ទស្សនៈវិស័យពាក់ព័ន្ធនឹងព្រះនាងលក្ស្មី
នៅក្នុងប្រាសាទខ្លះ ដូចជាប្រាសាទជីក្រែង នៅខេត្តកំពង់ធំ ក៏មានការរៀបចំដាក់តាំងចម្លាក់ តំណាងព្រះទេវៈបីអង្គ ដើម្បីទុកជាទីគោរពសក្ការៈ គឺព្រះវិស្ណុអមដោយព្រះនាងលក្ស្មីនៅខាងដៃស្តាំ ព្រះនាងភូទេវី នៅខាងឆ្វេង ។ ទាំងព្រះនាងលក្ស្មី ទាំងព្រះនាងភូទេវី នៅដៃមានកាន់ផ្កាឈូកមួយទងរៀងៗខ្លួន ។ គួររំលឹកថា គេបានឆ្លាក់ព្រះវិស្ណុ ដោយមានដៃមួយដាក់លើស្មារបស់ព្រះនាងលក្ស្មី ហើយដៃមួយទៀតរបស់ទ្រង់កាន់ដៃព្រះនាងភូទេវី ។ នេះជាសារមួយយ៉ាងសំខាន់ បង្ហាញយ៉ាងច្បាស់លាស់នូវសេចក្តីស្នេហាដ៏ជ្រាលជ្រៅ ហើយយ៉ាងប្រាកដប្រជារបស់ព្រះអង្គជាមួយមហេសីទាំងពីរអង្គ ។
គប្បីយើងផ្តោតការយកចិត្តទុកដាក់លើចម្លាក់ផ្សេងៗទៀត ដូចករណីចម្លាក់មួយ ដែលគេឃើញមានព្រះអាទិទេពបីអង្គ ពីរជាភេទប្រុស គឺព្រះវិស្ណុនិងព្រះសិវៈ និងមួយទៀតភេទស្រី គឺព្រះនាងលក្ស្មី ។ សូមធ្វើសេចក្តីសម្គាល់ថា ដូចនៅចម្លាក់ផ្តែរខាងលើ ចម្លាក់នេះក៏ស្ថិតក្នុងបរិយាកាសមួយ ដែលប្រកបដោយភាពទន់ភ្លន់ ញញឹមស្រស់ ហើយប្រកបដោយមន្តស្នេហ៍ ។
ក្នុងពេលជាមួយគ្នា យើងក៏បានជួបប្រទះនូវចម្លាក់តូចធំធ្វើអំពីសំរឹទ្ធិ តំណាងព្រះនាងលក្ស្មី ។ ដោយសាររូបចម្លាក់ទាំងនេះ យើងដឹងថា ជារួមប្រជាជនខ្មែរនាសម័យអង្គរ វត្តមាននៃព្រះបដិមាបុរាណទាំងឡាយ ស្ថិតក្នុងបរិបទវប្បធម៌ចម្រុះ ហើយមានការយោគយល់គ្នា ខាងមនោគមវិជ្ជាសាសនា ដោយផ្តោតអាទិភាពលើស្ត្រីភេទ តំណាងដោយព្រះនាងលក្ស្មី ។ មានន័យថា គ្មានបដិវាទកម្មរវាងភេទប្រុសនិងស្រីទេក្នុងសម័យបុរាណ ៕
http://www.cen.com.kh
Post a Comment