែបបទនៃព្រះរាជពិធីនេះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គោលបំណងនៃពិធីនេះ នៅតែរក្សាតម្លៃដដែលដែរ។
និយាយជារួម ព្រះមហាក្សត្រខ្មែរ ក៏ដូចជាពួកព្រាហ្មណ៍បុរោហិត ក្នុងព្រះបរមរាជវាំង ដែលបានរៀបចំចាត់ចែងព្រះរាជពិធីនេះឡើង ដឹងយ៉ាងច្បាស់នូវអត្ថន័យស៊ីជម្រៅ ឬសារសំខាន់ ទើបប្រារព្ធឡើង ពោលគឺដើម្បីឲ្យព្រះរាជនគរខ្មែរជៀសចេញឲ្យផុតពីភាពរីងស្ងួត ដោយអង្វរព្រះវាយោនាំយកនូវទឹកភ្លៀងឲ្យពេញបរិបូណ៍សម្រាប់វិស័យ កសិកម។
សូមរំលឹកផងដែរថា គេបានរកឃើញនូវផ្ទាំងសិលាចារឹកបុរេអង្គរមួយផ្ទាំង ដែលបានពិពណ៌នាអំពីអំណោយជាខ្លែងចំពោះបូជនីយដ្ឋាន ក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័នទី១ ពោលគឺនាចុងស.វទី ៦ នៃគ.ស ដង្វាយនេះ ឆ្លុះបញ្ចាំងឲ្យយើងដឹងថា ពិធីបង្ហោះខ្លែងត្រូវបានប្រារព្ធតាំងពីសម័យបុរេអង្គរម្ល៉េះ។ ម្យ៉ាងវិញទៀត ទិន្ន័យខាងបុរាណវិទ្យាដ៏កម្រនេះ ក៏ជាតឹកតាងជាប្រវត្តិសាស្ត្រមួយបង្ហាញឲ្យឃើញនូវលក្ខណៈបែប ព្រាហ្មណ៍និយមនៃប្រពៃណីខាងលើនេះផងដែរ៕
http://www.cen.com.kh
Post a Comment