គន្លឹះងាយៗ ៦ចំណុចនេះ ជួយឲ្យអ្នករកឃើញផ្លូវដើម្បីក្លាយជាសេដ្ឋីនៅថ្ងៃអនាគត!
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលជួយឲ្យអ្នកក្លាយជា សេដ្ឋីនៅពេលអនាគតខាងមុខ៖
១) ទិញវត្ថុអ្វីដែលចាំបាច់ជាជាងអ្វីដែលអ្នកចង់បាន
ជាទូទៅ មនុស្សភាគច្រើនមិនសូវបែងចែកឲ្យបានច្បាស់ លើអ្វីដែល«ចាំបាច់» និង អ្វីដែល«ចង់បាន» នោះទេ។ ជាការពិតណាស់នៅលើទីផ្សារមានវត្ថុជាច្រើន ដូច្នេះអ្នកត្រូវតែ ច្បាស់ក្នុងចិត្តថា អ្វីដែលចាំបាច់សម្រាប់ការរស់នៅ ព្រោះ មិនអាចមានលុយច្រើនទៅទិញវត្ថុទាំងអស់បានឡើយ។ ការទិញវត្ថុដែលចាំបាច់សម្រាប់ការរស់នៅ គឺផ្តល់ផលប្រយោជន៍យ៉ាងច្រើន ជាពិសេស អ្នកអាចប្រើវាដើម្បីបំពេញសេចក្តីខ្វះខាត និង មិនខ្ជះខ្ជាយលុយកាក់ច្រើន។ ប្រសិនបើអ្នក ចេះបែងចែកចំណុចនេះ ប្រាកដណាស់ថា វាជាជំហានដ៏ល្អមួយ ដើម្បីឈានទៅរកភាពជោគជ័យ ក្នុងជីវិត។
២) ចាយឲ្យបានតិច សន្សំឲ្យច្រើន
ការសន្សំគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះបើទោះបីជា មានចំណូលច្រើនប៉ុណ្ណាក៏ដោយ តែបើចាយច្រើនហួសហេតុពេក ធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាមិនខាន។ ដូច្នេះហើយ សូមកុំចាយវាយច្រើន ជាងចំណូលឲ្យសោះ តែត្រូវតែព្យាយាមសន្សំឲ្យបានច្រើន ទើបជាជម្រើសដ៏ឆ្លាតវៃបំផុត។
៣) ត្រូវមានការអត់ធ្មត់ឲ្យខ្ពស់
ត្រូវចាំថា ដើម្បីជោគជ័យលើអ្វីមួយ វាចាំបាច់ខ្លាំងណាស់ដែលត្រូវការភាពអត់ធ្មត់ ព្រោះថា បើអ្នកមិនចេះអត់ធ្មត់ទេ នោះអ្វីៗប្រាកដជា ត្រូវអាសាបង់មិនខាន ត្បិតអីក្នុងជីវិតប្រចាំថ្ងៃមានបញ្ហាជាច្រើន ដែលអ្នកត្រូវដោះស្រាយយ៉ាងឆ្លាតវៃ និង យកចិត្តទុកដាក់បំផុត។ ដូច្នេះ អ្នកត្រូវតែ អត់ធ្មត់ឲ្យខ្លាំង ហើយព្យាយាមធ្វើអ្វីដែលអ្នកគិតថា ត្រឹមត្រូវ និង មានប្រយោជន៍សម្រាប់អនាគត។
៤) ប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត
ពេលវេលា គឺសំខាន់ខ្លាំងណាស់ ហើយម្នាក់ៗសុទ្ធតែមាន ២៤ ម៉ោងដូចគ្នាដើម្បីធ្វើកិច្ចការផ្សេងៗក្នុងមួយថ្ងៃ។ ដោយសារតែ ពេលវេលាសំខាន់បែបនេះហើយ អ្នកត្រូវតែប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត ដើម្បីធ្វើអ្វីដែលចាំបាច់។ សូមកុំទុកពេលវេលាឲ្យ កន្លងផុតទៅដោយគ្មានន័យឲ្យសោះ ព្រោះថា ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាដើរទៅមុខជានិច្ច ដូច្នេះបើអ្នកមិនចេះប្រើវាឲ្យមានប្រយោជន៍នោះ ទេ ប្រាកដណាស់ថា វិប្បដិសារី និង កើតឡើងជាមិនខាន ហើយអ្នកពិតជាគ្មានថ្ងៃអាចក្លាយជា សេដ្ឋីនៅពេលអនាគតបានឡើយ។
...គន្លឹះចំនួន ៦ ធ្វើឲ្យការគិតរបស់អ្នកក្នុងឆ្នាំ ២០១៥ នេះ កាន់តែឆ្លាតជាងមុន...
៥) ព្យាយាមនៅឲ្យឆ្ងាយពីបំណុល
ថ្វីបើមនុស្សម្នាក់ៗ មិនអាចគេចផុតពីបំណុលបាន ប៉ុន្តែអ្នកត្រូវតែច្បាស់ថា បំណុលកំរិតណាដែលអ្នកអាចទ្រទ្រង់រួច និង បំណុលកម្រិតណាដែលធ្វើឲ្យអន្តរាយ។ ដូច្នេះហើយ មុននឹងសម្រេចចិត្ត ខ្ចីបុលពីនរណាម្នាក់ ឬ ពីធនាគារ អ្នកត្រូវតែប្រាកដថា លុយដែលបានខ្ចីមកទាំងនោះ ជួយអ្វីខ្លះដល់អ្នក ហើយអ្នកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងវិញឬទេ។ បើសិនអាចយល់ច្បាស់ពីចំណុចនេះ អ្នកប្រាកដជា អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដើរទៅរកភាពជោគជ័យមិនខាន។
៦) ធ្វើអ្វីដែលអ្នកពេញចិត្ត
មានការងារ និង មុខរបរជាច្រើន ដែលមនុស្សម្នាក់ៗអាចជ្រើសរើសបាន។ ត្រូវប្រាកដថា អ្នកជ្រើសរើសធ្វើអ្វីមួយដែលខ្លួនពេញចិត្ត ព្រោះ ប្រសិនបើអ្នកមិនចូលចិត្តទេ ប្រាកដណាស់ថា គ្មានថ្ងៃអាចធ្វើវាឲ្យចេញជាលទ្ធផលល្អនោះឡើយ ជាពិសេសនៅពេលដែលជួបបញ្ហាលំបាកៗ។ ប៉ុន្តែបើអ្នកធ្វើអ្វីដែលខ្លួនពេញចិត្តវិញ អ្នកនឹងទទួលបានសមិទ្ធផលធំធេង បើទោះបីជាជួបស្ថានភាពលំបាកប៉ុណ្ណាក៏ដោយ ហើយប្រការនេះ មិនយូរមិនឆាប់នឹងជួយឲ្យអ្នកក្លាយជាមនុស្សជោគជ័យ មិនខាន៕
http://www.thebnews.com/news/7498/

Post a Comment